ជាតិ
រដូវទឹកស្រក ជាពេលដែលពលរដ្ឋសហគមន៍បឹងទន្លេសាប ចាប់ផ្ដើមរើសសំណល់ប្លាស្ទិក
03, Feb 2024 , 7:59 am        
រូបភាព
សកម្មភាពអ្នកស្ម័គ្រចិត្តចូលរួមប្រមូលសំរាម ក្នុងយុទ្ធការរើសសំណល់ប្លាស្ទិករដូវទឹកស្រកបឹងទន្លេសាប។ រូបភាពផ្ដល់ដោយ លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី៕
សកម្មភាពអ្នកស្ម័គ្រចិត្តចូលរួមប្រមូលសំរាម ក្នុងយុទ្ធការរើសសំណល់ប្លាស្ទិករដូវទឹកស្រកបឹងទន្លេសាប។ រូបភាពផ្ដល់ដោយ លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី៕
សៀមរាប៖ ៥ឆ្នាំហើយ ដែលអង្គការមូលនិធិទំពាំងស្នង​ឫស្សី បើកយុទ្ធនាការប្រមូលសំណល់ប្លាស្ទិករដូវទឹកសម្រកបឹងទន្លេសាបប្រចាំឆ្នាំ។ ជាឆ្នាំទី៦ដែលព្រឹត្តិការណ៍នេះរៀបចំឡើង លោក​ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី មើលឃើញថាព្រឹត្តិការណ៍នេះ បានជះឥទ្ធិពលជាវិជ្ជមាន លើការគ្រប់គ្រងសំណល់ប្លាស្ទិក និងការចូលរួមថែរក្សាបរិស្ថានបឹងទន្លេសាប ពីពលរដ្ឋសហគមន៍ជុំវិញបឹង។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង លោក ស៊ុល រ៉វី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ដូចតទៅ៖ 



យុទ្ធនាការប្រមូលសំណល់ប្លាស្ទិករដូវទឹកសម្រកបឹងទន្លេសាបប្រចាំឆ្នាំ២០២៤នេះ មានអ្នកចូលរួមជិត១ពាន់នាក់ នៅសហគមន៍កំពង់ឃ្លាំង ខេត្តសៀមរាប។ យុទ្ធនាការនៅឆ្នាំនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី២៧ មករា ក្រោមប្រធានបទ «សហគមន៍យើងស្អាត ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក!»។
 
បើតាមលោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ចលនាយុទ្ធនាការនេះនឹងបន្តសកម្មភាពសម្អាតរយៈពេល៦ខែ នៅគ្រប់សហគមន៍នានា ជាប់មាត់បឹងទន្លេសាប ដូចជាសហគមន៍កំពង់ភ្លុក ចុងឃ្នៀស និងសហគមន៍មេជ្រៃ។ 
 
លោកបន្តទៀតថា យុទ្ធនាការនេះ ក៏នឹងអាចពង្រីកវិសាលភាពការងារសម្អាត ដល់តំបន់ព្រែកទាល់ក្នុងខេត្តបាត់ដំបង និងតំបន់ផ្សេងៗទៀតជុំវិញបឹងទន្លេសាប។ យុទ្ធនាការនេះ នឹងបន្តរហូតដល់ថ្ងៃអបអរទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥មិថុនា ដែលជាថ្ងៃកំណត់ការបិទយុទ្ធនាការសម្អាតបរិស្ថាននារដូវទឹកសម្រកផងដែរ។ 
 
គួរជម្រាបផងដែរថា នេះជាឆ្នាំទី៦ហើយ ដែលអង្គការមូលនិធិទំពាំងស្នងឫស្សី បានរៀបចំយុទ្ធនាការនេះ ដោយសហការជាមួយមន្ទីរបរិស្ថាន សមាគមទេសចរណ៍កម្ពុជា (CATA) អាជ្ញាធរមូលដ្ឋាន សហគមន៍ទេសចរណ៍ ក្រុមហ៊ុនឯកជន អង្គការ សិស្សានុសិស្ស និងពលរដ្ឋសហគមន៍ ជាដើម៕ 
 

Tag:
 ThmeyThmey
  បឹងទន្លេសាប
  យុទ្ធនាការរើសសំណល់ប្លាស្ទិក
  រដូវទឹកសម្រក
  ទិវាបរិស្ថានពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com