ជាតិ
ពិការភាពមិនមែនជាឧបសគ្គសម្រាប់លោក ម៉ី ពិសិដ្ឋ ឡើយ
28, Jan 2024 , 7:39 pm        
រូបភាព
លោក ម៉ី ពិសិដ្ឋ កំពុងនៅក្នុងចម្ការឪឡឹកនាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក ម៉ី ពិសិដ្ឋ កំពុងនៅក្នុងចម្ការឪឡឹកនាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
បន្ទាយមានជ័យ៖ លោក ម៉ី ពិសិដ្ឋ មានពិការដៃ និងជើងម្ខាង តាំងពីកំណើត។ ទោះស្ថិតក្នុងស្ថានភាព​​លំបាក​បែបណាក្ដី ក៏យុវជនរូបនេះមិនបានផ្តេកផ្តួល​​ អស់សង្ឃឹមក្នុងជីវិតនោះឡើយ។ ផ្ទុយទៅវិញ ​លោកប្រឹងប្រែង​​ងើបឈរដោយខ្លួនឯង និងអភិវឌ្ឍន៍សមត្ថភាពខ្លួនបានជោគជ័យ​ជាបន្តបន្ទាប់។

 
ដៃស្ដាំ និងជើងស្ដាំរបស់យុវជន ម៉ី ពិសិដ្ឋ ស្វិតមិនអាចប្រើប្រាស់បាន ដោយសារមានជំងឺ​ពីកំណើត។ ពិសិដ្ឋ ដំណាលថា ខ្លួនកើតមកមានសភាពដូច្នេះតាំងពីកំណើត ហើយទម្រាំចេះ​ដើរបាន​ គឺនៅអាយុ៩ឆ្នាំ។ ពិសិដ្ឋត្រូវពឹងលើជើងជ័រ ដើម្បីទ្រជើងម្ខាងដែលស្វិត ខ្លី នៅពេលដើរម្ដងៗ។
 
ទោះបីពិការដៃជើង តែយុវជន ពិសិដ្ឋ ដែលមានវ័យ៣០ឆ្នាំ មិនពិការមនសិការឡើយ។ គេបានប្រើប្រាស់ដៃជើងដែលមាន ខំ​ពុះពារ និងប្រឹងប្រែងរាល់ឧបសគ្គនៅចំពោះមុខ ដូចជាប្រឹងរៀនដើរ រៀនជិះម៉ូតូ បើកគោយន្ត និងអាចធ្វើការងារសឹងដូចមនុស្សធម្មតាដែរ។ បច្ចុប្បន្ន យុវជនរូបនេះមានគ្រួសារ និងកូន៣នាក់។ ពិសិដ្ឋ ក៏ជាកសិករគំរូមួយរូប ដែលជោគជ័យលើដំណាំឪឡឹកផងដែរ។
 


លើវាលស្រែឪឡឹកទំហំជាងមួយហិកតា នៅក្នុងស្រុកព្រះនេត្រព្រះ យុវជន ពិសិដ្ឋ ដែលមានវេហារ និងពោរពេញដោយស្នាមញញឹម ប្រាប់ថា គេមិនធ្លាប់អស់សង្ឃឹមនឹងខ្លួនឯងឡើយ។ ផ្ទុយទៅវិញ យុវជនពិការរូបនេះ តែងលួចមើលទង្វើរបស់អ្នកជិតខាងដែលគេអាចប្រើប្រាស់ និងប្រកបការងារផ្សេងៗ និងរំពឹងក្នុងចិត្តថា ថ្ងៃណាមួយខ្លួនគេក៏អាចធ្វើដូចគេបានដែរ។ ក្រោយមកការប្រឹងប្រែង​របស់ ពិសិដ្ឋ បានជោគជ័យ និងរហូតគេមានគ្រួសារ និងអាចធ្វើចម្ការច្រើនហិកតា ដូចមនុស្សធម្មតាដែរ។
 
ពិសិដ្ឋ រៀបរាប់ដូច្នេះថា៖«ការខិតខំប្រឹងប្រែងសម្រាប់ខ្ញុំ ទី១ ខ្ញុំតស៊ូរៀនដើររហូតអាយុ៨ឆ្នាំ ទើបខ្ញុំចេះដើរ មុននឹងខ្ញុំចេះដើរ ខ្ញុំត្រូវតែតស៊ូ ព្រោះខ្ញុំឃើញមិត្តភក្តិបងប្អូនគេដើរព្រាត គេ៨ឆ្នាំគេដើរបាន តែខ្ញុំដើរអត់រួច ខ្ញុំតូចចិត្តនិងគិតថា ថ្ងៃណាមួយនឹងខំដើរ​ដើម្បីរត់លេងនឹងគេបាន ទីបំផុត​ដល់អាយុ៩ឆ្នាំខ្ញុំចេះដើរមែន»។
 
ដោយសារជារដូវធ្វើឪឡឹក ដូច្នេះពិសិដ្ឋ បានធ្វើរោងដេកនៅចម្ការតែម្ដង ដើម្បីងាយស្រួលថែទាំ ដាក់ថ្នាំ និងស្រោចទឹកឪឡឹក ដោយមិនបាច់ធ្វើដំណើរទៅមក ព្រោះចម្ការឆ្ងាយពីផ្ទះគ្រាន់ដែរ។ ឆ្នាំនេះ ពិសិដ្ឋ ជួលក្មួយឱ្យមកជួយកិច្ចការងារខ្លះនៅចម្ការ ដ្បិតចម្ការដល់ទៅ៣កន្លែង ហើយនៅឆ្ងាយពីគ្នា។ កសិកររូបនេះ ដើរជួលដីពីកសិករផ្សេងទៀតដែលមានដីស្រែទំនេរ ក្រោយពីច្រូតកាត់។ 
 
ជើងម្ខាងដៃម្ខាង ពិតជាមិនស្រួលដូចមនុស្សទូទៅឡើយ តែការលំបាកនេះមិនបានធ្វើឱ្យ ពិសិដ្ឋ រួញរាឡើយ។ ពិសិដ្ឋ លើកឡើងដូច្នេះថា៖«សម្រាប់ខ្ញុំនឿយហត់ដែរ នៅតែតស៊ូ ព្រោះជាអាជីពហើយ បើយើងលះបង់ទៀត យើងមិនដឹងធ្វើអី បើយើងទៅសុំទានគេ​ខ្លះគេឱ្យខ្លះមិនឱ្យ ហើយក៏មិនឱ្យរាល់ថ្ងៃដែរ។ ខ្ញុំគិតថា គេធ្វើបានយើងក៏ធ្វើបាន គេមានដៃមានជើងគេធ្វើបាន ខ្ញុំដៃមួយជើងមួយនៅតែខំ ធ្វើឱ្យបានដូចគេ»។ 
 
សម្ដីច្បាស់ៗ និងពោរពេញដោយថាមពល ពិសិដ្ឋ បន្ថែមថា៖« ខ្ញុំយកគេធ្វើជាគំរូ បានខ្ញុំធ្វើខ្លួនឯងកើត ខ្ញុំអត់តូចចិត្ត នៅគិតថាគេឥឡូវគេជិះឡានបាន  ប្រហែលថ្ងៃណាមួយ​ខ្ញុំមានលុយទិញឡានហើយចេះបើកដូចគេដែរ ខ្ញុំមានចិត្តថា គេធ្វើបានខ្ញុំក៏ធ្វើបាន គ្រាន់តែមុននិងក្រោយ»។
 
ទោះបច្ចុប្បន្ន ពិសិដ្ឋ មិនទាន់មានលទ្ធភាពអ្វីច្រើនជួយគ្រួសារ តែគេមានគោលដៅ​ឱ្យកូនៗទាំង៣របស់ខ្លួន រៀនសូត្របានខ្ពង់ខ្ពស់ មានអាជីពដ៏ល្អមួយនៅក្នុងសង្គម។ ក្នុងនាមជាអាណាព្យាបាលមួយរូប ពិសិដ្ឋ យល់ថា មានការតែអប់រំប៉ុណ្ណោះដែលអាចជួយកូនៗ មានការងារល្អ និងមិនសូវនឿយហត់ប្រើកម្លាំងពលកម្មដូចខ្លួនគេកំពុងធ្វើសព្វថ្ងៃ។ 
 
ក្រៅពីនេះ ក្នុងនាមអ្នកមានពិការភាពមួយរូប ពិសិដ្ឋ បានផ្ញើសារលើកទឹកចិត្ត​ដល់អ្នកមានពិការភាពផ្សេងទៀត ដោយមិនត្រូវអន់ចិត្តឬតូចចិត្តនឹងខ្លួនឯងឡើយ។ ការតស៊ូ និងអត់ធ្មត់ ជួយឱ្យយើងមានក្ដីសង្ឃឹមឡើងវិញ។ ពិសិដ្ឋ បន្ថែមថា៖« យើងកុំនិយាយថា ធ្វើមិនកើត អត់មានអ្នករាប់រក យើងត្រូវលើកទឹកចិត្តខ្លួនឯង យ៉ាងតូចគិតថាយើងអាចធ្វើបាន»។
 
ពិសិដ្ឋ បន្ថែមថា៖« ខ្ញុំមានមោទកភាពដែរ ដែលគេដៃពីរជើងពីរគេធ្វើបាន១០០ភាគរយ ខ្ញុំជើងមួយដៃមួយធ្វើបានក្រោមគេ តែ៩៥ភាគរយ ហើយក៏លើអ្នកខ្លះដែលមានអវៈយវៈ​គ្រប់គ្រាន់ តែធ្វើក្រោមខ្ញុំទៅវិញ»៕

Tag:
 ឪឡឹកលឿង
  ឪឡឹក
  ម៉ី ពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com