ជាតិ
សិស្សពូកែពីររូប ចែករំលែកបទពិសោធន៍រៀន ដើម្បីទទួលបាននិទ្ទេសA ពីការប្រឡងបាក់ឌុប
28, Jan 2024 , 8:39 am        
រូបភាព
កញ្ញា ប៉ាង ធីរ៉ូម៉ូនីតា សិស្សនិទ្ទេសA ឆ្នាំ២០២២   (រូបខាងឆ្វេង)  លោក គាវ សំណាង សិស្សនិទ្ទេសA ឆ្នាំ២០០២៣  និងលោកគ្រូ (រូបខាងស្តាំ)
កញ្ញា ប៉ាង ធីរ៉ូម៉ូនីតា សិស្សនិទ្ទេសA ឆ្នាំ២០២២ (រូបខាងឆ្វេង) លោក គាវ សំណាង សិស្សនិទ្ទេសA ឆ្នាំ២០០២៣ និងលោកគ្រូ (រូបខាងស្តាំ)
ដោយ៖ តុប វណ្ណារ៉ា 
 
ភ្នំពេញ៖ ការរៀនដើម្បីក្លាយជាសិស្សពូកែ ពិតជាមិនងាយស្រួលឡើយសម្រាប់សិស្សានុសិស្ស ជាពិសេសសម្រាប់សិស្សថ្នាក់ទី១២ ដែលត្រៀមខ្លួនប្រឡងបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ។ ក្នុងសម័យប្រឡងដ៏តឹងរុឹងក្រោយពីកំណែទម្រង់អស់រយៈពេល១០ឆ្នាំ សិស្ស កាន់តែច្រើន  បានសង្វាតរៀនសូត្រ ដើម្បីទទួលបាននិទ្ទេសល្អ ក្នុងការប្រឡង។ តើសិស្សគួរធ្វើដូចម្ដេចខ្លះដើម្បីទទួលបាននិទ្ទេសល្អក្នុងការប្រឡង?

 
និស្សិត គាវ សំណាង គឺជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០២៣ ដែលមានលំដាប់ពិន្ទុ ៩៩.៩៩៦  និងជាសិស្សពូកែគណិតវិទ្យាចំណាត់ថ្នាក់លេខ២ទូទាំងប្រទេស។ សិស្សពូកែរូបនេះ បានចែករំលែកបទពិសោធន៍រៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ ដោយសិស្សគួររៀបចំផែនការរៀនឱ្យបានច្បាស់លាស់ចាប់តាំងពីដើមឆ្នាំទៅ។  
 
អតីតសិស្សពូកែរូបនេះ សំណាង បានរៀបរាប់ដូច្នេះ៖ «ដើមឆ្នាំសិស្សត្រូវមើលមេរៀនឱ្យយល់ខ្លះ និងមើលឱ្យបានស៊ីជម្រៅ។​​​ នៅពេលពាក់កណ្តាលឆ្នាំ  សល់២ឬ៣ខែមុនប្រឡងយើងរំលឹកមេរៀនឡើងវិញ។ ក្នុងនោះពេលរៀនជាមួយគ្រូគួរព្យាយាមចងចាំឱ្យបានល្អ រួចយកមករំលឹកអនុវត្តន៍និងស្រាវជ្រាវបន្ថែមដើម្បីយល់កាន់តែច្បាស់»។
 
ជាសិស្សអារូបករណ៍នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជំនាញវិស្វករសំណង់ យុវជន សំណាង បានបន្ថែមថា នៅពេលប្រឡងប្រចាំខែ សិស្សគួរតែព្យាយាមអស់ពីសមត្ថភាព ដើម្បីវាស់ស្ទង់ចំណេះរបស់ខ្លួន។ ម្យ៉ាងទៀត ការប្រឡងប្រចាំខែនេះ ប្រៀបដូចជាកញ្ចក់ឆ្លុះមើលពីចំណុចខ្វះខាតផងដែរ។ 
 
ជាមួយគ្នានេះ កញ្ញា ប៉ាង ធីរ៉ូម៉ូនីតា អតីតសិស្សនិទ្ទេសA ឆ្នាំ២០២២  ក៏បានចែករំលែកបទពិសោធន៍សិក្សាក្នុងការទទួលបាននិទ្ទេសល្អថា​
ការរៀបចំផែនការ និងដាក់គោលដៅឱ្យបានច្បាស់ពីដើមឆ្នាំជាកត្តាចម្បង ក្នុងការចាប់យកនិទ្ទេសA ។ បន្ថែមពីនេះសិស្សត្រូវបែងចែកពេលវេលារៀនឱ្យបានត្រឹមត្រូវ ដើម្បីរៀនបានគ្រប់មុខវិទ្យា  និងមានពេលវេលាសម្រាកគ្រប់គ្រាន់ផងដែរ។
 
«ការដាក់វិន័យតឹងតែង ទៅលើការប្រឡងប្រចាំខែ ឬប្រចាំឆមាស ធ្វើឱ្យសិស្សខំប្រឹងរៀនមានមានស្មារតីទំនួលខុសត្រូវខ្ពស់ និងមានជំនឿចិត្តលើខ្លួនឯង មិនថាការប្រឡងបាក់ឌុប ឬប្រឡងប្រជែងនានា» ។ នេះជាការលើកឡើងរបស់ កញ្ញា ប៉ាង ធីរ៉ូម៉ូនីតា។
 
សិស្សពូកែទាំងពីរខាងលើនេះ ចាត់ទុកនិទ្ទេសA ជារង្វាន់ដ៏អស្ចារ្យមួយសម្រាប់សិស្សានុសិស្ស និងអាណាព្យាបាល ដែលនាំមកកិត្តិយស និងឱកាសអាហារូបករណ៍ជាច្រើនជម្រើសដល់សិស្ស។  យុវជន យុវតីទាំងពីរ  ក៏បានលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលលទ្ធផលល្អ និងសម្រេចគោលដៅរបស់ខ្លួន៕ 
 

Tag:
 អប់រំ
  បាក់ឌុប
  និទ្ទេសA
© រក្សាសិទ្ធិដោយ thmeythmey.com