ជាតិ
សេដ្ឋកិច្ច
ស្ករត្នោតរបស់អ្នករស់នៅតំបន់អង្គរ!
× ៣០ឆ្នាំហើយ ដែលលោក ម៉ិ ឡូ ប្រកបរបរឡើងត្នោត និងផលិតស្ករត្នោត។ ដ្បិតរបរឡើងត្នោតនេះ ប្រឈមនឹងគ្រោះថ្នាក់បន្តិចក្តី តែវាបានជួយលោក ម៉ិ ឡូ ដោះស្រាយបញ្ហាជីវភាពបានមួយចំណែកធំ។
ជាអ្នកភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បុរសវ័យជាង៥០ឆ្នាំរូបនេះ បានជ្រើសរើសរបរឡើងត្នោត ដើម្បីរ៉ាប់រងចិញ្ចឹមគ្រួសារ និងកូនប្រុសស្រី៥នាក់ ។ តែបើសួរថា របរឡើងត្នោតនេះ ពិបាកដែរទេ ? ពិតណាស់លោក ម៉ិ ឡូ ប្រាកដជាផ្ដល់ចម្លើយដោយមិនអល់អែកថា របរនេះ ជារបរដែលហត់នឿយខ្លាំង តែដោយសារលោកពុំមានជម្រើសអ្វីផ្សេង ក៏សម្រេចចិត្តយកអាជីពនេះ ដើម្បីដោះស្រាយជីវភាពគ្រួសារ។
«របរឡើងត្នោតគឺនឿយច្រើនគ្នា មានគ្នាប្រាំនាក់ នឿយទាំងប្រាំនាក់។ ខ្លះលាងបំពង់ ខ្លះរកអុស ខ្លះធ្វើនេះធ្វើនោះ ទាល់តែជួយគ្នាទើបបាន។ បើយើងអត់ជួយគ្នា យ៉ាប់ហើយ! ឈ្លោះគ្នាឥឡូវហើយ អ្នកឡើងត្នោត!» នេះជាសម្ដីរបស់លោក ម៉ិ ឡូ ថ្លែងប្រាប់សារព័ត៌មានអេឡិចត្រូនិចថ្មីៗ ។
ជារៀងរាល់ឆ្នាំ លោក ម៉ិ ឡូ តែងតែជួលដើមត្នោតរបស់អ្នកភូមិ ពី២៥ ទៅ៣០ដើម ដើម្បីឡើងយកទឹកត្នោត ក្នុងមួយថ្ងៃ២ដង នៅពេលព្រឹកព្រលឹម និងរសៀល។ តម្លៃនៃការជួលដើមត្នោត ១ដើម ២០០០០រៀលក្នុងមួយឆ្នាំ។ «ជួលគេ មួយដើម២ម៉ឺនក្នុងមួយឆ្នាំ។ ឡើងត្នោតមិនកើត ក៏គេគិតលុយ។ អ្នកខ្លះ គេយកលុយ អ្នកខ្លះគេយកស្ករ។ បើគេយកស្ករ មួយដើម ៥គីឡូ»។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក ម៉ិ ឡូ។
ជាមធ្យម ទិន្នផលស្ករត្នោតដែលលោក ទទួលបានជារៀងរាល់ថ្ងៃ ចន្លោះពី១២ ទៅ១៣គីឡូក្រាម ។ សម្រាប់របរធ្វើស្ករត្នោតនេះ ត្រូវចាប់ផ្ដើមតាំងពីព្រលឹម រហូតដល់ម៉ោង៩យប់ ទើបចប់កិច្ចការសព្វគ្រប់ ។
គ្រួសារលោក ម៉ិ ឡូ ផលិតទាំងស្កររាវ (ស្ករខាប់) ស្ករផែន និងស្ករម្សៅ (ស្ករហុយ)។ តម្លៃលក់ស្ករទាំងបីប្រភេទនេះ ៥០០០រៀល(ប្រាំពាន់រៀល)ក្នុងមួយគីឡូ ឬអាចលើស ឬទាបជាងនេះ តាមតម្លៃទីផ្សារ។
តាមបទពិសោធន៍៣០ឆ្នាំមកនេះ លោក ម៉ិ ឡូ បានរៀបរាប់ថា ៖ «(របរឡើងត្នោត និងផលិតស្ករត្នោតនេះ) រស់ស្រួល! កូនបានរៀនសូត្រចប់ទាំងអស់»។
របរនេះ មានការហត់នឿយ និងប្រឈមគ្រោះថ្នាក់ខ្លាំង ជាពិសេសនៅដើមរដូវវស្សាមកដល់ ដូចជា ភ្លៀង ខ្យល់កន្ត្រាក់ ផ្គររន្ទះជាដើម។ ដ្បិតប្រឈមហានិភ័យខ្លះក្តី តែលោក ម៉ិ ឡូ នៅតែអះអាងថា លោកមិនបោះបង់របរនេះចោលឡើយ រហូតដល់កម្លាំងចុងក្រោយ។ «អាជីពនេះ អត់ចង់ចោល មិនដឹងទៅរកមុខរបរអីផ្សេងផង។ ប៉ុននេះហើយ មិនលះបង់ទេ ឲ្យតែនៅកម្លាំង»។ នេះបើតាមលោក ឡូ៕
© រក្សាសិទ្ធិដោយ thmeythmey.com