ជាតិ
ចូលឆ្នាំចិន ជាឱកាសស្វែងរកចំណូលបន្ថែម សម្រាប់គ្រួសារអ្នកស្រី កង គន្ធា
08, Feb 2024 , 10:29 pm        
រូបភាព
អ្នកស្រី កង គន្ធា អ្នកលក់អ៊ីវ៉ាន់សែនចូលឆ្នាំចិន នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ជិតផ្សារលើធំថ្មី ក្រុងសៀមរាប។
អ្នកស្រី កង គន្ធា អ្នកលក់អ៊ីវ៉ាន់សែនចូលឆ្នាំចិន នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ជិតផ្សារលើធំថ្មី ក្រុងសៀមរាប។
សៀមរាប៖ អ្នកស្រី កង គន្ធា ជាអាជីវករលក់គ្រឿងប្រើប្រាស់សែន និងតុបតែងផ្ទះ ពេលចូលឆ្នាំចិន ប្រមាណ១០ឆ្នាំមកហើយ។ ចូលឆ្នាំចិន ជាឱកាសមួយសម្រាប់អ្នកស្រីរកចំណូលចូលគ្រួសារបន្ថែម តាមរយៈរណ្ដាប់សែនទាំងនោះ។


ការលក់ដូរតាមបណ្ដោយផ្លូវជាតិលេខ៦ ជិតផ្សារលើធំថ្មី ក្រុងសៀមរាប។ 

នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ជិតផ្សារលើធំថ្មី គេឃើញមានតូបបាំងដោយឆ័ត្រ បន្តកន្ទុយគ្នាជាច្រើន។ តូបទាំងនោះ ខ្លះក៏ដាក់លក់ផ្លែឈើ ខ្លះលក់នំចំណី និងតូបដែលទាក់ភ្នែកអ្នកដំណើរជាងគេនោះ គឺតូបលក់រណ្ដាប់សែន និងតុបតែងផ្ទះ។ ទាក់ភ្នែកក៏ដោយសារ តែពណ៌ក្រហមឆ្អិនឆ្អៅនៃវត្ថុដាក់តាំងលក់ទាំងនោះ។ 
 
ក្នុងចំណោមតូបប្រក់ឆ័ត្រជាហូរហែរ តាមបណ្ដោយផ្លូវជាតិលេខ៦ អ្នកសារព័ត៌មានថ្មីៗបានចូលជួបសម្ភាសន៍ជាមួយអាជីវករម្នាក់ គឺអ្នកស្រី កង គន្ធា។ ស្ត្រីរូបនេះ ហាក់ហត់នឿយបន្តិច ត្បិតមុននេះ​អតិថិជនច្រើន មកជាវទិញរបស់របរពីកន្លែងខ្លួន ហើយណាមួយពន្លឺព្រះសូរិយា កំពុងបញ្ចេញរស្មី ដែលធ្វើឱ្យអ្នកស្រីបែកញើសស្អុះស្អាប់ផងដែរ។ ប៉ុន្តែស្ត្រីរូបនេះ នៅតែព្យាយាមញញឹម និងព្រមផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថ្មីៗ។ 

 របស់របរដែលមានក្នុងតូបអ្នកស្រី កង គន្ធា។ 

ងាកមកចាប់អារម្មណ៍តូបអ្នកស្រី គន្ធា វិញ ត្បិតថាតូបតូចប្រក់ដោយឆ័ត្រចំនួនបួន តែតួបមួយនេះ មានលក់រណ្ដាប់សែន និងតុបតែងផ្ទះស្ទើរគ្រប់មុខ។ រាប់ចាប់ពីក្រដាសសែនជំនាងផ្ទះ-កុងម៉ា ក្រដាសប្រាក់រៀល-ដុល្លារសែន, ខោអាវ ឡាន ផ្ទះ ធ្វើពីក្រដាស, ធូប,ទាន, អាំងប៉ាវ, ផ្កាជ័រ, ផ្កាទទឹមជ័រ, គោមតុបតែងក្រហមតូចធំ, ក្រដាស់បិទផ្ទះអក្សរចិន និងរបស់ជាច្រើន។ល។ 
 
អ្នកស្រី កង គន្ធា បានចាប់របរលក់វត្ថុសែន និងតុបតែងចូលឆ្នាំចិននេះ ១០ឆ្នាំមកហើយ។ អ្នកស្រីថាវា មិនមែនជាមុខរបរប្រចាំសម្រាប់អ្នកស្រីឡើយ ពោលគឺជាមុខរបរបន្ទាប់បន្សំ ដែលអ្នកស្រីលក់តែនៅពេលពិធីបុណ្យចូលឆ្នាំចិន សែនក្បាលទឹក និងឆេងម៉េងប៉ុណ្ណោះ។ ឯមុខរបរប្រចាំអ្នកស្រី គឺជាអ្នកលក់ម្ហូបអាហារនៅសាលាចិនមួយ ក្នុងក្រុងសៀមរាប។ 

អតិថិជន ជាហូរហែរនាំគ្នាមកជាវអ៊ីវ៉ាន់ នៅតូបអ្នកស្រី កង គន្ធា នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ 

អ្នកស្រីរៀបរាប់ពីរបររដូវកាលរបស់ខ្លួនដូច្នេះ៖«ជារៀងរដូវចូលឆ្នាំចិនពួកគាត់(សន្តិសុខ)អធ្យាស្រ័យឱ្យប្រជាពលរដ្ឋយើងលក់ទូទៅទាំងអស់គ្នា ដើម្បីបានចំណូល ហើយលក់តែរដូវចូលឆ្នាំចិន រដូវឆេងម៉េង និងសែនក្បាលទឹក។ លក់របស់របរទាំងនេះគឺជួយដល់គ្រួសារដែរ»។ 
 
ចំណូលបានមកពីការលក់អ៊ីវ៉ាន់ចូលឆ្នាំចិន មិនចំណេញច្រើននោះឡើយ ប៉ុន្តែខ្លួននៅតែលក់ជារៀងរាល់ឆ្នាំ ដើម្បីបានប្រាក់បន្ថែមចូលគ្រួសាររបស់ខ្លួន។ សម្រាប់អ្នកស្រី គន្ធា ឆ្នាំខ្លះក៏លក់ដាច់ខ្លាំង ឯឆ្នាំខ្លះក៏មិនសូវជាមានភ្ញៀវដែរ ម្លោះអ្នកស្រីពិបាកក្នុងការប៉ាន់ស្មានពីស្ថានភាព នៃឆ្នាំនីមួយៗណាស់។ អ្នកស្រីទិញទំនិញទាំងនោះ មកពីវៀតណាម ឯទំនិញខ្លះទៀត ពីចិន យកមកលក់។ 
 
មានបទពិសោធន៍លក់ប្រមាណ១០ឆ្នាំ អ្នកស្រីថា ខ្លួនលក់ដាច់ក្រដាសសែនច្រើន ជាងរបស់របរតុបតែងផ្ទះ។ ឯការទិញអីវ៉ាន់តុបតែងផ្ទះ ពេលចូលឆ្នាំចិននោះទៀតសោត គឺទៅតាមផ្ទះ និងតាមស្ថានភាពគ្រួសាររបស់អ្នកជាប់សែស្រឡាយចិន ពោលគឺមិនដូចគ្នាគ្រប់ផ្ទះឡើយ។
 
អ្នកស្រីពន្យល់ដូច្នេះ៖ «ចង់និយាយថាមួយចំនួនខ្លះ គាត់(អ្នកទិញ)តែង(ផ្ទះ) មួយចំនួនខ្លះក៏រកលុយមិនសូវបានក៏អត់តែងអ៊ីចឹងទៅ ទិញតែក្រដាសសែនតិចតួចទៅ»។ អ្នកស្រីបន្តទៀតថា៖«ដោយឡែកឆ្នាំនេះ លក់ដូរមិនសូវដូចឆ្នាំទៅមិញទេ ចង់និយាយថាគាត់រកលុយមិនសូវបានដូចឆ្នាំទៅមុន ក្រដាសតុបតែងលក់មិនសូវដាច់ទេ ដា​ច់តែក្រដាសសែន»។
 
ក្រៅពីរបរបន្ទាប់បន្សំលក់អ៊ីវ៉ាន់ចូលឆ្នាំចិន ឆេងម៉េង សែនក្បាលទឹក អ្នកស្រី គន្ធា ក៏ឆ្លៀតលក់ដូរកាំភ្លើងទឹកផងដែរ នារដូវចូលឆ្នាំខ្មែរ។ អ្នកស្រីអះអាងថា តម្រូវការប្រជាជនខ្មែរសែស្រឡាយចិននៅតែមាន អាជីវកម្មរបស់អ្នកស្រីនៅតែបន្ត ទោះចំណេញតិចក្ដី ច្រើនក្ដី៕

អ្នកស្រី កង គន្ធា កំពុងផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ 
 

Tag:
 ThmeyThmey
  ចូលឆ្នាំចិន
  លក់ឥវ៉ាន់សែន
© រក្សាសិទ្ធិដោយ thmeythmey.com