ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា និងថៃ ឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតស៊ីគ្នា
08, Feb 2024 , 6:08 pm        
រូបភាព
រដ្ឋាភិបាលកម្ពុជា និងថៃ ឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតស៊ីគ្នា ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចប្រទេសទាំងពីរ។ ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបរវាងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នាទីក្រុងបាងកក កាលពីថ្ងៃទី៧ កុម្ភៈ។


 
សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ពីព័ត៌មាននេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” នារសៀលថ្ងៃទី៨ កុម្ភៈ។
 
ឆ្លើយតបការរិះគន់ និងចម្ងល់មហាជន លើការឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតស៊ីគ្នា សម្ដេច ហ៊ុន ម៉ាណែត បានបកស្រាយថា វាមិនធ្វើឱ្យប៉ះពាល់ដល់ព្រំដែនទឹក និងបាត់បង់ដែនអធិបតេយ្យភាពកម្ពុជាឡើយ។
 
ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានពន្យល់ថា បញ្ហាព្រំដែនទឹក គឺមន្ត្រីជំនាញ នៅតែបន្តចរចា និងដោះស្រាយតាមបច្ចេកទេស ដោយមានការប្រុងប្រយ័ត្នជាមួយភាគីថៃ ដើម្បីការពារផលប្រយោជន៍ជាតិជាធំ។ ទន្ទឹមនឹងការគិតគូរពីព្រំដែនទឹកនេះ កម្ពុជា ក៏ត្រូវទាញយកផលប្រយោជន៍ពីប្រេងកាតនៅលើតំបន់ត្រួតស៊ីគ្នា ក្នុងតំបន់ឈូកសមុទ្រថៃដែរ។
 
នាយករដ្ឋមន្រ្តី ដែលបានកាន់តំណែងជាង៦ខែនេះ ថ្លែងយ៉ាងដូច្នេះថា៖«សួរថា ហេតុអ្វីបានជាយើងត្រូវពិចារណាទៅលើរឿងនេះ សន្តិសុខថាមពលជាយុទ្ធសាស្រ្តយូរអង្វែងរបស់កម្ពុជា និងថៃ ដូចគ្នា។ គ្មានអ្វីដែលអាចធ្វើបាន ហើយអាចទៅរួច បើសិនជាគ្មានថាមពលនោះទេ សូម្បីតែមនុស្សយើងក៏ត្រូវការថាមពលដែរ»។
 
រោងចក្រ សហគ្រាស សុទ្ធតែត្រូវការថាមពលអគ្គិសនី ដូច្នេះកម្ពុជា ក៏ត្រូវការផលិតឱ្យបានច្រើននូវថាមពលគ្រប់ប្រភេទ តាមលទ្ធភាពដែលអាចធ្វើបាន។ នេះជាអត្ថន័យមួយ ក្នុងខ្លឹមសាររបស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា កម្ពុជា មិនត្រូវពឹងលើច្រមុះគេ ដើម្បីដកដង្ហើមទេ ពោលគឺត្រូវពឹងលើខ្លួនឯង និងភាពជាម្ចាស់ការ។
 
«ការទាញយកថាមពលរួមគ្នា សិក្សានិងទាញយកផលប្រេង ដែលយើងមានរួមគ្នា គឺផ្ដល់ឱ្យទាំងប្រទេសកម្ពុជា និងថៃ មានលទ្ធភាពអាចដកដង្ហើមតាមច្រមុះរួមគ្នា»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលរំពឹងថា កម្ពុជា និងថៃ អាចទទួលបានផលពីប្រេង និងឧស្ម័ន នៅក្នុងតំបន់ត្រួតស៊ីគ្នានេះ ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសទាំងពីរ។
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com