ជាតិ
សេដ្ឋកិច្ច
សេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្តូរពីឧស្សាហកម្មអតិពលកម្ម មកឧស្សាហកម្មផ្អែកលើជំនាញ
30, Jan 2024 , 8:59 pm        
រូបភាព
លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
បច្ចុប្បន្ន​សេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ពីឧស្សាហកម្មអតិពលកម្ម មកជាឧស្សាហកម្មផ្អែកលើជំនាញ និងបន្តឈានទៅអភិវឌ្ឍឧស្សាហកម្មទំនើប។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងបែបនេះក្នុងកម្មវិធីសម្ពោធជាផ្លូវ ការនូវមូលនិធិ អភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ «អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា» នៅថ្ងៃទី៣០មករា។

 
លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា កាផ្លាស់ប្តូរនេះ គឺផ្អែកជាសំខាន់លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង។ បើតាមលោកអូន ព័ន្ធមុនីរ័ត្ន ស្ថិតក្នុងបរិការណ៍នេះ ការអភិវឌ្ឍជំនាញដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព, ភាពប្រកួតប្រជែង និងកម្រិតជីវភាព ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបំពេញតម្រូវការដ៏ធំធេង នៃកម្លាំងពលកម្មជំនាញ ទាំងកម្រិតទាប មធ្យម និងខ្ពស់ ឱ្យត្រូវនឹងតម្រូវការរបស់វិនិយោគិន ទាំងគុណភាព និងបរិមាណ។
 
ការណ៍នេះ ទាមទារឲ្យមានការចូលរួមយ៉ាងសកម្ម និងក្នុងស្មារតីបុរេសកម្ម ពីតួអង្គពាក់ព័ន្ធទាំងអស់ ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកដែលមានតម្រូវការ (ជាពិសេសវិស័យឯកជន) ដើម្បីរួមកម្លាំងជាធ្លុងមួយ ដែលមានលក្ខណៈប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងន័យសម្រេចឱ្យបានគោលដៅយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលដាក់ចេញកន្លងមក។ នេះជាការលើកឡើងរបស់លោកអូន ព័ន្ធមុនីរ័ត្ន ដោយបន្តថ្លែងថា ឈរលើស្មារតីបុរេសកម្ម និងការឆ្លើយតបនឹងការទទូចស្នើសុំពីដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្រសួងសេដ្ឋកិច្ច បានសិក្សា និងវាយតម្លៃពីស្ថានភាព តម្រូវការ និងការផ្គត់ផ្គង់នៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ជាមួយដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងក្រសួងស្ថាប័នពាក់ព័ន្ធ ដោយផ្អែកលើនិន្នាការ និងនិយាមអន្តរជាតិ និងក្នុងតំបន់ និងរួមបញ្ចូលបរិបទកម្ពុជា។
 
ជាលទ្ធផល ក្រសួងសេដ្ឋកិច្ច បានផ្តួចផ្តើម, បង្កើត និងអនុវត្តគម្រោងសាកល្បង យន្តការគ្រប់គ្រងមូលនិធិអភិវឌ្ឍជំនាញនេះ កាលពីខែមីនា ឆ្នាំ២០១៨។ នេះជាការបញ្ជាក់ របស់លោកឧបនាយករដ្ឋមន្រ្តី។
 
ជាមួយនឹងការសម្ពោធជាផ្លូវការនូវមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ «អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា»  លោកអូន ព័ន្ធមុនីរ័ត្ន បានទាមទារដល់ក្រសួងស្ថាប័ន, ដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យឯកជន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ ឱ្យចូលរួម និងសហការអស់ពីលទ្ធភាព ដើម្បីជាកម្លាំងចលកររួមដ៏ធំមួយ ក្នុងការសម្រេចឱ្យបាន ការអភិវឌ្ឍមូលធនមនុស្សកម្ពុជា ប្រកបដោយចំណេះ, ជំនាញ, ឥរិយាបថ, និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម «យុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១»។
 
លើសពីនេះ លោកអូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើឱ្យមូលនិធិអភិវឌ្ឍន៍ជំនាញ បន្តលើកកម្ពស់គុណភាពសេវា និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងបែងចែកធនធានរបស់មូលនិធិ សំដៅលើកកម្ពស់ទំនុកចិត្ត និងការចូលរួមរបស់ដៃគូពាក់ព័ន្ធក្នុងការអភិវឌ្ឍជំនាញដែលជាតម្រូវការពិតប្រាកដរបស់វិស័យឯកជន។ មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវចាប់ផ្តើមគិតគូរ និងសិក្សាពីម៉ូដែលហិរញ្ញប្បទាន សម្រាប់រយៈពេលមធ្យម និងវែង សំដៅធានាឲ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃហិរញ្ញប្បទាន សម្រាប់គាំទ្រការអភិវឌ្ឍជំនាញ ដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យត្រូវនឹងតម្រូវការរបស់វិស័យឯកជនផង និងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផង។​
 
មូលនិធិអភិវឌ្ឍន៍ជំនាញ បន្តរៀបចំកម្មវិធីថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការ វិស័យឯកជន ក៏ដូចជាគាំទ្រដល់គោលនយោបាយគន្លឹះៗ របស់រាជរដ្ឋាភិបាល, ត្រូវសិក្សាពីតម្រូវការជំនាញបច្ចុប្បន្ន និងអនាគតដែលចាំបាច់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងត្រូវធ្វើឌីជីថលូបនីយកម្ម បន្ថែមលើប្រតិបត្តិការរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាព ពង្រឹងគុណភាព និងធានាបានតម្លាភាព និងទំនុកចិត្តនៃការគ្រប់គ្រង និងបែងចែកមូលនិធិ។ នេះបើតាមលោកអូន ព័ន្ធមុនីរ័ត្ន៕ 

Tag:
 អូន ព័ន្ធមុនីរ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com