កីឡាអន្តរជាតិ
អន្តរជាតិ
Al Nassr លត់ Miami! ធ្វើឱ្យសម្តី Ronaldo ដែលថាលីគអារ៉ាប៊ីសាអូឌីតល្អជាង MLS ផ្ទុះជាថ្មី
02, Feb 2024 , 9:29 pm        
រូបភាព
សម្តីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលធ្លាប់និយាយចំៗថាលីគបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីតល្អជាងលីគរបស់ប្រទេសអាម៉េរិក (MLS) ត្រូវបានរំលេចឡើងសារជាថ្មី ក្រោយពេលដែលក្រុម Al Nassr បានបំបាក់ក្រុម Inter Miami របស់ខ្សែប្រយុទ្ធ Lionel Messi លទ្ធផល ៦-០។



ទោះគ្មានវត្តមាន Ronaldo ដែលខកខានព្រោះតែរបួស ប៉ុន្តែកីឡាករវ័យ ៣៨ឆ្នាំ បានទៅអង្គុយមើលការប្រកួតដោយភាពរីករាយខ្លាំង ពេលដែលមិត្តរួមក្រុមដូចជា Otavio, Talisca ស៊ុត ៣គ្រាប់ម្នាក់ឯង, Aymeric Laporte ស៊ុតបាល់ពីចម្ងាយ និងកីឡាករ Khalil Marran រកបានគ្រាប់ស៊ុតទម្លោះសំណាញ់ទីលើ Miami។
 
ក្រោយពេលឃើញក្រុ​មជើងខ្លាំងក្នុងលីគអារ៉ាប៊ីសាអូឌីត យកឈ្នះយ៉ាងងាយស្រួលលើក្រុមរបស់ Messi បែបនេះ ការសម្រង់សម្តីរបស់តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់ ត្រូវបានរំលេចមកឡើងវិញ ដោយកាលពីមុនគេបាននិយាយថាលីគ Saudi Pro League ល្អជាងលីគ Major League Soccer។ Ronaldo ធ្លាប់បាននិយាយបែបនេះ៖«Saudi League គឺជាល្អជាងលីគ MLS។



ខ្ញុំពិតប្រាកដ ១០០ភាគរយ ហើយខ្ញុំក៏មិនវិលត្រឡប់ទៅកាន់ក្លិបនៅអឺរ៉ុបវិញដែរ ខ្ញុំបានបើកឱកាសសម្រាប់លីគអារ៉ាប៊ីសាអូឌីត ហើយពេលនេះកីឡាករទាំងអស់បានមកកាន់ទីនេះ។»។
 
Ronaldo ត្រូវបានគេឃើញថាបង្ហាញអាកប្បកិរិយារីករាយខ្លាំងនៅពេលឃើញមិត្តរួមក្រុមបំពេញភារកិច្ចបានល្អខ្លាំង ខណៈដែល Messi នៅអង្គុយកៅអីបម្រុង ទាំងទឹកមុខសោកស្តាយរហូតដល់ការប្រកួតឈានដល់នាទី៨៣ ទើបគេបានប្តូរចូល។ កីឡាករ Talisca ស៊ុតបាល់បញ្ចូលទីក៏បានប្រើក្បាច់អបអររបស់មិត្តរួមក្រុម Ronaldo ទោះបីគេអវត្តមាន កំពុងក្លាយជារឿងដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយចប់ការប្រកួត។
 
យ៉ាងណាចាប់តាំងពី Ronaldo មកកាន់ទឹកដីអារ៉ាប៊ីសាអូឌីតកាលពីខែមករា ដើមឆ្នាំ ២០២៣ កីឡាករជាច្រើនពីតំបន់អឺរ៉ុប បានចាប់អារម្មណ៍ខ្លាំងក្នុងការផ្លាស់មកកាន់ប្រទេសស្ថិតក្នុងតំបន់មជ្ឈឹមបូព៌ា។ 
  


សម្រាប់ Messi វិញ ក្រោយពីចាកចេញពីទឹកដីអឺរ៉ុប រូបគេបានផ្លាស់ទៅកាន់ក្លិប Inter Miami នៅប្រទេសអាម៉េរិក ដើម្បីបន្តអាជីពបាល់ទាត់ ចាប់តាំងពីបញ្ចប់រដូវកាល ២០២៣។ រយៈពេលជាង ៤ ខែ មកនេះ រូបគេហាក់មិនសូវមានការប្រកួតមមារញឹកដូចកាលនៅតំបន់អឺរ៉ុប។
 
Miami មានលោក David Beckham ជាម្ចាស់មួយផ្នែក បាននាំយកអតីតកីឡាករមកពីក្រុម Barcelona ដែលរួមមាន ​Jordi Alba, Sergio Busquets និង Luis Suarez ដើម្បីរួមលេងជាមួយនឹង Messi ឡើងវិញក៏ដូចជាការប្រជែង MLS រដូវកាលថ្មី៕
 

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com