ជាតិ
រដ្ឋមន្រ្តីសុខាភិបាលកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុត ពីបារាំង
02, Feb 2024 , 11:09 am        
រូបភាព
ភ្នំពេញ៖ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet ) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយស ឡា ឡេស្យុង ដោនើរ ថ្នាក់អស្សឬទ្ធិ ដល់លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី ១ ខែកុម្ភៈ។



ក្នុងពិធីប្រគល់គ្រឿងឥស្សរិយយស ឯកអគ្គរដ្ឋទូតបារាំង បានលើកពីគុណសម្បត្តិរបស់លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានរួមចំណែកជួយដល់វិស័យសុខាភិបាលកម្ពុជា និងបានលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាល ជាពិសេសក្នុងវិស័យមន្ទីរពេទ្យ តាមរយៈតួនាទីប្រកបដោយការទទួលខុសត្រូវរបស់លោក ក្នុងមន្ទីរពេទ្យកាល់ម៉ែត។ 
 
លោក ហ្សាក់ ប៉ឺឡេ បានលើកឡើងដូច្នេះ ៖«៣០ឆ្នាំក្រោយមក​ គោលដៅរបស់យើងត្រួវបានសម្រេចយ៉ាងពេញលេញ ហើយលោក ឈាង រ៉ា គឺជាតួអង្គដ៏សំខាន់ម្នាក់នៃជោគជ័យ»។ 

លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet ) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។  

នៅចំពោះមុខឥស្សរជន និងមន្រ្តីសុខាភិបាល លោក ឈាង រ៉ា ក៏បានអរគុណដល់ប្រទេសបារាំង ដែលតែងតែគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា រួមទាំងឥស្សរជនបារាំងជាច្រើនរូប ដែលបានប្រឹងប្រែងជួយវិស័យសុខាភិបាលនៅកម្ពុជា ឱ្យមានភាពរីកចម្រើនមកដល់សព្វថ្ងៃ។ «ការរីកចម្រើនដែលសម្រេចបានគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួម ហើយវាក៏ជាមោទកភាពរួមផងដែរ។ ខ្ញុំសង្ឃឹមជឿជាក់ លើការជួយជ្រោមជ្រែងពីអ្នកជំនាញបារាំង ដើម្បីបន្តកិច្ចសហប្រតិបត្តិការសុខាភិបាលមួយ រលូន និងទំនុកចិត្ត»។ នេះជាការអះអាងរបស់ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ 
 
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ។ 

គួរជម្រាបថា ឡា ឡេស្យុង ដោនើរ គឺជាគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមជាងគេរបស់ប្រទេសបារាំង ដែលត្រូវបង្កើតឡើងដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត ក្នុងឆ្នាំ១៨០២។ គ្រឿងឥស្សរិយយសនេះ ត្រូវបានប្រគល់ជូនជនបរទេស ដែលបានបំពេញការងារសម្រាប់ប្រទេសបារាំង ឬបានលើកស្ទួយបុព្វហេតុនានា ដែលប្រទេសបារាំងការពារ។ 
 
លោក ឈាង រ៉ា បានបំរើការងារក្នុងវិស័យសុខាភិបាល រយៈពេល២៥ឆ្នាំ ពីឆ្នាំ១៩៩៨ដល់ ឆ្នាំ២០២៣ ក្នុងតួនាទីជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត និងជាអគ្គនាយកពីឆ្នាំ២០០៩ មក ។ ក្រោយដឹកនាំមន្ទីរពេទ្យកាល់ម៉ែត អស់រយៈជាង១៤ឆ្នាំ លោក ឈាង រ៉ា ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងអាណិត្តរដ្ឋាភិបាលទី៧៕
 


Tag:
 ក្រសួងសុខាភិបាល
  គ្រឿងឥស្សរិយយស
  ទូតបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com