ជាតិ
សេដ្ឋកិច្ច
កម្ពុជា គ្រោងនាំចេញម្សៅចង្រិត ទៅទីផ្សារអឺរ៉ុប លោក ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា ។ រូបភាព ccj និងកាត់ត
× ភ្នំពេញ ៖លោក ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា គ្រោងពង្រីកអ្នកចញ្ចឹមចង្រិត ដល់ ១ម៉ឺនគ្រួសារ ដើម្បីចម្រាញ់ជាម្សៅ ត្រៀមនាំចេញទៅសហគមន៍អឺរ៉ុប ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ លោក សុផា លើកឡើងបែបនេះ ក្រោយសាកល្បងនាំចេញម្សៅចង្រិតទៅជប៉ុន បាន១៥តោន។
ចង្រិត គឺជាប្រភេទសត្វល្អិតម៉្យាង ត្រូវបានចាត់ទុកជាម្ហូបអាហារថ្មីមួយប្រភេទ (Novel Food) ដ៏ពេញនិយម។ បច្ចុប្បន្នកម្ពុជាក៏បានសាកល្បងនាំចេញចម្រិតក្នុងទម្រង់ជាម្សៅ ទៅក្រៅប្រទេស។ ដំបូងឡើយគេត្រូវយកចម្រិតទៅលីង ហើយកិនទៅជាម្សៅ តាមកម្រិតស្តង់ដារនាំចេញទៅក្រៅប្រទេស ដើម្បីយកទៅធ្វើជាម្ហូបអាហារ និងនំចំណីផ្សេងៗ។
កាលពីឆ្នាំ ២០២២ កម្ពុជាបានសាកល្បងនាំចេញម្រៅចម្រិតចំនួន ១៥តោនទៅកាន់ទីផ្សារជប៉ុន។ លោក ចាន់ សុផា ដែលជាអគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជានៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា បរិមាណម្សៅចង្រិត១៥តោននេះ ត្រូវបានប្រមូលទិញពីកសិករ ៦០គ្រួសារ ដែលចញ្ចឹមចង្រិតដែក នៅខេត្តតាកែវ។
កន្លងមកក្រសួងឧស្សាហកម្មបានសហការជាមួយភាគីជប៉ុន ដើម្បីបើកកសិដ្ឋានចញ្ចឹមចង្រិតចំនួន ៦០គ្រួសារនៅខេត្តតាកែវ ដោយជប៉ុនបានផ្តល់នូវបច្ចេកវិទ្យាពាក់ព័ន្ធក្នុងការចិញ្ចឹម ការឲ្យចំណី និងរបៀបរបបនៃការថែរក្សាអនាម័យចង្រិតដល់កសិករកម្ពុជា។ ក្រោយមកភាគីជប៉ុន បានចុះមកធ្វើការវាយតម្លៃស្តង់ដារហើយឈានទៅដល់ការនាំចេញ។ នេះបើតាមលោក ចាន់ សុផា ។
ថ្លែងនៅក្នុងវេទិកាពិភាក្សាលើប្រធានបទ«អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីថ្ងៃទី២៦ ខែមករា លោក សុផា បានបញ្ជាកថា ម្រៅចង្រិតដែលនាំចេញមួយកំប៉ុងមានតម្លៃប្រហែល ២០ដុល្លារ។
ក្រៅពីទីផ្សារជប៉ុននេះ កម្ពុជា ក៏កំពុងសម្លឹងមើលទីផ្សារអឺរ៉ុបផ្សេងទៀត ដើម្បីនាំចេញម្សៅចង្រិត។ អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជារូបនេះអះអាងថា ៖«បច្ចុប្បន្នសហគមន៍អ្នកចញ្ចឹមចង្រិតគ្រោងនឹងពង្រីកសមាជិកដល់ ១ម៉ឺនគ្រួសារ ដើម្បីត្រៀមនាំចេញចង្រិតចូលទីផ្សារអឺរ៉ុបនៅ ៣ឆ្នាំខាងមុខ»។
ដើម្បីអាចនាំចង្រិតទៅទីផ្សារអឺរ៉ុបបាន លុះត្រាតែធ្វើតាមនិតិវិធីបែបបទ ដូចជាការកំណត់ស្តង់ដារអនាម័យ រួចឈានទៅដល់ការចុះបញ្ជីនៅក្នុងការនាំចេញ។ នេះបើតាមលោក សុផា៕
© រក្សាសិទ្ធិដោយ thmeythmey.com