ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាពបេះដូង ! គួរបញ្ឃប់ទម្លាប់មិនល្អទាំងនេះចោល បើមិនចង់ស្តាយក្រោយ
02, Feb 2024 , 10:59 pm        
រូបភាព
​បេះដូង​របស់​យើង​អាច​ចុះ​ខ្សោយ ឬ​ខូច​ដោយសារ​ទម្លាប់​ប្រចាំ​ថ្ងៃមួយ​ចំនួន ហើយ​អាច​បង្ក​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​។ ដូចនេះ យើង​គួរ​បញ្ឈប់​ទម្លាប់​មិនល្អ​ទាំងឡាយ​ឲ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ឲ្យ​សុខភាព​បេះដូង​របស់​យើង​រឹង​មាំ ក៏​ដូច​ជា​ជៀស​ផុត​ពី​ជំងឺ​បេះដូង​នៅ​ពេល​ក្រោយ​។

 
១. ជក់បារី

ទោះបីជា​យើង​ជក់បារី​ម្ដងម្កាល វា​ក៏​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង​រាង​កាយ រួម​ទាំង​បេះដូង​ផង​ដែរ​។ ជាក់ស្ដែង សារធាតុ​គីមី​នៅ​ក្នុង​បារី​ធ្វើ​ឲ្យ​ខូច​មុខងារ​បេះដូង ដោយ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ក្រិន​សរសៃឈាម ដែល​ជា​រឿយ​ៗ​នឹង​បង្ក​ជា​អាកា​រៈគាំង​បេះដូង​ថែម​ទៀត​ផង​។ ហេតុនេះ​ហើយ ដើម្បី​សុខភាព​បេះដូង យើង​គួរ​បញ្ឈប់​ការ​ជក់បារី​ជា​បន្ទាន់​។
 
២. បណ្តាល​ខ្លួន​ឱ្យ​ធាត់​ជ្រុល

ធាត់​ជ្រុល​មាន​ពាក់ព័ន្ធ​នឹង​កត្តា​ជា​ច្រើន ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង រួម​ទាំង​សម្ពាធ​ឈាម​ខ្ពស់​។ ដើម្បី​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ស្រប គ្នា​យើង​គប្បី​បញ្ចូល​បន្លែ និង​ផ្លែ​ឈើ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ទើប​ជា​ការ​ប្រសើរ​។
 
៣. ញ៉ាំ​សាច់​ជាក់លាក់​លើស​កម្រិត

ការ​ញ៉ាំ​សាច់​ក្រហម និង​សាច់​កែ​ច្នៃ​ច្រើន​ជ្រុល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ប្រសិនបើ​យើង​ញ៉ាំ​សាច់​ទាំងនេះ​កាន់តែ​ច្រើន ឱកាស​កើត​ជំងឺ​បេះដូង​កាន់តែ​ច្រើន​ដូច​គ្នា​។
 
៤. ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន
 
ចំណែកឯ​ភេសជ្ជៈ​ទាំងនេះ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដូច​គ្នា​។ សម្រាប់​អ្នក​ដែល​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ​ជា​ទៀងទាត់ អាច​ប្រឈម​នឹង​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម ឬ​គាំងបេះដូង​។
 
៥. ញុំា​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល

ខណៈ​ពេល​ដែល​ការ​ញ៉ាំ​ស្រាក្រហម​មួយ​កែវ​ជា​រៀងរាល់ថ្ងៃ មាន​អត្ថប្រយោជន៍​ដល់​សុខភាព ការ​ញ៉ាំ​ជាតិ​អាល់កុល​ច្រើន​ជ្រុល​អាច​បង្ក​ជា​បញ្ហា​សរសៃឈាម​បេះដូង​។ នៅ​ពេល​ដែល​យើង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជាង​៣​កែវ​ក្នុង​មួយ​ថ្ងៃ វា​អាច​ជះ​ឥទ្ធិពល​មិនល្អ​ដល់​បេះដូង ដែល​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម និង​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​ឡើង​ខ្ពស់​។
 
៦. អង្គុយ​យូរ​ម៉ោង

ទន្ទឹម​នឹង​នេះ​ដែរ ការ​អង្គុយ​យូរ​ម៉ោង​ជា​ប្រចាំ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​អាកា​រៈគាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ទោះបីជា​យើង​ហាត់ប្រាណ​ជា​ទៀងទាត់​ក៏​ដោយ​។ អ្នកជំនាញ​យល់​ថា អ​សកម្មភាព​អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ខ្លាញ់ និង​ជាតិ​ស្ករ​ក្នុង​ឈាម ដូច្នេះ​ហើយ គ្នា​យើង​គប្បី​កាត់​បន្ថយ​ហានិភ័យ​នេះ ដោយ​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន ដើរ​ជុំវិញ​ការិយាល័យ ឬ​ក្រោកឈរ​ជា​ញឹកញាប់​។
 
យើង​អាច​ថែរក្សា​សុខភាព​បេះដូង​តាម​រយៈ​កែប្រែ​ទម្លាប់​ដូច​បាន​រៀបរាប់​ខាងលើ ហាត់ប្រាណ​ជា​ប្រចាំ ញុំា​អាហារ​ល្អ​ចំពោះ​សុខភាព គេង​ឱ្យ​បាន​គ្រប់គ្រាន់ និង​កាត់​បន្ថយ​ស្ត្រេ​ស​ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com