ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ឡើងជួបក្រុមជម្រើសជាតិជប៉ុន វគ្គ៨ក្រុមចុងក្រោ AFC Asian Cup ឆ្នាំ២០២៣ នៅកាតា។ អ៊ីរ៉ង់ ដែលសល់គ្នា១០នាក់ ឈ្នះស៊ីរី ៥-៣ ដោយបាល់ប៉េណាល់ទី នៅវគ្គ១៦ក្រុម នៅថ្ងៃទី៣១ ខែមករា។ អ្នកគាំទ្រស៊ីរី ស្រែកយំផង និងមោទនភាពផង ចំពោះបរាជ័យក្រោមដៃក្រុមខ្លាំងអ៊ីរ៉ង់ទាំងប្រផិតប្រផើយ។
ជារឿងគួរភ្ញាក់ផ្អើល ក្នុងការប្រកួតវគ្គ១៦ក្រុមក្នុងកីឡដ្ឋានដ៏តូច Abdullah bin Khalifa រវាងក្រុមខ្លាំងអ៊ីរ៉ង់ដែលមានចំណាត់ថ្នាក់ពិភពលោកខ្ពស់ជាងស៊ីរីដល់ទៅ៧០លេខ បានបញ្ចប់ក្នុងលទ្ធផល ១-១ ក្រោយប្រកួត ១២០នាទី។
នៅទីបំផុត អ្វីដែលអាចបញ្ចប់ក្តីលើទីលានបន្ទាប់ពីធ្វើសកម្មភាពជាងពីរម៉ោង គឺការទាត់បាល់ប៉េណាល់ទីមិនចូលមួយគ្រាប់របស់កីឡាករស៊ីរី Fahd Youssef ដែលត្រូវបានអ្នកចាំទីអ៊ីរ៉ង់ Alireza Beiranvand សង្គ្រោះបាន។ អ៊ីរ៉ង់ដែលាម្ចាស់ជើងឯក Asian Cup ៣សម័យ ឈ្នះស៊ីរីដោយទាត់បាល់១១ម៉ែត្រ ៥-៣។
ក្រោយពេលដែល Ehsan Hajsafi ស៊ុតប៉េណាល់ទីគ្រាប់ទី៥បានសម្រេចឱ្យអ៊ីរ៉ង់ភ្លាម កីឡាករស៊ីរីក្រាបដល់ស្មៅ ស្របពេលអ្នកគាំទ្រទាំងចាស់ក្មេងដែលគូសរូបទង់ជាតិស៊ីរីនៅនឹងមុខបានស្រែកយំ។ មានអ្នកតួញសោក ប៉ុន្តែអ្នកគាំទ្រមួយចំនួន អះអាងថាពួកគេមានមោទកភាពយ៉ាងខ្លាំងចំពោះក្រុមស៊ីរី ដែលអាចទទួលបានលទ្ធផលនេះជាមួយអ៊ីរ៉ង់។
កីឡាករអ៊ីរ៉ង់ លួងលោមកីឡាករស៊ីរី ក្រោយចាញ់ដោយបាល់កាត់ក្តីប៉េណាល់ទី
អ្នកគាំទ្រស៊ីរីម្នាក់ ឈ្មោះ Yazbek បានប្រាប់ Al Jazeera ថាក្រុមស៊ីរីបានផ្គាប់ចិត្តខ្លួនគ្រប់យ៉ាងក្នុងពានរង្វាន់អាស៊ីឆ្នាំ២០២៣នេះ។ «ខ្ញុំមានមោទកភាព និងនៅតែមានស្នាមញញឹមចំពោះក្រុមស៊ីរី»។
ដោយឡែកលោក Mohammed Abdullah អ្នកគាំទ្រជនជាតិស៊ីរីម្នាក់ទៀត មើលឃើញថាសមាជិកក្រុមស៊ីរីបានពុះពាគ្រប់ឧបសគ្គទាំងបញ្ហាសង្គ្រាមក្រុងស្រុកកំពុងបន្ត ប៉ុន្តែពួកគេនៅតែអាចធ្វើបានល្អ។ លោក Abdullah បន្ថែមថា ដោយសារកីឡាបាល់ទាត់ ទើបប្រជាជនស៊ីរីមានក្តីស្រឡាញ់គ្នាទៅវិញទៅមក ទោះអ្នកខ្លះនៅក្រៅប្រទេសក៏ដោយ។
ត្រូវត្រឡប់ទៅផ្ទះវិញ ប៉ុន្តែក្រុមស៊ីរី និងអ្នកគាំទ្ររួមគ្នាផ្តោតអារម្មណ៍ទៅកាន់វគ្គជម្រុះ FIFA World Cup ឆ្នាំ២០២៦។
ឆ្លងផុតវគ្គ១៦ក្រុម អ៊ីរ៉ង់ ត្រូវបន្តជួបជប៉ុននៅគ្គ៨ក្រុមចុងក្រោយ។ ជប៉ុន ម្ចាស់ជើងឯក៤សម័យច្រើនជាងគេ បានទម្លាក់បារែននៅវគ្គ១៦ក្រុម ក្នុងលទ្ធផល ៣-១។
ក្រុមដែលត្រូវប៉ះគ្នានៅវគ្គ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៣ មាន៖ ម្ចាស់ផ្ទះ និងជាម្ចាស់ការពារជើងឯក កាតា ប៉ះអ៊ូសបេគីស្ថាន, អូស្ត្រាលី ជួបកូរ៉េខាងត្បុង, តាហ្ស៊ីគីស្ថាន ជួបហ្សកដានី និង អ៊ីរ៉ង់ តទល់ជប៉ុន។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២ និងទី៣ ខែកុម្ភៈ៕