កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona ធ្លាក់ពី Copa del Rey ត្រឹមវគ្គ៨ក្រុម ក្រោមថ្វីជើង Athletic Club
25, Jan 2024 , 3:19 pm        
រូបភាព
Athletic Bilbao ទម្លាក់ក្រុម Barcelona ចេញពីពានរង្វាន់ Copa del Rey ក្នុងលទ្ធផល ៤-២ នៅជំនួបវគ្គ ៨ក្រុម ចុងក្រោយ នាថ្ងៃទី២៤ ខែមករា។ ត្រឹមរយៈពេលជិត ២សប្តាហ៍ប៉ុណ្ណោះ ក្រុមដែលមានលោក Xavi Hernandez ជាអ្នកចាត់ការទូទៅបានរបូតពានរង្វាន់ចំនួន ២ នៅត្រឹមពាក់កណ្តាលរដូវកាល ២០២៣-២៤ ខណៈការប្រកួតនៅក្នុងក្របខណ្ឌ La Liga ក៏មិនសូវល្អ។



ក្រុមម្ចាស់ផ្ទះ Athletic Club ស៊ុតបើកឆាកតាំងនាទីទី១ ដោយកីឡាករ Gorko Guruzeta មុនពេលក្រុមភ្ញៀវវាយបកវិញ ដោយ Robert Lewandowski នាទី២៦ និងកីឡាករ Lamine Yamal នៅនាទី៣២ នៅក្នុងវគ្គទីមួយ។ តែយ៉ាងណានៅវគ្គទី២ ក្រុមម្ចាស់ផ្ទះចាប់ផ្តើមរកបានគ្រាប់តាមស្មើ ២-២ មកវិញនៅនាទី៤៩ ដោយកីឡាករ Oihan Sancet មុនពេលកីឡាករ Inaki Williams ស៊ុតគ្រាប់ទី៣ នាទី១០៥+២ និង Nico Williams នៅនាទី១២០+១ ដើម្បីយកឈ្នះលទ្ធផល ៤-២ នៅត្រឹមម៉ោងបន្ថែម ១៥នាទី ២ដង។
 
​ត្រឹមរយៈពេល ១០ថ្ងៃប៉ុណ្ណោះ Barcelona បានរបូតពានរង្វាន់ចំនួន ២ រួចទៅហើយ ដោយកាលពីសប្តាហ៍មុននៅក្នុងពានរង្វាន់ Spanish Super Cup ក្រុមហស្សនាមអ្នកមានបុណ្យបានប្រកួតចាញ់ក្រោមថ្វីជើងរបស់ Real Madrid លទ្ធផល ៤-១ នៅវគ្គផ្តាច់ព្រ័ត្រ ហើយមកពេលនេះបានធ្លាក់ចេញនៅត្រឹមវគ្គ ៨ក្រុម ពានរង្វាន់ Copa del Rey។



ទោះចាញ់ការប្រកួតជាមួយលទ្ធផលដ៏ខកចិត្ត តែលោក ​Xavi នៅតែបង្ហាញមោទកភាពចំពោះកូនក្រុមដែលមានវ័យក្មេង ជាពិសេសយុវជនដូចជា Lamine Yamal,Pau Cubarsi, Hector Fort និង Marc Guiu បានចូលលេងនៅក្នុងការប្រកួតទល់នឹងក្រុម Athletic Bilbao។
 
«រាល់គ្រូបង្វឹកនៅតាមក្លិបធំៗតំបន់អឺរ៉ុបគឺត្រូវពឹងផ្អែកលើពានរង្វាន់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាមានតម្លៃនៅពេលដែលប្រជែងជាមួយក្រុមខ្លាំងៗរហូតដល់ចប់ការប្រកួត ជាពិសេសកីឡាករវ័យក្មេង។ […] ខ្ញុំពិតជាខកចិត្តចំពោះឱកាសនៅពេលដែលត្រូវបានគេតាមស្មើ ២-២ ប៉ុន្តែយើងគ្មានអ្វីត្រូវបន្ទោសក្មេងៗសម្រាប់រឿងបែបនេះនោះទេ។»។ Xavi បាននិយាយបែបនេះក្រោយពេលចប់ការប្រកួត។ 
 
ចាញ់ការប្រកួតមិនជួយបន្ធូរបន្ថយសម្ពាធលើតំណែងរបស់លោក Xavi Hernandez ស្របពេលការប្រកួតនៅក្នុងរដូវកាលមានភាពរអាក់រអួលខ្លាំង។
 
បច្ចុប្បន្នក្លិប Barca កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ នៅក្នុងក្របខណ្ឌ La Liga ដោយមានចំនួន ៤៤ពិន្ទុ ឈរក្រោមក្រុមកំពូលតារាង Girona ចំនួន ៨ពិន្ទុ និងក្រុមគូប្រជែង Real Madrid ដែលនៅលេខ ២​ ចំនួន ៧ពិន្ទុ។
 
ទោះរបូតពានរង្វាន់ Spanish Super Cup និង​ Copa del Rey ប៉ុន្តែលោក Xavi បានបញ្ជាក់ថារឿងសំខាន់ពានរង្វាន់ដែលនៅសល់ទើបជារឿងសំខាន់។ Barca នៅសល់ឱកាសប្រជែងពានរង្វាន់ La Liga និងពានក្លិបកំពូលប្រចាំអឺរ៉ុប UEFA Champions League។
 
ដោយឡែក Girona ដែលកំពុងឈរនៅកំពូលតារាង La Liga ក៏ជួបរឿងខកចិត្ត ដោយធ្លាក់នៅត្រឹមវគ្គ ៨ក្រុម ចុងក្រោយ ក្រោមថ្វីជើងរបស់ក្រុម Mallorca លទ្ធផល ៣-២៕

Tag:
 Copa del Rey
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com