ជាតិ
វីដេអូ
លោក ហួត បាន ​មុខរីក​ដូចគ្រាប់ជីរ ព្រោះចំណូលពីការដាំឪឡឹកលឿង​កើនទ្វេដង​​​
27, Jan 2024 , 7:39 pm        
រូបភាព
លោក ហួត បាន នៅក្នុងចម្ការឪឡឹកសាច់លឿងដែលលោកដាំនៅដីចម្ការក្រោយផ្ទះស្ថិតនៅភូមិគោកល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោក ហួត បាន នៅក្នុងចម្ការឪឡឹកសាច់លឿងដែលលោកដាំនៅដីចម្ការក្រោយផ្ទះស្ថិតនៅភូមិគោកល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
​អ៊ីសា រ៉ហានី, ថោង ប្រណី

សៀមរាប៖ គ្រួសារលោក ហួត បាន ចាប់ផ្តើមដាំឪឡឹកសាច់លឿង៤ឆ្នាំមកហើយ បន្ទាប់​ពីមានការណែនាំពីមន្រ្តី​កសិកររបស់អង្គការ iDE។ លោក ហួត បាន ប្រាប់សារព័ត៌មាន ជីឌីថលថ្មីៗថា ការដាំដោយប្រើបច្ចេកទេសត្រឹមត្រូវ ធ្វើឱ្យឪឡឹកហុចផលទ្វេដង ខណៈ ឪឡឹកប្រភេទនេះមានទីផ្សារល្អជាងឪឡឹកសាច់ក្រហម ហើយចំណូលក៏បាន​កើនឡើង​លើស​ពីពីរដងឯណោះ។

លោក ហួត បាន កំពុងមើលថែទាំឪឡឹកសាច់លឿង ដែលដាំលើដីចម្ការក្រោយផ្ទះ នា​ភូមិ​គោកល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់។ ផ្លែឪឡឹកតូចធំ ជាប់ទង​រាយប៉ាយ នៅលើផ្ទៃដី​ចម្ការ ដែលលើកជារង និងមានថង់កៅស៊ូគ្របពី​លើផង កំពុងផ្តល់ស្នាមញញឹមដល់គ្រួសារ​លោក ហួត បាន។ លោក បាន រំពឹងថា លោកអាចទទួលផលជាទីគាប់ចិត្តពី ឪឡឹកសាច់​លឿង​ដែលអាច​ប្រមូលផលលើក​ដំបូង​នា​រដូវនេះ នៅសប្ដាហ៍​ក្រោយនេះ។
 


តាមពិតគ្រួសារលោក បាន ចាប់ផ្តើមដាំដំណាំឪឡឹកធម្មតាសាច់ក្រហម​រយៈពេល១​០​ឆ្នាំ​មកហើយ តែសម្រាប់ឪឡឹកសាច់លឿង ទើបដាំបាន៤ឆ្នាំនេះតែប៉ុណ្ណោះ។ ដោយ​សារ​ទិន្នផលបានច្រើន និងទីផ្សារបានថ្លៃ និងការប្រមូលទិញពីសមាគម គ្រួសារមួយនេះ​ដូរ​មកដាំឪឡឹកសាច់លឿងទាំងអស់ ដោយចែកផ្ទៃដាំជា៣វគ្គ។ ហើយវគ្គទី១​នេះ​អាច​ប្រមូល​​បាន​ផលនា​ចុងខែមករានេះ។ 
 
លោកស្រី ចក់ រ៉េន ភរិយាលោក ហួត បាន បានឱ្យដឹងថា ក្នុងមួយវគ្គគ្រួសារលោកស្រីអាច​បេះឪឡឹក បានចន្លោះពី៤ទៅ៥តោន ប្រសិនបើឪឡឹកនោះកើតល្អ និងមានផ្លែធំៗ។ សព្វ​ថ្ងៃ លោកស្រីបេះលក់ ទៅឱ្យខាងសមាគមដែលប្រមូលទិញដើម្បីចែកចាយបន្តទៅលើ​ទីផ្សារ​​តាមរាជធានី និងខេត្តផ្សេងៗ។ ក្នុងនោះ សមាគមប្រមូលទិញតែទំហំត្រូវខ្នាតលើ​ទីផ្សារ គឺទម្ងន់ចាប់ពី១,៥គីឡូក្រាមឡើងទៅ ខុសពីនោះ ផ្លែតូចៗគឺលោកស្រីទុកលក់​ខ្លួនឯង។ 
 


លោកស្រី ចក់ រ៉េន បន្ថែមថា៖« ប្រសិនដាំទៅវគ្គណាទំហំធំច្រើន ក៏បានច្រើន បើសិនត្រូវ​បាន​​(ឪឡឹក)លេខមួយ​​ច្រើន ​​បានលុយច្រើន។ លេខមួយលក់បានទីផ្សារសព្វថ្ងៃ គេថារៀង​ធ្លាក់ថ្លៃបន្ដិច (តាមរដូវសម្បូរតិចឬច្រើន) លើកនេះ​បានមួយគីឡូ១,៨០០រៀល»។ បើ​ធៀប ​នឹង​ការដាំឪឡឹកសាច់ក្រហម ​ចំណូលពីការលក់ឪឡឹកសាច់លឿង គឺខុសគ្នាច្រើនដង។ ឪ​ឡឹកសាច់ក្រហមលក់គិតផ្លែ តាមតូចតាមធំ ដែលមួយផ្លែអាចលក់បានចន្លោះពី ១ពាន់ រៀល ទៅ៣ពាន់រៀល និងទីផ្សារចង្អៀត។ ចំណែកឪឡឹកសាច់លឿង គិតជាគីឡូក្រាម និងមានតម្លៃខ្ពស់​នៅលើទីផ្សារ។ 
 
ឪឡឹកសាច់លឿង ដែលគ្រួសារលោក ហួត បាន កំពុងដាំនេះ គឺស្ថិតក្នុងគម្រោង CSmart (Climate Smart Commercial Horticulture Cambodia) ឬគម្រោង​ការធ្វើពាណិជ្ជកម្ម សាកវប្បកម្ម​មានលក្ខណៈវៃឆ្លាត ក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុនៅកម្ពុជា ហៅ កាត់ថា “គម្រោងស៊ីស្មាត” នៃអង្គការ iDE។ លោក ទួត សេងហង អ្នកគ្រប់គ្រងផលិតកម្ម សាកវប្បកម្មធន់​នឹងបម្រែបម្រួល​អាកាសធាតុនៃអង្គការ អាយឌីអ៊ី (iDE) លើកឡើងថា អង្គការបានណែនាំកសិករដាំឪឡឹក​សាច់លឿង​ពីឆ្នាំ២០១៩មក ដោយសហការជាមួយ ក្រុមហ៊ុននាំពូជពីតៃវ៉ាន់។ លោកបន្តថា គម្រោងនេះចង់ឱ្យកសិករ ដាំដំណាំថ្មីៗ និងមានទីផ្សារល្អ។ បច្ចុប្បន្នកសិករជាង១០០គ្រួសារ ស្មើនឹងផ្ទៃដីប្រមាណ ៨០ហិកតា គ្របដណ្ដប់៣ខេត្ត មានសៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលកំពុងចូលរួម​ក្នុងគម្រោង​មួយនេះ។ 
 


សព្វថ្ងៃ ទីផ្សារឪឡឹកលឿងមានការពេញនិយមខ្លាំង​ ហើយចំនួនកសិករ និងផ្ទៃដីក៏មានការកើន​ឡើងជាបន្តបន្ទាប់ផងដែរ។ ការផ្គត់ផ្គង់តាមទីផ្សារ​ប្រហាក់ប្រហែល​នឹងត្រសក់ផ្អែមដែរ  គឺបរិមាណ២៥តោន​ក្នុងមួយខែ។ នេះជាការបញ្ជាក់របស់លោក ទួត សេងហង។
 
ជាមួយគ្នានេះ ដើម្បីធានានិរន្តរភាពនៃការដាំរបស់កសិករ ក៏ដូចជាការរក្សាតម្លៃ អង្គការ iDE បានគាំទ្របង្កើតសមាគមត្រសក់ផ្អែមមានជ័យនៅឆ្នាំ២០១១ ដែលសមាគមនេះធ្វើការដោយផ្ទាល់​ជាមួយកសិករដាំត្រសក់ផ្អែម និងឪឡឹកលឿង ដែលសុទ្ធសឹងជាដំណាំថ្មីនៅកម្ពុជា។ សមាគមជាអ្នក​ដើររកទីផ្សារ បង្រៀនបច្ចេកទេសដល់កសិករ ហើយទិន្នផលទាំងអម្បាលម៉ាន សមាគមជាអ្នកធានាទិញ ដោយកសិករមិនបារម្ភទីផ្សារក្រោយប្រមូលផលឡើយ។ យ៉ាងណា លោក សេងហង បញ្ជាក់ថា សមាគមបានរៀបចំវេនដាំដុះបានត្រឹមត្រូវ ដើម្បីធានាពីការផ្គត់ផ្គង់ទិន្នផលដល់អ្នកបញ្ជាទិញ ហើយកសិករដែលដាំលើសពីវេនដាំ សមាគមមិនទទួលទិញឡើយ៕



Tag:
 ឪឡឹកសាច់លឿង
  iDE
© រក្សាសិទ្ធិដោយ thmeythmey.com