កីឡាអន្តរជាតិ
អន្តរជាតិ
កូតឌឺវ័រ ទម្លាក់ម្ចាស់ការពារជើងឯកសេណេហ្កាល់ពី AFCON ត្រឹមវគ្គ ១៦ក្រុម
30, Jan 2024 , 1:59 pm        
រូបភាព
ក្រុមម្ចាស់ផ្ទះរៀបចំការប្រកួតកូតឌឺវ័រ ទម្លាក់ក្រុមម្ចាស់ការពារជើងឯកសេណេហ្កាល់ ក្នុងពានរង្វាន់អាហ្រិក African Cup of Nations ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដោយទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ។ កីឡាករ Moussa Niakhate របស់សេណេហ្កាល់ ភ្លាត់ស្នៀតស៊ុតមិនចូល ធ្វើឱ្យក្រុមចាញ់កូតឌឺវ័រ ក្នុងលទ្ធផល ៥-៤ ក្រោយរយៈពេល ១២០នាទីស្មើ ១-១ នៅក្នុងកីឡដ្ឋាន Charles Konan Banny នាថ្ងៃទី២៩ ខែមករា។



ទោះជាសេណេហ្កាល់ អាចរកបានគ្រាប់បាល់ដំបូងបើកឆាកនៅនាទីទី៤ ដោយកីឡាករ ​Habib Diallo ដែលជាការបញ្ជូនពីសំណាក់ Sadio Mane ប៉ុន្តែក្រុមម្ចាស់ផ្ទះអាចទប់ទល់ការដាក់សម្ពាធយ៉ាងខ្លាំង រហូតអាចស្វែងរកគ្រាប់បាល់បានមកវិញនៅនាទី៨៦ ដោយការស៊ុតបាល់ពិន័យរបស់កីឡាករ Franck Kessie។​ 
 
ការប្រកួតឈានដល់បន្ថែមម៉ោង ១៥នាទី ២ដង ប៉ុន្តែក្រុមទាំងពីរនៅតែគ្មានគ្រាប់បាល់រហូតដល់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ហើយម្ចាស់ផ្ទះយកឈ្នះលទ្ធផល ៥-៤។
 
បន្ទាប់ពីឈ្នះការប្រកួត កូតឌឺវ័រ នឹងត្រូវទៅជួបក្រុមដែលឈ្នះការប្រកួតវគ្គ ១៦ក្រុម រវាងម៉ាលី ទល់ជាមួយនឹងក្រុមប៊ូគីណាហ្វាសូ នៅវគ្គ ៨ក្រុមចុងក្រោយ។ មុនពេលទទួលបានជ័យជម្នះឡើងវិញ កូតឌឺវ័រ ត្រូវបានក្រុមហ្គីណេអេក្វាទ័រ លត់ដោយលទ្ធផល ៤-០ នៅវគ្គចែកពូល ហើយក្រោយការប្រកួតលោក Jean-Louis Gasset ជាគ្រូបង្វឹកត្រូវបានបណ្តេញចេញ ជំនួសដោយជំនួយការលោក Emerse Fae។
 
ក្រោយបន្តឡើងវគ្គបន្ទាប់ ខ្សែប្រយុទ្ធ Sebastien Haller បាននិយាយដូច្នេះថា៖«វាពិតជាក្តីរំភើបយ៉ាងខ្លាំង ដោយកាលពីប៉ុន្មានថ្ងៃមុនយើងពិតជួបការលំបាកយ៉ាងខ្លាំង។ យើងត្រូវតែបើកផ្លូវនិងផ្តល់ឱកាសសម្រាប់ខ្លួនឯង ហើយពេលនេះយើងអាចបំភ្លេចរឿងដែលបានកើតឡើងនៅវគ្គចែកពូលបានហើយ។»។
 
គិតមកដល់ពេលនេះ រកឃើញក្រុមចំនួន ៦ ហើយដែលឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ដែលត្រូវប្រកួតប្រជែងបន្តដូចជា៖ ម្ចាស់ផ្ទះកូតឌឺវ័រ, កាប់វែរ, កុងហ្គោ, ហ្គីណេ, នីហ្សេរីយ៉ា, អង់ហ្គោឡា។ ៤ក្រុម ដែលត្រូវប្រជែងយក ២ កៅអីទៀត គឺជំនួបរវាងក្រុម ម៉ាលី ទល់ ប៊ូគីណាហ្វាសូ មុនពេល ម៉ារ៉ុក ត្រូវប៉ះអាហ្រ្វិកខាងត្បូង៕

Tag:
 African Cup of Nations
  សេណេហ្កាល់
© រក្សាសិទ្ធិដោយ thmeythmey.com