កីឡាអន្តរជាតិ
អន្តរជាតិ
កីឡដ្ឋាន MetLife ​ផ្ទុកមនុស្សជាង ៨ម៉ឺននាក់ នឹងត្រូវកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ World Cup 2026
05, Feb 2024 , 10:20 am        
រូបភាព
ការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup 2026 នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន MetLife ដែលអាចផ្ទុកមនុស្សបានចំនួន ៨២,៥០០នាក់ ស្ថិតក្នុងទីក្រុងញូវយ៉ក និងញូវជឺស៊ី។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នាថ្ងៃទី៤ ខែកុម្ភៈ។



ទីក្រុងញូវយ៉ក​ ក្លាយជាអ្នកប្រជែងដ៏ខ្លាំងក្លាមួយ ក្នុងការដេញថ្លៃធ្វើជាទីកន្លែងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2026 នៅថ្ងៃទី១៩ ខែកក្កដា។ អាម៉េរិក កាណាដា និងម៉ិកស៊ិក កំពុងត្រៀមខ្លួន រៀបចំការប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែលមានកំណែទម្រង់ការប្រកួតពី ៣២ក្រុម កើនដល់៤៨ក្រុម លើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 
ការប្រកួតថ្ងៃបើកឆាក មិន​ធ្វើ​នៅក្នុងប្រទេសអាម៉េរិក និងកាណាដា នោះទេ។ ប្រទេសម៉ិកស៊ិក ក្លាយជាអ្នករ៉ាប់រង ដោយការប្រកួតនឹងរៀបចំ​ឡើងនៅក្នុងកីឡដ្ឋាន Azteca ទីក្រុង Mexico City នាថ្ងៃទី១១ ខែមិថុនា។
  


«ការប្រកួត FIFA World Cup រួមបញ្ចូល​ ដោយមានឥទ្ធិពលបំផុតដែលមិនធ្លាប់មានពីមុនមក។ មិនមែនជាសុបិនទៀតទេ ប៉ុន្តែការពិត ដែលនឹងកើតឡើងក្នុងទម្រង់នៃការប្រកួតមានក្រុមចំនួន ១០៤ នៅក្នុងកីឡដ្ឋានទំនើបបំផុតចំនួន ១៦ នៅទូទាំងប្រទេសកាណាដា ម៉ិកស៊ិក និងអាម៉េរិក។ ចាប់ពីការប្រកួតបើកឆាក នៅក្នុងកីឡដ្ឋាន Azteca ដល់ការប្រកួតផ្តាច់ ព្រ័ត្រដ៏អស្ចារ្យ ក្នុងទីក្រុងញូវយ៉ក កីឡាករ និងអ្នកគាំទ្រ គឺជាស្នូលនៃផែនការដ៏ទូលំទូលាយ សម្រាប់ការប្រកួតផ្លាស់ប្តូរការប្រកួតទាំងនេះ […] ហើយដែលនឹងមិនត្រឹមតែបង្កើតកំណត់ត្រាថ្មី។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA​។
 
កីឡដ្ឋានទីក្រុង Atlanta និង Dallas នឹងត្រូវទទួលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលការប្រកួតស្វែងរកតំណែងលេខ ៣ ត្រូវធ្វើឡើងនៅក្នុងទីក្រុង​ Miami។ ការប្រកួតវគ្គ ៨ក្រុម ត្រូវបានបែងចែកទៅកាន់រដ្ឋដទៃ ក្នុងប្រទេសអាម៉េរិក ដោយមាន Los Angeles, Kansas City, Miami និង Boston។ កីឡដ្ឋានចំនួន ១៦ ទូទាំងប្រទេសអាម៉េរិក កាណាដា និងម៉ិកស៊ិក នឹងរៀបចំការប្រកួតទាំង ១០៤ប្រកួតទាំងមូល។
  


សហរដ្ឋអាម៉េរិក ធ្លាប់បានធ្វើម្ចាស់ផ្ទះរៀបចំ World Cup លើកដំបូងកាលពីឆ្នាំ១៩៩៤ ហើយម៉ិកស៊ិកនឹងរៀបចំ World Cup លើកទី៣ ខណៈកាណាដា រៀបចំលើកដំបូង។
 
សម្រាប់កីឡដ្ឋាន MetLife វិញ ដែលនឹងត្រៀមការប្រកួតផ្តាច់ព្រ័ត្រ ជាកីឡដ្ឋានដ៏ធំបំផុតមួយ ស្ថិតក្នុងប្រទេសអាម៉េរិក និងជាកីឡដ្ឋានមានវ័យចំណាស់មួយ។ កីឡដ្ឋាននេះ អាចផ្ទុកមនុស្សបាន ៨២,៥០០នាក់ ដែលមានទីតាំងនៅតាមដងទន្លេ Hudson ពីទីក្រុងញូវយ៉ក កាត់តាមទីក្រុង Rutherford និង New Jersey។ កីឡដ្ឋាន MetLife ក៏ធ្លាប់បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America កាលពីឆ្នាំ ២០១៦៕
 

Tag:
 World Cup
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com