កីឡាអន្តរជាតិ
អន្តរជាតិ
Messi ប្តូរចូលយឺតពេល ស្របពេល ​Inter Miami ចាញ់ Al Nassr ៦-០
02, Feb 2024 , 1:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi បានផ្លាស់ប្តូរចូលនៅនាទី៨៣ ដែលយឺតពេលទៅហើយ ស្របពេល  ​Inter Miami ចាញ់ ​Al Nassr យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ ក្នុងការប្រកួតពានមិត្តភាព Riyadh Season Cup  ត្រៀមបើករដូវកាលថ្មី ២០២៤ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។



ជំនួបរវាងក្រុម Al Nassr ទល់នឹងក្រុម Inter Miami ត្រូវបានចាត់ទុកថាជាឱកាសជួបគ្នាចុងក្រោយរវាងកីឡាករដែលឈ្នះពានរង្វាន់ Ballon d’Or ដ៏ច្រើន Messi និង Cristiano Ronaldo។ តែយ៉ាងណាក្តីរំពឹងរបស់អ្នកគាំទ្រប្រែរសាត់ឆ្ងាយទៅវិញ ដោយខ្សែប្រយុទ្ធ Ronaldo អវត្តមានដោយសារ​របួស​ ខណៈ Messi ស្ថិតនៅកៅអីបម្រុងរហូតដល់៨៣នាទី។
 
មុនអាម៉ាស់មុខដោយសារ Al Nassr នេះ Inter Miami បានចាញ់ក្រោមថ្វីជើងក្រុមកំពូលតារាងលីគកំពូលអារ៉ាប៊ីសាអូឌីត​ Al Hilal របស់ខ្សែប្រយុទ្ធ Neyamr Jr លទ្ធផល ៤-៣ រួចហើយ។
 
​ក្រុមពីលីគកំពូលអាម៉េរិក Miami ចាប់ផ្តើមការប្រកួតដោយបានដាក់អតីតកីឡាករក្រុម Barcelona ខ្សែការពារ Jordi Alba ខ្សែបម្រើ Sergio Busquets និងខ្សែប្រយុទ្ធ Luis Suarez ប៉ុន្តែតំបន់ការពាររបស់ក្រុមនៅតែមានភាពទន់ជ្រាយខ្លាំង ដោយត្រឹម ១២នាទី ដើមវគ្គទីមួយ Al Nassr រកបាន ៣គ្រាប់រួចស្រេចទៅហើយ។ 
 
៦គ្រាប់របស់ Al Nassr ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Anderson Talisca ចំនួន ៣គ្រាប់ រួមជាមួយ Otavio ស៊ុតបើកឆាក, Aymeric Laporte ស៊ុតគ្រាប់ទី៣ ពីចម្ងាយជាងកណ្តាលតារាង និងកីឡាករ Marran ស៊ុតគ្រាប់ទី៥។
 
សម្រាប់ Messi ត្រូវបានប្តូរចូលនៅនាទី៨៣ នៃការប្រកួត ដែលហាក់បីជាយឺតពេលខ្លាំងណាស់ទៅហើយសម្រាប់ការតាមរកគ្រាប់បាល់មកវិញ។ គ្មានវត្តមានរបស់ Messi ក្រុម Miami ដែលមានលោក David Beckham ជាម្ចាស់ហាក់មានទម្រង់លេងមិនល្អសោះ ខុសពេលដែលកីឡាករវ័យ ៣៦ឆ្នាំ បានចូលលេងហើយគេតែងបង្កើតឱកាសជាច្រើនក្នុងការប្រកួត។
 
ចំណែកកីឡាករវ័យ ៣៨ឆ្នាំ ទោះគ្មានវត្តមានចូលរួមប្រកួតក៏ដោយ តែសមត្ថភាពដែលមិត្តរួមក្រុមរបស់គេបានបង្ហាញ ធ្វើឱ្យបុរសសញ្ជាតិព័រទុយហ្កាល់អង្គុយទស្សនាញញឹមរីករាយខ្លាំង៕

Tag:
 Lionel Messi
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com