កីឡាអន្តរជាតិ
អន្តរជាតិ
លោក Mancini បន្តរក្សាជំហររើសកីឡាករវ័យក្មេងសម្រាប់អារ៉ាប៊ីសាអូឌីត ទោះរងការរិះគន់
25, Jan 2024 , 8:19 pm        
រូបភាព
លោក Roberto Mancini គ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត រងការរិះគន់ខ្លាំងចំពោះការជ្រើសរើសកីឡាករមានវ័យក្មេងៗសម្រាប់ការប្រកួតពានរង្វាន់ ​Asian Cup។ យ៉ាងណា គ្រូបង្វឹកសញ្ជាតិអ៊ីតាលី នៅតែរក្សាជំហររើសកីឡាករក្មេងៗដដែល ដើម្បីឱ្យពួកគេអាចកើនសមត្ថភាព និងបទពិសោធន៍ក្នុងការកសាងក្រុមកាន់តែខ្លាំង។



អារ៉ាប៊ីសាអូឌីត ចាប់ផ្តើមការប្រកួត Asian Cup ក្នុងពូល F ដំបូងបានយកឈ្នះលើក្រុមអូម៉ង់ថ្ងៃបើកឆាក ២-១ បន្ទាប់មកបំបាក់ក្រុមកៀហ្ស៊ីស៊ីស្ថាន ដើម្បីឈ្នះកៅអីវគ្គ ១៦ក្រុម ខណៈបច្ចុប្បន្នស្ថិតនៅកំពូលតារាង នឹងត្រៀមជួបក្រុមថៃ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ២​ មាន ៤ពិន្ទុ។
 
យ៉ាងណាមកកាន់ការប្រកួតនៅក្នុងប្រទេសកាតា អារ៉ាប៊ីសាអូឌីត បានជ្រើសរើសក្រុមកីឡាករចំណូលថ្មីជាច្រើន ដែលមានវ័យក្មេងៗ ដើម្បីប្រកួតប្រជែងពានរង្វាន់ទ្វីបអាស៊ីឆ្នាំ២០២៣។

ភាគច្រើនក្រុមកីឡាករដែលធ្លាប់បានបំបាក់ក្រុមម្ចាស់ World Cup 2022 អាហ្សង់ទីន មិនមានមុខឡើយ រហូតធ្វើឱ្យមានការរិះគន់ខ្លាំងទៅលើលោក Mancini។
 
«គោលការណ៍របស់ខ្ញុំគឺកីឡាករដែលត្រៀមខ្លួននឹងលេង ខ្ញុំមានកីឡាករចំនួន ២៦នាក់ អ្នកខ្លះល្បី ខ្លះទៀតនៅក្មេង ប៉ុន្តែបើឈ្នះវាជាក្រុមមិនដោយសារកីឡាករតែម្នាក់ទេ។ យើងត្រូវមានក្រុមខ្លាំងដែលមានចិត្តគំនិតខ្លាំង យើងត្រូវការឱ្យពួកគេគិតថាពួកគេអាចឈ្នះការប្រកួតទាំងអស់ជាក្រុមជាមួយគ្នា ហើយខ្ញុំប្រើកីឡាករដែលខ្ញុំមានអារម្មណ៍ថាអាចមានសារៈសំខាន់នៅពេលនេះ និងសម្រាប់អនាគត ដោយកីឡាករវ័យចំណាស់ និងក្មេងចម្រុះគ្នា។»។ លោក Mancini បាននិយាយប្រាប់អ្នកកាសែតមុនការប្រកួតទល់ក្រុមថៃបែបនេះ។
 
ទោះមានការរិះគន់ និងការរអ៊ូរទាំពីសំណាក់មជ្ឈដ្ឋានខាងក្រៅក៏ដោយ តែអតីតគ្រូអ៊ីតាលី បាននិយាយថាកីឡាករទាំងអស់មានស្មារតីល្អនៅក្នុងជំរំហ្វឹកហាត់ ខណៈពួកគេប្តេជ្ញាក្នុងការឈ្នះពាន Asian Cup លើកទី៤ ក្នុងប្រវត្តិសាស្ត្រ និងលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៦។
 
មិនត្រឹមតែប៉ុណ្ណោះ អតីតគ្រូបង្វឹកដែលដឹកនាំអ៊ីតាលីឈ្នះពាន Euro 2020 ក៏បានបដិសេធនៅការលើកឡើងរបស់លោកកាលពីសប្តាហ៍មុន ដែលថាក្រុមអារ៉ាប៊ីសាអូឌីតមិនមែនជាក្រុមត្រូវបានគេចាប់អារម្មណ៍ដូចទៅនឹងក្រុមជប៉ុន, អ៊ីរ៉ង់, កូរ៉េខាងត្បូង និងអូស្ត្រាលីឡើយ៕

Tag:
 Roberto Mancini
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com