កីឡាជាតិ
ជាតិ
លោក ហុង ផេង មើលឃើញថាកីឡាករបឹងកេតខ្វះទំនុកចិត្តពេលជួបក្រុមខ្លាំងភ្នំពេញក្រោន
29, Jan 2024 , 11:19 am        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន និងបឹងកេត រូបពី Cambodian Premier League
ការប្រកួតរវាងភ្នំពេញក្រោន និងបឹងកេត រូបពី Cambodian Premier League
ភ្នំពេញក្រោន ឈ្នះ បឹងកេត លទ្ធផល ១-០ ក្នុងការប្រកួត Cambodian Premier League សប្ដាហ៍ទី១៩ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Smart RSN។ លោក ហុង ផេង គ្រូបង្វឹកស្ដីទីក្លិបបឹងកេត យល់ថាបរាជ័យក្រៅដីនេះ ដោយសារកីឡាករមួយចំនួន គ្មានទំនុកចិត្តពេលប៉ះក្រុមខ្លាំង ស្របពេលចិត្តចង់ឈ្នះ ដែលធ្វើឲ្យពួកគេបង្កើតជាកំហុស អំឡុងពេលប្រកួត។ ចំណែក លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ព្យាយាមប្រាប់កីឡាករ ឲ្យត្រជាក់ចិត្ត និងផ្ដោតសំខាន់លើការប្រកួត បើទោះជាកីឡាករបឹងកេត បង្កើតកំហុសច្រើន ក៏ដោយ។



ជ័យជម្នះរបស់ភ្នំពេញក្រោន កើនឡើងដោយសារ ឈឿន វិស៊ីនុ ខ្សែការពារបឹងកេត ព្យាយាមគ្រប់គ្រង់បាល់ ប៉ុន្ដែមិនបានល្អ ហើយត្រូវ Shimizu Shintaro ខ្សែប្រយុទ្ធភ្នំពេញក្រោន ដណ្ដើមបាន ហើយស៊ុតបញ្ចូលទី នៅនាទី២១។ គ្រាប់បាល់នេះ បានធ្វើឲ្យភ្នំពេញក្រោន ឈ្នះ បឹងកេត ក្នុងសប្ដាហ៍ទី១៩ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Smart RSN។
 
លោក ហុង ផេង គ្រូបឹងកេត បានបញ្ជាក់ថា កីឡាករ តែងតែត្រៀមលក្ខណៈគ្រប់ការប្រកួត ប៉ុន្ដែការលេងមិនបានល្អនេះ អាចបណ្ដាលមក ពីមិនចេះគ្រប់គ្រងសា្មរតី និងមិនមានទំនុកចិត្ត ពេលជួបជាមួយក្រុមខ្លាំង។ «ខ្សែការពារពួកគាត់ធ្វើបានល្អហើយ ប៉ុន្ដែខ្ញុំ អាចនិយាយថាកីឡាករមួយចំនួន ពួកគាត់នៅបារម្ភ ហើយធ្វើឲ្យការគ្រប់គ្រងស្មារតីរបស់គាត់មិនបានល្អ។

នេះ គឺជាការប្រកួតដ៏ធំមួយ បែរជាគាត់មានអារម្មណ៍ មិនមានទំនុកចិត្តខ្លួនឯង ប៉ុន្ដែមិនមែនកីឡាករក្នុងទីលានទាំងអស់ទេ គឺកីឡាករមួយចំនួន។»។ គ្រូបង្វឹកស្ដីទីរូបនេះ បាននិយាយដូច្នេះ។
 
ការប្រកួតរវាងក្រុមទាំង២ ប៉ះទង្គិចគ្នាជាខ្លាំង បើទោះជាមិនមានកីឡាកររូបណារបស់ ប៉ុន្ដែក៏ ជា វេសលី របស់បឹងកេត ក៏ទទួលបានកាតក្រហមមួយ បន្ទាប់ពីបានកាតលឿង ២។ ជាមួយការប៉ះទង្គិចគ្នានេះ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានប្រាប់ទៅកូនក្រុមថា ឲ្យត្រជាក់ចិត្ត និងព្យាយាមលេង ដោយផ្ដោតតែលើការលេងឲ្យបានល្អ។
 
«ខ្ញុំ ប្រាប់ទៅកីឡាករ ឲ្យចិត្តត្រជាក់បន្ដិច កុំឈ្លោះជាមួយអាជ្ញាកណ្ដាល ហើយត្រូវផ្ដោតសំខាន់លើការប្រកួត។ នេះ គឺជាផ្នែកនៃកីឡាបាល់ទាត់ ប្រសិនជាបង្កើតកំហុស។»។ លោក Oleg Starynskyi បាននិយាយដូច្នេះ។
 
ក្នុងសប្ដាហ៍ទី១៩ដដែលនេះ ព្រះខ័នរាជ ស្វាយរៀង ឈ្នះ កងយោធពលខេមរភូមិន្ទ លទ្ធផល ១-០ នៅកីឡដ្ឋានស្ដាតចាស់ ចំណែក អាយ អេស អាយ ដង្កោសែនជ័យ លត់អង្គរថាយហ្គឺរ យ៉ាងចាស់ដៃក្នុងលទ្ធផល ៧-១ នៅកីឡដ្ឋាន AIA KMH Park។ រីឯ គិរីវង់សុខសែនជ័យ ចាញ់ វិសាខា យ៉ាងតំណំ នៅកីឡដ្ឋានព្រីនស៍ លទ្ធផល ៦-១។ ណាហ្គាវើលដ៍ ស្មើជាមួយព្រៃវែង ក្នុងលទ្ធផល ២-២ នៅកីឡដ្ឋានខេត្តព្រៃវែង។
 
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី១៩ ព្រះខ័នរាជស្វាយរៀង ឈរនៅចំណាត់ថ្នាក់ទីលេង១ (បណ្ដោះអាសន្ន) ដោយមាន ៤៧ពិន្ទុ ហើយភ្នំពេញក្រោន ឈរចំណាត់ថ្នាក់លេង២ ដោយតាមពីក្រោយ ព្រះខ័នរាជស្វាយរៀង ត្រឹមតែ២ពិន្ទុ។ រីឯ វិសាខា មាន៣៥ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៣។ ដោយឡែក លេខ៤ អាយ អេស អាយ  ដង្កោសែនជ័យ មាន២៧ពិន្ទុ តាមពីក្រោយដោយបឹងកេត លេខ៥ មាន២៥ពិន្ទុ និងកងយោធពលខេមរភូមិន្ទ លេខ៦ មាន២៤ពិន្ទុ។ ចំណែក ណាហ្គាវើលដ៍ នៅចំណាត់ថ្នាក់លេខ៧ មាន២០ពិន្ទុ និងព្រៃវែង លេខ៨ មាន១៩ពិន្ទុ។ អង្គរថាយហ្គឺរ លេខ៩ មាន១៤ពិន្ទុ និងគិរីវង់សុខសែនជ័យ បន្ដឈរនៅចំណាត់ថ្នាក់លេខ១០ មាន១០ពិន្ទុ៕

Tag:
 បាល់ទាត់
  ហុងផេង
  Oleg Starynskyi
© រក្សាសិទ្ធិដោយ thmeythmey.com