កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុន ឡើងវគ្គ១៦ក្រុម Asian Cup ស្របពេលឥណ្ឌូណេស៊ី ចាំអ៊ុតលេខ៣ល្អ
25, Jan 2024 , 10:42 am        
រូបភាព
ជប៉ុន ទទួលបានកៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ AFC Asian Cup ក្រោយយកឈ្នះឥណ្ឌូណេស៊ី ៣-១ ក្នុងការប្រកួតចុងក្រោយពូល D។ ឥណ្ឌូណេស៊ី នៅសល់ឱកាសអ៊ុតក្រុមលេខ៣ល្អ ដោយត្រូវរង់ចាំជំនួបរវាងអូម៉ង់ និងគៀហ្ស៊ីស៊ីស្ថាន។



នាជំនួបចុងក្រោយពូល E នៅថ្ងៃទី២៤ ខែមករា Ayase Ueda រកបាន២គ្រាប់ម្នាក់ឯង និង Justin Quincy Hubner សម្រេចទី១គ្រាប់ ដើម្បីជួយជប៉ុន ឈ្នះឥណ្ឌូណេស៊ី ៣-១។ ១គ្រាប់របស់ឥណ្ឌូណេស៊ី ធ្វើបានដោយ Sandy Henny Walsh។
 
តាមរយៈលទ្ធផលនេះ ជប៉ុនបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ក្នុងពូល E ដោយរកបាន៦ពិន្ទុ ស្របពេលអ៊ីរ៉ាក់ ឈរកំពូលតារាងមាន៩ពិន្ទុពេញ ក្រោយបន្តឈ្នះ វៀតណាម ៣-២។ អ៊ីរ៉ាក់ និងជប៉ុន ចាប់ដៃគ្នាទៅវគ្គបន្ត ខណៈវៀតណាមអស់ការប្រកួត។ ឥណ្ឌូណេស៊ី ដែលមាន៣ពិន្ទុ ឈរលេខ៣ មានឱកាសប្រជែងលេខ៣ល្អ ចំណោម៤ក្រុម ប៉ុន្តែត្រូវរង់ចាំជំនួបចុងក្រោយពូល F រវាង អូម៉ង់ និងគៀហ្ស៊ីស៊ីស្ថាន។ 
 
អូម៉ង់​ ដែលទើបប្រកួត២លើកមាន១ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៣បណ្តោះអាសន្ន ស្របពេលគៀហ្ស៊ីស៊ីស្ថាន នៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ។ យ៉ាងណា ទាំងអូម៉ង់ និងគៀហ្ស៊ីស៊ីស្ថាន សុទ្ធតែមានឱកាសប្រជែងលេខ៣ល្អ ជាមួយឥណ្ឌូណេស៊ី។
 
ឡើងវគ្គ១៦ក្រុម សាម៉ូរ៉ៃជប៉ុន មានភាគរយខ្ពស់ ត្រូវប៉ះកូរ៉េខាងត្បូង ដ្បិតជំនួបចុងក្រោយពូល E ក្រុមដែលមានកីឡាករឆ្នើម Son Heung-min ជាប្រធានក្រុម ត្រូវបន្តជួបម៉ាឡេស៊ី រីឯ ហ្សកដានី ត្រូវតទល់បារ៉ែន។ ហ្សកដានី ឈរកំពូលតារាងបណ្តោះអាសន្នមាន៤ពិន្ទុ ស្មើកូរ៉េខាងត្បូងនៅលេខ២ ស្របពេលបារ៉ែន នៅលេខ៣ មាន៣ពិន្ទុ និងម៉ាឡេស៊ីនៅបាតតារាងគ្មានពិន្ទុរាប់។ ប្រសិនបើកូរ៉េខាងត្បូង អាចដណ្តើមចំណាត់ថ្នាក់កំពូលតារាងពូល E នោះ នឹងត្រូវជួបជប៉ុន ដែលជាម្ចាស់ជើងឯកច្រើនជាងគេ នៅវគ្គ១៦ក្រុម។
 
ត្រឹមបច្ចុប្បន្ននេះ គេបានរកឃើញ១៥ក្រុមហើយ បានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Asian Cup ឆ្នាំ២០២៣ ក្នុងនោះមាន ម្ចាស់ផ្ទះកាតា តាហ្ស៊ីគីស្ថាន អូស្ត្រាលី អ៊ូសបេគីស្ថាន ស៊ីរី អ៊ីរ៉ង់ អារ៉ាប់រួមអេមីរ៉ាត ប៉ាឡេស្ទីន អ៊ីរ៉ាក់ ហ្សកដានី កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត ថៃ បារ៉ែន និងជប៉ុន៕

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com