ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលកំណត់យកថ្ងៃទី២៧មិថុនា ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម
02, Feb 2024 , 10:39 am        
រូបភាព
ដំណើរការកែច្នៃគ្រាប់ស្វាយចន្ទី របស់សិប្បកម្មកែច្នៃជ័យសំបូរ ។ រូបភាព៖ ឈុំ ចន្ថា
ដំណើរការកែច្នៃគ្រាប់ស្វាយចន្ទី របស់សិប្បកម្មកែច្នៃជ័យសំបូរ ។ រូបភាព៖ ឈុំ ចន្ថា
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត សម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា​​ ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់ និងផ្តល់តម្លៃដល់វិស័យសហគ្រាសនៅកម្ពុជា។ នេះបើយោងតាមអនុក្រឹត្យដែលសម្តេច​បានសម្រេច នៅថ្ងៃទី២៩មករា​ ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា ទិវានេះ នឹងជួយបង្កើតការងារ ជាពិសេសជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ។

 
ទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យមប្រចាំឆ្នាំនេះ នឹងត្រូវរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ដែលមានកិច្ចសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ គ្រឹះស្ថានសិក្សា និងភាគីពាក់ព័ន្ធនានា។ 
 
អនុក្រឹត្យរបស់សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ « ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមបំផុសស្មារតីគាំទ្រទិវាជាតិនេះ និងសហការរៀបចំការតាំងបង្ហាញនូវផលិតផលជាស្នាដៃរបស់ផលិតករ សេវាករ អាជីវករ និងសិប្បករក្នុងស្រុក»។ 
 
របាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យសាស្ត្រ និងនវានុវត្តន៍​បានបង្ហាញថា គិតត្រឹមខែមករា ឆ្នាំ២០២៤ មានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម​ ចំនួន ៤៤ ៥១៤  មូលដ្ឋាន បានចុះបញ្ជី ដោយក្នុងនោះ មានសហគ្រិន ជាស្រ្តី ៨ ០១១ មូលដ្ឋាន។ ដោយឡែក កម្លាំងពលកម្ម​សរុបនៅក្នុងវិស័យនេះ គឺមាន ៤៦១ ៦១៤ នាក់ ក្នុងនោះ ស្រ្តី ១៣៤ ៧៤៩ នាក់)៕ 
 

Tag:
 ទិវាជាតិសហគ្រាសធុនមីក្រ តូច និងមធ្យម
© រក្សាសិទ្ធិដោយ thmeythmey.com