ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
ប្រមុខរដ្ឋាភិបាល ថា ការដំឡើងកម្រិត“ភាពជាដៃគូយុទ្ធសាស្ត្រ” ជាមួយថៃ ជាការបន្ថែមទម្ងន់ និងវិសាលភាព
08, Feb 2024 , 4:59 pm        
រូបភាព
កម្ពុជា និងថៃ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”។ សម្ដេច ហ៊ុន ម៉ាណែត បានអះអាងថា ការដំឡើងកម្រិត“ភាពជាដៃគូយុទ្ធសាស្ត្រ” ជាមួយថៃ ជាការបន្ថែមទម្ងន់ និងវិសាលភាពទំនាក់ទំនង។



ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា ការដំឡើងកម្រិតទំនាក់ទំនងនេះ ជាការបើកច្រក និងផ្ដល់ឱកាសសម្រាប់ប្រជាពលរដ្ឋប្រទេសទាំងពីរ ជាពិសេសអ្នកវិនិយោគ ធុរកិច្ច លើវិស័យឯកជន វិស័យអប់រំ វប្បធម៌ កសិកម្មជាដើម។
 
«បើនិយាយក្នុងភាសាការទូតរវាងប្រទេសយើងទាំងពីរ នេះគឺជាចំណុចខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រការទូតរបស់យើង នៃប្រទេសទាំងពីរ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត។
 
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេច ហ៊ុន ម៉ាណែត ពេលនេះ ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ថៃ ឱ្យកាន់តែរីកចម្រើន។ ក្នុងជំនួបទ្វេភាគីនេះ ប្រមុខរដ្ឋាភិបាល ប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក។
 
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់លើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។ 
 
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងថៃ បានបង្កើត “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” កាលពីឆ្នាំ២០១៧។
 

Tag:
 ហ៊ុន ម៉ាណែត
  សេដ្ឋកិច្ច
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com