ជាតិ
កំណត់​សមាជិក​ក្រុម​ប្រឹក្សារាជធានី-ខេត្ត ៥៥៩នាក់ និង​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ៣៦៤១នាក់ សម្រាប់អណត្តិទី៤
31, Jan 2024 , 7:59 am        
រូបភាព
កិច្ចប្រជុំក្រុម​ប្រឹក្សាខេត្តព្រះវិហារដែលដឹកនាំដោយ​លោក ប្រាក់ សុវណ្ណ
កិច្ចប្រជុំក្រុម​ប្រឹក្សាខេត្តព្រះវិហារដែលដឹកនាំដោយ​លោក ប្រាក់ សុវណ្ណ
សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​ស្តីពីការ​កំណត់ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៤។ តាម​អនុក្រឹត្យ​ដែល​ចុះកាលពីថ្ងៃទី​១២ ខែមករា ​ក្រុម​ប្រឹក្សារាជធានី-ខេត្ត មាន​ចំនួន​សរុប​៥៥៩នាក់ និង​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន​៣៦៤១នាក់។

 
ចំនួន​ក្រុម​ប្រឹក្សារាជធានី-ខេត្ត មាន​ចន្លោះ១៥​ទៅ​២៧នាក់។ ដោយអនុលោម​តាម​មាត្រា​១៨ថ្មី នៃច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពីការគ្រប់​គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រាជធានីភ្នំពេញ មាន​សមាជិក​ក្រុម​ប្រឹក្សាចំនួន​២៧នាក់ ដូច ខេត្ត​កណ្តាល កំពង់​ចាម បាត់ដំបង ព្រៃវែង សៀមរាប និងតាកែវ។ 
 
ខេត្ត​ត្បូងឃ្មុំ បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់​ធំ និង​កំពត មាន​សមាជិកក្រុម​ប្រឹក្សា​​ចំនួន​២៥នាក់, កំពង់ឆ្នាំង និង​ស្វាយ​រៀង មាន​២៣នាក់, ពោធិ៍សាត់​ ក្រចេះ មាន​២១នាក់ រីឯបណ្តា​ខេត្ត​ដែលមានសមាជិកក្រុម​ប្រឹក្សា​ចំនួន​១៩នាក់ រួមមាន ខេត្តព្រះសីហនុ កោះកុង ព្រះវិហារ រតនគិរី និងឧត្តរមានជ័យ។ ខេត្ត​ស្ទឹងត្រែង មាន​ចំនួន​ក្រុម​ប្រឹក្សា ១៧នាក់ រីឯ ខេត្តមណ្ឌលគិរី ប៉ៃលិន និង​កែប មាន​សមាជិកក្រុម​ប្រឹក្សា​១៥នាក់ដូចៗគ្នា។
 
តាម​មាត្រា​១៨ថ្មី ដដែល  ខណ្ឌ​ទាំង​១៤ក្នុងរាជធានីភ្នំពេញ សមាជិកក្រុម​ប្រឹក្សា​ចន្លោះពី​១៧នាក់ទៅ​២១នាក់ ដែលដូចគ្នា​ផងដែរ​សម្រាប់​ក្រុង-ស្រុកនៅខេត្តកណ្តាល ​កំពង់ចាម បន្ទាយមានជ័យ។ បណ្តា​ក្រុង-ស្រុក​នៅ​ខេត្តបាត់ដំបង ព្រៃវែង តាកែវ ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ធំ កំពង់ឆ្នាំង ស្វាយរៀង ក្រចេះ មានសមាជិកក្រុម​ប្រឹក្សាពី​១៥ ទៅ​២១នាក់។
 
ខេត្ត​ដែលមាន​​សមាជិក​ក្រុម​ប្រឹក្សាក្រុង ស្រុក​ ចន្លោះពី​១៣នាក់ទៅ២១នាក់ មាន ខេត្ត​សៀមរាប កំពត ពោធិ៍សាត់។ ក្រុង-ស្រុកនៅព្រះវិហារមានសមាជិកក្រុម​ប្រឹក្សាពី​១១ទៅ១៧នាក់ និង​ពី​១១ទៅ​១៥នាក់សម្រាប់ក្រុង-ស្រុកនៅ​ខេត្តរតនគិរី និងស្ទឹងត្រែង។ 
 
នៅមណ្ឌលគិរី ក្រុង-ស្រុក មានសមាជិកក្រុម​ប្រឹក្សាពី​១១ ទៅ​១៣នាក់។ ក្រុងប៉ៃលិន និង​ស្រុក​សាលាក្រៅ នៃខេត្តប៉ៃលិន មាន​សមាជិក​ក្រុមប្រឹក្សា​១៥នាក់​រៀងៗខ្លួន រីឯ​ក្រុងកែប និង​ស្រុកដំណាក់ចង្អើរ នៃខេត្ត​កែប មានសមាជិក​ក្រុម​ប្រឹក្សា​១៣នាក់ ដូចគ្នា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com