កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ជប៉ុន ថ្កោលទោសធ្ងន់ធ្ងរ លើអ្នករើសអើង អ្នកចាំទី Suzuki
25, Jan 2024 , 12:09 pm        
រូបភាព
ជប៉ុនឈ្នះកៅអីឡើងវគ្គ ១៦ក្រុម ក្នុងពានរង្វាន់ទ្វីបអាស៊ី ​Asian Cup 2023 ខណៈអាចនឹងបន្តត្រូវជួបកូរ៉េខាងត្បូង ក្រោយពួកគេបានបំបាក់ក្រុមឥណ្ឌូណេស៊ីក្នុងជំនួបពូល D លទ្ធផល ៣-១ នាថ្ងៃទី២៤ ខែមករា។ ក្រោយជ័យជម្នះសហព័ន្ធបាល់ទាត់ជប៉ុនបានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងខ្លាំងលើអ្នកដែលរើសអើងមកលើអ្នកចាំទី Zion Suzuki តាមប្រព័ន្ធអ៊ិនធឺណិត។



សហព័ន្ធបាល់ទាត់ជប៉ុន JFA បានចេញសេចក្តីប្រកាសថ្កោលទោសចំពោះជនដែលបង្កការរើសអើងពូជសាសន៍លើអ្នកចាំទី Zion Suzuki ចាប់តាំងពីរូបគេបានបង្ហាញខ្លួនលេងនៅក្នុងពានរង្វាន់ Asian Cup ឆ្នាំ២០២៣ មក។
 
ការប្រកួតទី២ ក្នុងពូល D ដែលជប៉ុន ចាញ់ក្រុមអ៊ីរ៉ាក់ ២-១ បានក្លាយជាហេតុផលនៃការរើសអើងលើកីឡាករកូនកាត់ដែលមានឪពុកជាជនជាតិអាម៉េរិក-ហ្គាណា និងម្តាយជាជនជាតិជប៉ុន។ Suzuki វ័យ ២១ឆ្នាំ បានអះអាងថារូបគេបានក្លាយជាគោលដៅការរើសអើងតាមរយៈប្រព័ន្ធអ៊ិនធឺណិត។
 


«យើងមានជំហរមិនអត់ឱន ហើយគោលបំណងរបស់យើងគឺលុបបំបាត់វាចោល។ យើងកំពុងមានគោលដៅក្នុងការឈ្នះ Asian Cup នៅកាតា ហើយកីឡាករ អ្នកចាត់ការ ក្រុមការងារ និង ​JFA កំពុងតែរួបរួមគ្នា។ តែការបង្ហោះរើសអើងជាតិសាសន៍ដ៏ឃោឃៅ និងការរំលោភបំពានផ្សេងទៀត គឺជាការលុកលុយសិទ្ធិបុគ្គល និងឯកជនភាព ដែលផ្ទុយនឹងតម្លៃរបស់សង្គមដែលគោរភាពចម្រុះជាតិសាសន៍ ហើយរឿងនេះជាអាកប្បកិរិយាគួរឱ្យអាម៉ាស់បំផុត។»។ នេះបើតាមសម្តីរបស់លោក Kozo Tashima ប្រធាន JFA។

បញ្ចប់ចំណាត់ថ្នាក់លេខ ២​ នៅក្នុងពូល D ជប៉ុននឹងត្រូវជួបក្រុមដែលមានចំណាត់ថ្នាក់កំពូលតារាងមកពីពូល E ដែលជាពូលរបស់ក្រុមកូរ៉េខាងត្បូង។ ជប៉ុនអាចប្រឈមប៉ះគ្នាជាមួយ កូរ៉េខាងត្បូង ប្រសិនក្រុមនេះបញ្ចប់ចំណាត់ថ្នាក់លេខ១។ កូរ៉េខាងត្បូង ស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល E បណ្តោះអាសន្ន មានពិន្ទុ ៤ ស្មើជាមួយហ្សកដានី ដែលនៅលេងមួយខុសគ្នាត្រង់គ្រាប់បាល់ចំណេញ។
 
ឥណ្ឌូណេស៊ី បញ្ចប់ចំណាត់ថ្នាក់លេខ ៣ ពូល D នឹងត្រូវរង់ចាំអ៊ុតមើលរហូតដល់ជុំចុងក្រោយនៃការប្រកួត ដើម្បីអាចធានាបានថាពួកគេនឹងអាចឡើងទៅវគ្គ ១៦ក្រុម ក្នុងនាមជាក្រុមលេខ ៣ ល្អចំណោម ៤ក្រុម៕

Tag:
 Asian Cup
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com