កីឡាអន្តរជាតិ
អន្តរជាតិ
E-sport៖ ពាន MSC 2024 តម្លៃ ៣លានដុល្លារ នឹងធ្វើនៅអារ៉ាប៊ីសាអូឌីតលើកដំបូង
25, Jan 2024 , 9:10 am        
រូបភាព
ឆ្នាំ ២០២៤ នឹងក្លាយជាឆ្នាំដ៏កក្រើកថ្មីមួយសម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends ដោយពានរង្វាន់ធំៗចំនួនពីរ Mid Season Cup 2024 សម្រាប់បុរស និង MLBB Women’s Invitational 2024 សម្រាប់នារី នឹងត្រូវរៀបចំឡើងនៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងខែមិថុនា​ ឆ្នាំ ២០២៤។



ប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសមួយស្ថិតក្នុងតំបន់មជ្ឈឹមបូព៌ាកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងទៅលើវិស័យកីឡា ដោយបច្ចុប្បន្ន ប្រភេទកីឡាជាច្រើនដូចជា ប្រណាំងរថយន្ត Formula One, កីឡាវាយកូនគោលពិភពលោក, កីឡាវាយកូនបាល់, កីឡាចំបាប់បែបកម្សាន្ត (កីឡាកាស់) រួមជាមួយកីឡាបាល់ទាត់ដែលកើនភាពល្បី ក្រោយមានវត្តមានរបស់តារាល្បី Cristiano Ronaldo លេងនៅក្លិប ​Al Nassr។
 
ដោយឡែក ពានរង្វាន់កីឡាអេឡិចត្រូនិក Mid Season Cup 2024 ដែលកាលពីមុនមានឈ្មោះដើមថា MLBB Southeast Asian Cup បានផ្លាស់ប្តូរឈ្មោះថ្មី សម្រាប់ត្រៀមខ្លួនការប្រកួតក្នុងឆ្នាំ ២០២៤ ដោយមានតម្លៃប្រាក់រង្វាន់កើនឡើង ១០ដង ពីតម្លៃចាស់។ ធ្វើឡើងនៅទឹកដីអារ៉ាប៊ីសាអូឌីតលើកដំបូង ពានរង្វាន់ MSC 2024 កើនឡើងតម្លៃប្រាក់រង្វាន់ដល់ ៣លានដុល្លារ។
  


ការប្រកួត MSC 2023 ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ជាពានរង្វាន់លំដាប់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ មានតម្លៃត្រឹមតែ ៣០ម៉ឺនដុល្លារប៉ុណ្ណោះ ហើយដោយកាលនោះក្រុមដែលឈ្នះ ONIC Esports យកប្រាក់រង្វាន់ចំនួន ១៩ម៉ឺនដុល្លារត្រឡប់ទៅកាន់ទឹកដីឥណ្ឌូណេស៊ី។ យ៉ាងណាការផ្លាស់ប្តូរឈ្មោះពានរង្វាន់ ត្រូវបានគេដឹងថាដើម្បីបើកឱកាសដល់ក្រុមមកពីតំបន់ដទៃ ក្រៅពីតំបន់អាស៊ីអាគ្នេយ៍ អាចចូលរួមប្រកួតប្រជែង ដូចទៅនឹងពានរង្វាន់លំដាប់ថ្នាក់ពិភពលោក M-Serie។
 
ទន្ទឹមគ្នានេះ ពានរង្វាន់សម្រាប់ក្រុមនារី MWI 2024 ក៏ត្រូវធ្វើឡើងលើកដំបូងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងខែមិថុនា ដូចគ្នានេះ ដោយការប្រកួតនឹងត្រូវរួមបញ្ចូលក្រុមនារីមកពីតំបន់ថ្មីរួម។ MWI 2024 នឹងក្លាយជាការប្រកួតកីឡាករអេឡិចត្រូនិក MLBB ដ៏ធំសម្រាប់នារីលើកដំបូងដោយមានតម្លៃប្រាក់រង្វាន់សរុប ៥០ម៉ឺនដុល្លារ ខុសពីឆ្នាំ ២០២៣​ ដែលមានតម្លៃសរុបត្រឹមតែ ៣ម៉ឺនដុល្លារ។
 
កើនចំនួនក្រុមពីចំនួន ១០ ទៅដល់ ១២ក្រុមខុសពីការប្រកួតកាលឆ្នាំ ២០២៣ ក្រុមទាំងនោះនឹងត្រូវមកពីតំបន់ផ្សេងៗគ្នាដូចជា៖ ១ក្រុមមកពីតំបន់មជ្ឈឹមបូព៌ា (MENA), ១ក្រុមកពីតំបន់អឺរ៉ុប (EECA), ១ក្រុមមកពីអាម៉េរិក, ១ក្រុមមកពីតំបន់អាម៉េរិកឡាទីន និង ៣ក្រុមមកពីតំបន់ដងទន្លេមេគង្គ (កម្ពុជា, វៀតណាម, ថៃ, ឡាវ, មីយ៉ាន់ម៉ា), ១ក្រុមរវាងម៉ាឡេស៊ី និងសិង្ហបុរី, ហ្វីលីពីន ឥណ្ឌូណេស៊ី និងចិន ទទួលបានម្នាក់មួយកៅអី, និងក្រុមឈ្នះការប្រកួត Wild Card ១កៅអី៕





Tag:
 កីឡាអេឡិចត្រូនិក
  Mobile Legends
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com