ជាតិ
លោក ហេង រតនា សង្វេកចំពោះក្រុមស្រ្តីដែលបរិភោគសាច់ឆ្កែបង្ហោះលើបណ្ដាញសង្គម លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)
× អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បង្ហាញអារម្មណ៍សោកស្ដាយ និងសង្វេកចំពោះស្រ្តីមួយក្រុម ដែលបរិភោគសាច់សុនក (សាច់ឆ្កែ) ហើយបង្ហោះលើបណ្ដាញសង្គម TikTok។ មេCMAC ចាត់ទុកសកម្មភាពនេះ វាជាទង្វើអសីលធម៌បំផុត និងធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ ។
«ខ្ញុំសង្វេក និងសោកស្តាយបំផុតចំពោះទង្វើរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃស្ត្រីខែ្មរដ៏ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វើដែលគួរតែមានច្បាប់ហាមឃាត់»។ លោក រតនា បានលើកឡើងបែបនេះ លើគណនីហ្វេសប៊ុកខ្លួន នាថ្ងៃទី២កុម្ភៈ បន្ទាប់ពីផ្ទុះវិដេអូដែលបង្ហាញពីសកម្មភាពបរិភោគសាច់ឆ្កែ របស់ស្ត្រីខ្មែរមួយក្រុមនៅលើបណ្តាញសង្គម នាពេលថ្មីៗនេះ។
សម្រាប់លោក ហេង រតនា បានចាត់ទុកសត្វសុនក ជាសហការីដ៏មានសក្ដានុពល និងស្មោះត្រង់បំផុតក្នុងការបំពេញការងារកំចាត់មីន និងសំណល់សង្គ្រាមជាមួយ CMAC នៅកម្ពុជា ដោយបានទាមទារឱ្យក្រសួងពាក់ព័ន្ធ និងសមត្ថកិច្ច មានវិធានការអប់រំចំពោះក្រុមស្រ្តីអ្នកផលិតមាតិកាខាងលើ។ លើសពីនេះ លោកក៏បន្តស្នើឱ្យកម្ពុជារៀបចំច្បាប់ហាមឃាត់ការបរិភោគសាច់សុនក ដើម្បីទប់ស្កាត់ការបរិភោគសត្វសុនក ដូចនៅបណ្ដាប្រទេសមួយចំនួនលើពិភពលោក ផងដែរ។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តសេចក្តីព្រាងច្បាប់ហាមប្រាមការបរិភោគសាច់ឆ្កែទូទាំងប្រទេសដោយសំឡេង ២០៨ ដោយគ្មានសំឡេងប្រឆាំង។ ការចិញ្ចឹម ឬសម្លាប់សត្វឆ្កែយកសាច់លក់ ក៏ដូចជាការចែកចាយ ឬលក់សាច់សត្វទាំងនេះ នឹងត្រូវល្មើសច្បាប់ចាប់ពីឆ្នាំ ២០២៧ តទៅ។
ចំពោះអ្នកសម្លាប់សត្វឆ្កែប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៣០លានវ៉ុន (ជាង ២,២ម៉ឺនដុល្លារ)។ ហើយក្រុងហាណូយ ប្រទេសវៀតណាម ក៏កំពុងពិចារណារៀបចំច្បាប់ហាមបរិភោគសាច់សុនក ដើម្បីផ្ដល់ប្រយោជន៍ទាក់ទាញទេសចរណ៍ ផងដែរ៕ © រក្សាសិទ្ធិដោយ thmeythmey.com