ជាតិ
បុរសវ័យ៦៩ឆ្នាំម្នាក់ នៅស្រុកពួក ខេត្តសៀមរាប ផ្ទុកជំងឺផ្ដាសាយបក្សី H5N1
28, Jan 2024 , 4:11 pm        
រូបភាព
សៀមរាប៖ ក្រសួងសុខាភិបាល បានប្រកាសពីករណីរកឃើញបុរសវ័យ៦៩ឆ្នាំម្នាក់ វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ បច្ចុប្បន្នបុរសរូបនេះ កំពុងទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ។



ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ផ្ទះរបស់បុរសរូបនេះ មានករណី មាន់ងាប់ជាបន្តបន្ទាប់ ២សប្ដាហ៍មកហើយ នៅភូមិតាប្រុយ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។ 
បច្ចុប្បន្នក្រុមការងារឆ្លើយតបរបស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងក្រោមជាតិ កំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើករណីជំងឺផ្ដាសាយបក្សី H5N1 នេះ។ 
 
ក្រសួងសុខាភិបាលបានសរសេរក្រើនរំឭកដូច្នេះ៖ «ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា»។
 
ជំងឺផ្ដាសាយបក្សី H5N1 ជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងពីសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីមកមនុស្ស តាមរយៈការប៉ះពាល់ជិតស្និទជាមួយបក្សីដែលឈឺ ឬស្លាប់។ ជំងឺនេះកើតលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យទទួលការព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាក៏អាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្ដាសាយតាមរដូវកាលផងដែរ។ នេះបើតាមក្រសួងសុខាភិបាល។
 
ចំពោះវិធានការបង្ការ ពលរដ្ឋគ្រប់រូបត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនឹងទឹក មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី, ត្រូវដាក់កុមារឆ្ងាយពីសត្វបក្សី និងសត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ, កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងត្រូវចម្អិនសាច់សត្វបក្សីឱ្យបានឆ្អិនល្អ។ 
 
គួរជម្រាបផងដែរថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថ្មីៗនេះ ក៏មានកុមារាអាយុ៣ឆ្នាំម្នាក់ រស់នៅខេត្តព្រៃវែង រកឃើញវិជ្ជមានវីរុសផ្ដាសាយបក្សីប្រភេទ H5N1 នេះផងដែរ៕ 

Tag:
 ThmeyThmey
  ផ្ដាសាយបក្សី
  H5N1
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com