ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម នឹងចាត់វិធានការប្រតិបត្តិករទឹក ដែលមិនស្របតាមស្តង់ដារ
30, Jan 2024 , 3:49 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។ រូបភាព ៖ CCJ
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។ រូបភាព ៖ CCJ
ចំនួនប្រតិបត្តិករទឹកស្អាតបច្ចុប្បន្ន មានប្រមាណ៥០ភាគរយ​ បើធៀបប្រភពផ្គត់ផ្គង់ទឹកនៅកម្ពុជា។ យ៉ាងណាដើម្បីលើកកម្ពស់ស្តង់ដារគុណភាពទឹក ចំពោះអ្នកប្រើប្រាស់ ក្រសួងឧស្សាហកម្មកំពុងពិនិត្យ វាយតម្លៃ និងចាត់វិធានការចំពោះក្រុមអាជីវកម្មណា ដែលមិនគោរពតាមស្តង់ដារ SOP ។

 
ក្រសួងឧស្សាហកម្មកំពុងពិនិត្យលើអាជ្ញាបណ្ណប្រតិបត្តិករទឹក ជុំវិញសមត្ថភាពនៃការពង្រីកខ្លួន ឬច្របាច់បញ្ចូលគ្នាចំពោះអាជីវកម្ម ដែលមានទំហំតូច។ ថ្លែងនៅក្នុងវេទិកាពិភាក្សាលើប្រធានបទ«អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីពេលថ្មីៗនេះ លោក ហែម វណ្ណឌី បានបញ្ជាក់ថា ក្រសួងកំពុងរឹតបណ្តឹងលើគុណភាពទឹក ដោយបានចាត់វិធានការមួយចំនួន ដើម្បីពិនិត្យ និងវាយតម្លៃចំពោះការពង្រីកដែនសេវានៃការផ្គត់ផ្គង់ទឹក។ 
 
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរូបនេះសង្កត់ធ្ងន់ថា ៖« ក្រសួងកំពុងរៀបចំជាក្រុមការងារ ដើម្បីចុះទៅវាយតម្លៃស្ថានភាពអាជីវកម្ម​ គុណភាពទឹក ដែនសេវាចែកចាយ សម្ពាធ ចំនួនអតិថិជន -ល-។ ដើម្បីឲ្យដឹងថា សុខភាពរបស់គាត់យ៉ាងម៉េច»។ 
 
ជុំវិញការធ្វើឲ្យប្រសើរឡើងនូវបរិមាណ គុណភាព និងសុវត្ថិភាព ក្រសួងកំពុងពិចារណាឱ្យអាជីវកម្ម ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកតិចតួច អាចទិញទឹក ពីតំបន់ដែលផលិតទឹករបស់រដ្ឋធំៗ យកទៅច្នៃលក់រាយបាន។
 
ក្រៅពីការគម្រោងលក់ទឹកនេះ រដ្ឋមន្រ្តីឧស្សាហកម្ម ក៏នឹងរៀបចំទឹកស្អាតផ្គត់ផ្គង់ក្នុងឧស្សាហកម្មមួយចំនួន ដែលប្រើប្រាស់ទឹកច្រើន ដោយត្រូវយកតម្លៃថ្លៃជាងគ្រួសារ ដែលមានប្រើតិច។
 
ជារួមក្នុងន័យសេដ្ឋកិច្ច ដើម្បីឲ្យវិស័យទឹកស្អាតមាននិរន្តរភាព ថ្លៃសមរម្យ មានគុណភាព ក្រសួងនឹងជំរុញការងារបច្ចេកទេស ជាពិសេសតាមដានវាយតម្លៃដោយប្រើប្រព័ន្ធ SOP ដើម្បីគ្រប់គ្រងប្រព័ន្ធទឹកបានល្អប្រសើរជាងមុន។ 
 
កម្ពុជាដាក់គោលដៅប្រើប្រាស់ទឹកស្អាតនៅទូទាំងប្រទេសត្រឹមឆ្នាំ ២០៣០។ ដំណើរឆ្ពោះទៅរកការធានាប្រើប្រាស់ទឹកស្អាតនៅកម្ពុជា អាចមានបញ្ហាប្រឈមជាបន្តបន្ទាប់។ ការចែកចាយទឹកមិនគ្រប់គ្រាន់ ការព្រួយបារម្ភអំពីគុណភាព អនាម័យ និងសុវត្ថិភាព ជាកង្វល់របស់ប្រជាជន ជាពិសេសនៅតំបន់ទីប្រជុំជន។
 
បន្ថែមពីនេះ លោក ហែម វណ្ឌី ក៏បានទទួលស្គាល់ពីបញ្ហាមួយចំនួន នៅក្នុងការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា ទៅលើគុណភាព និងសេវាកម្ម ដែលត្រូវការជាចាំបាច់នូវហិរញ្ញប្បទាន និងការសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកបន្ថែមទៀត។ 
 
ជាងនេះទៅទៀត វិស័យផ្គត់ផ្គង់ទឹកស្អាតត្រូវការអន្តរាគមន៍ពីរដ្ឋជាចាំបាច់។ ការធ្វើប្រព្រឹត្តិកម្មទឹកស្អាតនេះទៀតសោត ត្រូវចំណាយថ្លៃលើការផលិតមួយចំនួនដូចជា ខ្សាច់ អគ្គិសនី ព្រមទាំងសារធាតុក្លរ ដើម្បីសម្លាប់មេរោគនៅក្នុងអាងប្រព្រឹត្តិកម្មទឹក ដែលធ្វើឲ្យថ្លៃលក់ទឹក កើនឡើងខ្ពស់។ 
  
ត្រង់ចំណុចនេះលោក វណ្ណឌី បញ្ជាក់ថា ៖« ការវិនិយោគរបស់ប្រតិបត្តិករឯកជនមួយចំនួនមិនអាចធ្វើបានទេ ដូចជាការធានាបាននូវប្រភពទឹកឆៅ បណ្តាញប្រឡាយមេនាំទឹកធំៗ ដែលវិស័យឯកជនអាចធ្វើតែកន្លែងប្រព្រឹត្តិកម្ម និងចែកចាយ។ ហើយនៅបរទេសពុំមានអនុញ្ញាតឲ្យវិស័យឯកជនបើកអាជីវកម្មទូលាយជុំវិញប្រតិបត្តិករទឹកស្អាតទេ មានតែក្រុមហ៊ុនរដ្ឋ១ ឬ២តែប៉ុណ្ណោះ» ។  
 
កម្ពុជាមានរដ្ឋាករទឹកចំនួន ១៣ទីតាំងដែលផ្គត់ផ្គង់ទឹកចំណុះ ៣០ ៧៩៥ ០២២ម៉ែត្រគូប ចែកចាយទៅដល់ ៦៧៦ ០៦៥គ្រួសារដែលមានប្រវែង៧,៨៣៩គីឡូម៉ែត្រ។ ចំណែកប្រតិបត្តិករឯកជនចំនួន ៤០៧កន្លែង ដែលផ្គត់ផ្គង់ទឹកចំណុះ ១២ ៧៥០ ៧៨៥ម៉ែត្រគូប ចែកចាយទៅដល់ ១ ៦៨៨ ៣៨៧គ្រួសារដែលមានប្រវែង ២២,១៨៨គីឡូម៉ែត្រ។ នេះបើតាមទិន្នន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣។

Tag:
 ទឹកស្អាត
  ហែម វណ្ណឌី
© រក្សាសិទ្ធិដោយ thmeythmey.com