ជាតិ
ព័ត៍មានសុខភាព
សុខភាព
គន្លឹះ ៨ចំណុចដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២ និងបង្ការផលវិបាកនានា
26, Jan 2024 , 7:39 pm        
រូបភាព
ភ្នំពេញ​៖ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ កើតមាន​ច្រើនជាងគេ ក្នុងចំណោម​ជំងឺ​ទឹកនោមផ្អែម​ទាំងបី​ប្រភេទ​។ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន បានណែនាំពីគន្លឹះចំនួន ៨ចំណុច ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២និងបង្ការផលវិបាកនានា។


 
ការគ្រប់គ្រងជាតិស្ករ 

ការគ្រប់គ្រងជាតិស្ករជាចំណុចសំខាន់នៃការគ្រប់គ្រងនិងការពារផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ អ្នកជំងឺត្រូវអនុវត្តតាមចំណុចមួយចំនួនរួមមាន៖  ស្វែងយល់ពីប្រភេទចំណីអាហារដែលសម្បូរជាតិស្ករនិងបរិភោគក្នុងបរិមាណសមរម្យ ដោយចៀសវាងបរិភោគអាហារដែលសម្បូរជាតិស្ករពីរបីមុខជាន់គ្នា។ 
 
ត្រូវស្វែងយល់ពីសន្ទស្សន៍ជាតិស្ករក្នុងចំណីអាហារ (សន្ទស្សន៍ជាតិស្ករជាល្បឿននៃការស្រូបចូលក្នុងឈាមនៃជាតិស្ករក្រោយពេលយើងទទួលទានចំណីអាហារដែលមានជាតិស្ករ។ អ្នកជំងឺទឹកនោមផ្អែមគប្បីបន្ថយចំណីអាហារដែលមានសន្ទស្សន៍ជាតិខ្ពស់។ 
 
ជាមួយគ្នានេះ អ្នកជំងឺត្រូវហាត់ប្រាណជាប្រចាំរយៈពេល ៣០នាទី ២ទៅ៣ដងក្នុងមួយសប្តាហ៍ ។ ត្រូវស្វែងរកគ្រូពេទ្យនៅពេលដែលជាតិស្ករមិនអាចគ្រប់គ្រងបានតាមរយៈរបបអាហារនិងការហាត់ប្រាណ។  ជួសជាតិស្ករជាប្រចាំនិងកត់ត្រាទុក ហើយចៀសវាងជួសជាតិស្ករតែពេលព្រឹក រួចមិនបានជួសជាតិស្ករក្រោយអាហារ។ 
 
គ្រប់គ្រងសម្ពាធឈាម

ការព្យាបាលអ្នកជំងឺទឹកនោមផ្អែមមិនមែនមានត្រឹមតែការបញ្ចុះជាតិស្ករនោះទេគឺត្រូវគិតអំពីសម្ពាធឈាមថែមទៀត ដើម្បីកាត់បន្ថយផលវិបាកនានា។ អ្នកជំងឺត្រូវបន្ថយការពិសាប្រៃ មានដូចជាគ្រឿងផ្អាប់។ រក្សាសម្ពាធឈាមឱ្យនៅក្រោម ១៤០/៩០mmHg សម្រាប់អ្នកជំងឺទឹកនោមផ្អែមទូទៅ និងក្រោម ១៣០/៨០mmHg សម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលមានមុខងារតម្រងនោមធ្លាក់ចុះ។  អ្នកជំងឺ ត្រូវឆាប់ពិភាក្សាជាមួយគ្រូពេទ្យអំពីសម្ពាធឈាម ក្នុងករណីដែលសម្ពាធឈាមលោកអ្នកលើសពីកម្រិតដែលបានជម្រាបជូនខាងលើ។ 
 
គ្រប់គ្រងជាតិខ្លាញ់

អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ភាគច្រើនមានផលវិបាកលើសរសៃឈាមបេះដូង ខួរក្បាលនិងសរសៃឈាមនៅអវយវៈខាងក្រោមជាដើម។ ហេតុនេះហើយ ដើម្បីកាត់បន្ថយនូវហានិភ័យខាងលើ អ្នកជំងឺគួរគប្បីបន្ថយបរិភោគអាហារដែលមានខ្លាញ់ច្រើន ដូចជាអាហារប្រភេទបំពង អាហារចៀន ឬក៏គ្រឿងក្នុងសត្វ។ ត្រូវរក្សាកុំឱ្យលើសទម្ងន់ ជាពិសេសត្រូវពិនិត្យជាតិខ្លាញ់យ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ រួចប្រឹក្សាជាមួយគ្រូពេទ្យ តើជាតិខ្លាញ់របស់យើងលើសហើយឬនៅ?
 
ពិនិត្យនិងតាមដានតម្រងនោម

ការសិក្សាបានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២នៅអាស៊ី មានផលប៉ះពាល់លើតម្រងនោមខ្ពស់ ហេតុនេះហើយអ្នកជំងឺគួរពិនិត្យមើលមុខងារតម្រងនោមតាមរយៈការពិនិត្យឈាម Creatinine, Urée ឱ្យបានយ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ។  ត្រូវពិនិត្យមើលទឹកនោម Microalbumine យ៉ាងហោចណាស់ឱ្យបាន១ដងក្នុង១ឆ្នាំ។  ពិភាក្សាជាមួយនឹងគ្រូពេទ្យអំពីការតាមដានតម្រង់នោមនិងព្យាបាលឱ្យបានទាន់ពេលវេលា និងចៀសវាងការយល់ច្រលំថា ថ្នាំពេទ្យដែលព្យាបាលជំងឺទឹកនោមផ្អែមនាំឱ្យខូចតម្រងនោម។ ផ្ទុយទៅវិញ ការគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អនោះទេដែលធ្វើឱ្យខូចតម្រងនោម។ 
 
ពិនិត្យនិងតាមដានភ្នែក

ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចធ្វើឱ្យអ្នកជំងឺមានបញ្ហាបាតភ្នែក និងជំងឺភ្នែកមួយចំនួនទៀត ហេតុដូច្នេះហើយ អ្នកជំងឺគួរគប្បី ត្រួតពិនិត្យភ្នែកយ៉ាងតិចឱ្យបាន១ដងក្នុង១ឆ្នាំទោះបីមិនមានរោគសញ្ញាអ្វីក៏ដោយ។ អ្នកជំងឺត្រូវ ប្រឹក្សាជាមួយនឹងគ្រូពេទ្យភ្នែកក្នុងករណីមានរោគសញ្ញាដូចជាស្រវាំងភ្នែក ព្រិលភ្នែកជាដើម។​
 
ពិនិត្យនិងតាមដានជើង

អ្នកជំងឺទឹកនោមផ្អែមប្រឈមមុខខ្ពស់នឹងការមានដំបៅក្រជា ឬក៏កាត់ម្រាមជើង ឬក៏កាត់ជើងតែម្តង ខ្ពស់ជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម។ ហេតុដូច្នេះហើយ អ្នកជំងឺត្រូវដុសសម្អាតជើងឱ្យបានស្អាតជាប្រចាំ និងចៀសវាងយកទឹកក្តៅ ឬឆ្នាំអ៊ុតមកស្អំចៀសវាងដើរជើងទទេ។  ក្នុងករណីមានដំបៅ ដាច់ខាតត្រូវតែទៅប្រឹក្សាជាមួយគ្រូពេទ្យទោះបីដំបៅនោះតូចយ៉ាងណាក៏ដោយ។ 
 
បញ្ឈប់ការជក់បារី

បារីនិងជំងឺទឹកនោមផ្អែម បើបូកបញ្ចូលគ្នាគឺជាគ្រោះធំរបស់អ្នកជំងឺ ។ ដាច់ខាតត្រូវតែបោះបង់ការជក់បារីឱ្យបាន។ កត្តាដែលគួរចងចាំ​ អ្នកជក់បារីអាចប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែម៣០ទៅ៤០%លើសអ្នកអត់ជក់បារី។ លើសពីនេះ អ្នកជំងឺទឹកនោមផ្អែមដែលជក់បារីប្រឈមមុខខ្ពស់ជាងអ្នកដែលអត់ជក់បារីទៅលើជំងឺសរសៃឈាមបេះដូង ការកាត់ជើង និងការខូចបាតភ្នែក។
 
ប្រឹក្សាជាប្រចាំជាមួយគ្រូពេទ្យ

អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ គួរតាមដានជាប្រចាំជាមួយគ្រូពេទ្យ ដើម្បីចៀសវាងការលេបថ្នាំតាមគ្នា។ ចៀសវាងការទិញថ្នាំទឹកនោមផ្អែមដោយគ្មានវេជ្ជបញ្ជា និងប្រឹក្សាអំពីថ្នាំដែលអ្នកជំងឺទទួលទានជាមួយគ្រូពេទ្យ៕

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com