ជាតិ
ទីផ្សារដីធ្លីផ្ទះសម្បែងគាំង? អ្នកលក់បានលុយ អ្នកទិញបានដី ឬផ្ទះ!
31, Jan 2024 , 12:09 pm        
រូបភាព
អស់រយៈពេលជាច្រើនខែមកហើយ ដែល​ សុធីរ និងសំណាង មិនបាននិយាយគ្នាច្រើន ជុំវិញ​រឿងសង្គម នយោបាយ និងសេដ្ឋកិច្ចឡើយ ព្រោះម្នាក់ៗគិតតែពីក្រពះរៀងៗខ្លួន។ តែនៅថ្ងៃនេះ ក្លើទាំងពីរក៏បានឆ្លៀតពេលខ្លះ និយាយពីទីផ្សារអចលនវត្ថុ នៅក្នុងប្រទេស​ ក​ម្ពុជា នៅក្នុងរយៈពេលចុងក្រោយនេះ។ 

 
សុធីរ៖ ពីមុនកូវីដ អញដើរទៅណា ក៏ឮតែគេអួតពីរឿងដីធ្លីឡើងថ្លៃ ខុនដូឡើងថ្លៃ ដីចម្ការ ផ្ទះលម្ហែឡើងថ្លៃ។ល។ ចុះឥឡូវម៉េចហើយ? 
 
សំណាង៖ ឥឡូវនេះ អញនៅតែឮគេនិយាយគ្នាដដែលហ្នឹង តែពួកគេមិនសូវនិយាយពីអចលនវត្ថុឡើងថ្លៃទៀតឡើយ។ ពួកគេច្រើនតែត្អូញត្អែ រឿងលក់មិនចេញ ឬគ្មានហាងឆេងទាល់តែសោះ។ មានតែអ្នកលក់ តែគ្មានអ្នកទិញ។ ស្លាកដាក់លក់ច្រើនណាស់ នៅក្នុងក្រុង ក្រៅក្រុង និងនៅតាមខេត្តនានា។ 
 
សុធីរ៖ អា សំណាង តើអ្ហែងដឹងពីមូលហេតុនៃការធ្លាក់ចុះតម្លៃឬទេ? 
សំណាង៖ មែនទែនទៅ អញមិនមែនជាអ្នកជំនាញស្អីទេ។ អញគ្រាន់តែអាចប្រាប់អ្ហែងតាមគំនិតអញប៉ុណ្ណោះ។ 
 
សុធីរ៖ អើ! តាមគំនិតអ្ហែង តើវាបណ្តាលមកពីហេតុអី? 
 
សំណាង៖ មូលហេតុចម្បង គឺបណ្តាលមកពីកូវីដ ដែលបានធ្វើឲ្យគាំងសេដ្ឋកិច្ចទាំងមូល។ ទីពីរ ពីព្រោះទីផ្សារអចលនវត្ថុកម្ពុជា ពឹងខ្លាំងទៅលើអ្នកវិនិយោគចិន ហើយនៅពេលអ្នកវិនិយោគចិន ត្រឡប់ទៅស្រុក​វិញដោយសារកូវីដ ដូច្នេះ ទីផ្សារអចលនវត្ថុនៅស្រុកខ្មែរ ​ក៏គាំងដូចគ្នាដែរ។ ទី៣ តម្លៃឡើងថ្លៃ កាលពីមុនកូវីដ ក៏ជាតម្លៃខ្សល់ដែរ មានន័យថាអ្នកទិញអចលនទ្រព្យកាលនោះ គ្រាន់តែទិញដើម្បីទុកលក់ចេញវិញ យកចំណេញតែប៉ុណ្ណោះ។ ទី៤ កាលនោះ ក្រុមខ្លះ គ្រាន់តែនាំគ្នាបំផុសបំប៉ោងតម្លៃតែប៉ុណ្ណោះ តាមពិត ទីផ្សារពិត ឬតម្លៃពិត គឺគ្មានទេ។ ចរន្តនេះ ត្រូវបានគេហៅថា ទីផ្សារពពុះសាប៊ូ។ 
 
សុធីរ៖ ចុះឥឡូវនេះ ទីផ្សារអចលនវត្ថុ​វាយ៉ាងម៉េចទៅហើយ? 
សំណាង៖ ឥឡូវនេះ ទីផ្សារដូចជាគាំងហើយ លើកលែងតែបូរីល្អៗមួយចំនួនតូចប៉ុណ្ណោះដែលទីផ្សារលក់ដូររបស់គេ ប៉ះពាល់តិចតួច។ 
 
សុធីរ៖ ចុះអ្នកពុះដីឡូតិ៍លក់យ៉ាងម៉េចដែរ? 
សំណាង៖ អញមិនចង់បង្អាប់គេទេ តែអញអាចនិយាយលេងសើចថា អ្នកលក់បានលុយ អ្នកទិញបានដី ឬផ្ទះ។ល។ តែបើថា ឲ្យទិញហើយ លក់ចេញវិញបានប្រាក់ចំណេញស្រួលដូចមុននោះ បែបទៅមិនរួចទេ។ 
 
សុធីរ៖ ចុះហាំងឆេងផ្ទះលម្ហែ ឬផ្ទះចុងសប្តាហ៍នោះ យ៉ាងម៉េចទៅវិញដែរ? 
សំណាង៖ បើអ្នកមានលុយទិញទុកសម្រាប់កម្សាន្តលេង ពុំជំពាក់ធនាគារ គ្មានបញ្ហាអ្វីឡើយ។ តែសម្រាប់អ្នកមិនទាន់ធូរធារ ដែលខ្ចីលុយទៅទិញផ្ទះលម្ហែ ឬផ្ទះចុងសប្តាហ៍ ទំនងជាចង់ខ្សល់ដែរហើយ មើលទៅ។  
 
សុធីរ៖ បើអញស្តាប់អ្ហែងមើលទៅ ទីផ្សារអចលនវត្ថុដូចជាមិនងាយងើបឡើងវិញទេ មិនថា អ៊ីចឹង? 
 
សំណាង៖ បើគិតមកដល់ពេលនេះ អញគិតថា ទីផ្សារអចលនទ្រព្យ ដូចជាឆ្អែតគួរសមដែរហើយ​។ ការផ្គត់ផ្គង់ ដូចជាច្រើនជាងតម្រូវការហើយ។ សម្រាប់បូរី ឬក្រុមហ៊ុនអភិវឌ្ឍល្អៗ អាចមិនមានបញ្ហាទេ តែចំពោះអ្នកជំនួញដីឡូតិ៍ ឬបូរី ដែលមិនសូវមានឈ្មោះ អាចប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។ តាមយោបល់អញ ចាប់ពីពេលនេះតទៅ អ្នកទិញ ត្រូវគិតឲ្យហ្មត់ចត់ មុននឹងបោះទុនទិញអចលនវត្ថុណាមួយ៕ 
 

Tag:
 ដីធ្លី
  ផ្ទះ
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com