ជាតិ
ឃាត់ខ្លួនប្រជាការពារ២នាក់ និងប៉ូលិសម្នាក់នៅស្ទឹងមានជ័យ ពីបទកំហែងយកប្រាក់
30, Jan 2024 , 8:46 am        
រូបភាព
សកម្មភាព​ដែល​ថត​ដោយកាម៉េរា​សុវត្ថិភាព​នៅ​ចំណុច​ស្ថានីយ៍​ចាក់សាំងមួយកន្លែង។ រូបថតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សកម្មភាព​ដែល​ថត​ដោយកាម៉េរា​សុវត្ថិភាព​នៅ​ចំណុច​ស្ថានីយ៍​ចាក់សាំងមួយកន្លែង។ រូបថតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
មន្ត្រី១រូបនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រួមទាំងប្រជាការពារ២នាក់ទៀត ត្រូវបានឃាត់ខ្លួនពីបទកំហែងយកប្រាក់។ នេះបើតាមការបំភ្លឺរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។



សេចក្តីបំភ្លឺ បានលើកឡើងពីករណីយុវជន៥នាក់ បានសម្ភាសជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៥ ខែមករា ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ចំពោះករណីនេះ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ  និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព។ ជាមួយគ្នានេះ តាមការសាកសួរពីយុវជនរងគ្រោះ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនមន្ត្រីប៉ូលិស និងប្រជាការពារទាំង៣រូប។

កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនពាក់ព័ន្ធនឹងជនសង្ស័យទាំង២នេះទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ហើយបន្តស្រាវជ្រាវដើម្បីស្វែងរកឃាត់ខ្លួនជនសង្ស័យផ្សេងទៀត។

តាមមាត្រា៣៦៣ នៃក្រមព្រហ្មទណ្ឌ អំពើកំហែងយក គឺជាអំពើដែលប្រព្រឹត្តដោយការប្រើហិង្សា ការគំរាមកំហែង ថា នឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំ ដើម្បីទទួលបាននូវហត្ថលេខា ឬស្នាមម្រាមដៃ, ការសន្យា ឬការបោះបង់ចោលអ្វីមួយ, ការបង្ហាញអាថ៌កំបាំងណាមួយ, ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ។

អំពើកំហែងយក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ ១០លានរៀល ។ អំពើនេះ អាចប្រឈមផ្តន្ទាទោសដាក់ពន្ធនាគារពី៥ទៅ១០ឆ្នាំ តាមស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះដែលជាបុគ្គលទន់ខ្សោយពិសេស, នារីមានគភ៌ ជាដើម។

ករណីមានការប្រើប្រាស់អាវុធ ឬដោយគំរាមកំហែងនឹងអាវុធ អ្នកប្រព្រឹត្តប្រឈមជាប់ពន្ធនាគារពី៧ទៅ១៥ឆ្នាំ ក្នុងករណីហិង្សាដែលនាំឱ្យមានការកាត់អវយវៈ និងពិការភាពជាអចិន្ត្រៃយ៍ ត្រូវប្រឈមពី១០ទៅ២០ឆ្នាំ។ អំពើកំហែងយក ក៏មានស្ថានទម្ងន់ទោសពី១៥ទៅ៣០ឆ្នាំផងដែរ ប្រសិនបើមានការធ្វើទារុណកម្ម ឬអំពើឃោឃៅ ឬហិង្សាដែលបណ្តាលឱ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់៕



© រក្សាសិទ្ធិដោយ thmeythmey.com