ជាតិ
សេដ្ឋកិច្ច
ទំនាក់ទំនងរវាងពលរដ្ឋខ្មែរ​-ចិន មិនទាន់យល់គ្នា ដូចរដ្ឋាភិបាលទាំងពីរឡើយ !
10, Feb 2024 , 3:09 pm        
រូបភាព
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។ រូបថត៖ រាជបណ្ឌិត្យសភាកម្ពុជា
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។ រូបថត៖ រាជបណ្ឌិត្យសភាកម្ពុជា
បច្ចុប្បន្ន ចិន​ជា​​ម្ចាស់​ជំនួយ និងជាប្រទេសមានទុនវិនិយោគជាងគេសម្រាប់កម្ពុជា។ បើនិយាយពីទំនាក់ទំនងពាណិជ្ជកម្មវិញ ប្រទេសទាំងពីរ បានឈានដល់ទំហំប្រមាណ១២ពាន់លានដុល្លារ​ ដែលសម្រេចបានក្នុងឆ្នាំ២០២៣។ ក្រៅ​ពី​ផល​ប្រយោជន៍​សេដ្ឋកិច្ច ​ដែល​កម្ពុជា​ទទួល​បាន​ពី​សម្ព័ន្ធភាព​ជាមួយ​ចិននេះ ក៏​មាន​នូវផល​ប្រយោជន៍​ផ្នែក​ភូមិសាស្ត្រ​នយោបាយជាច្រើនទៀត ផងដែរ។ សមិទ្ធផលទាំងនេះកើតចេញពីទំនាក់ទំនងដ៏ស្អិតល្មួតរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេសតាម​រយៈ​ភាព​ជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយជាមួយចិន ក្នុងរយៈពេល១៤ឆ្នាំ មកនេះ។

 
ថ្វីដ្បិតទំនាក់ទំនងរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលចិន មានភាព​ស៊ីចង្វាក់គ្នាខ្លាំងស្ទើរគ្រប់វិស័យក៏ដោយ ប៉ុន្តែបើក្រឡែកទៅមើលទំនាក់ទំនងរវាងពលរដ្ឋនៃប្រទេសទាំងពីរវិញ គឺហាក់មានកម្រិតនៅឡើយ។ មានកម្រិតត្រង់ថា សកម្មភាពមួយចំនួនរបស់វត្តមានជនជាតិចិននៅកម្ពុជានាពេលកន្លងមក បានបង្កនូវរូបភាពអវិជ្ជមានជាច្រើនដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា។ 
 
ភាពអវិជ្ជមានទាំងនោះមាន អំពើឧក្រិដ្ឋកម្ម ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ចាប់ជំរិត​ ភាពគ្មានសណ្តាប់ធ្នាប់​ រួមទាំងសកម្មភាពសេដ្ឋកិច្ចដទៃទៀត ជាពិសេស​រូបភាពនៃការជាប់គាំងសំណងរាប់រយកន្លែងនៅខេត្តព្រះសីហនុ ដែលបណ្តាលមកពីការវិនិយោគយ៉ាងគំហុកពីសំណាក់ជនជាតិចិន។​ នេះ ជារបាំងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងភាសា ដែលត្រូវបានលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញពីភាពមិនយល់ចិត្តគ្នារវាងពលរដ្ឋចិន និងខ្មែរ​ មកទល់សព្វថ្ងៃ​។​ 
 
ទិដ្ឋភាពខាងលើនេះហើយ ធ្វើឱ្យប្រជាជនខ្មែរខ្លាចរអា និងវាយតម្លៃចំពោះជនជាតិចិន នាំរូបភាព ឬសកម្មភាពមិនល្អនានា​ចូលក្នុងទឹកដីកម្ពុជា​។ ជាមួយគ្នានេះ លោក គិន ភា  ក៏ដូចប្រជាពលរដ្ឋខ្មែរចំនួនទៀតបានបង្ហាញការខកចិត្តខ្លាំងចំពោះប្រជាជនចិន ផងដែរ។ ការខកចិត្តរបស់លោក គិន ភា នោះត្រង់ថា ចំនួនទេសចរចិនដែលមកកម្សាន្តនៅកម្ពុជា តិចជាងទេសចរមកពីប្រទេសជិតខាង ខណៈកម្ពុជារំពឹងមានពលរដ្ឋចិនយ៉ាងច្រើនមកលេងស្រុកខ្មែរ ក្រោយចប់កូវីដ-១៩។ 
 
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានរំឭកដល់គ្រា​ដែលអតីតនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ទៅបំពេញទស្សនៈកិច្ចនៅប្រទេសចិន កាលពីថ្ងៃទី៥កុម្ភៈ ឆ្នាំ២០២០  ដើម្បីពង្រឹង និងបង្កើនភាពសិ្នតស្នាលរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ « ពេលនោះ យើងឃើញថា អ្នកលេងបណ្តាញសង្គមចិនជាច្រើនបានបញ្ចេញមតិពីការប្តេជ្ញាចិត្ត និងគោលបំណងរបស់ខ្លួន ថាចប់កូវីដ-១៩ ថានឹងមកលេងស្រុកខ្មែរឱ្យបានច្រើន។ តែទីបំផុត! យើងឃើញថា​ក្រោយកូវីដ ភ្ញៀវចិនដែលមកកម្ពុជា ​គឺតិចមែនទែន។ បើធៀបនឹងភ្ញៀវថៃ​ ភ្ញៀវវៀតណាម គឺភ្ញៀវទេសចរចិន ឈរនៅលំដាប់លេខ៣នៅកម្ពុជា​។ នេះជារឿងមួយមិនគួរកើតឡើងទាល់តែសោះ»។ នេះជាការលើកឡើងរបស់លោក គិន ភា។
 
ដើម្បីឱ្យពលរដ្ឋខ្មែរ និងពលរដ្ឋចិន ស្គាល់ចិត្តគ្នាទៅវិញទៅមក ឬមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ រដ្ឋាភិបាលប្រទេសទាំងពីរ ត្រូវធ្វើ​យ៉ាងណាឱ្យពលរដ្ឋចិនមើលឃើញប្រជាជនខ្មែរ ជាអ្នកមានសីលធម៌  មានទំនៀមទម្លាប់ អរិយធម៌ និងប្រពៃណីដ៏ផូរផង់​​ ហើយត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរមើលឃើញថាពលរដ្ឋចិន មិនមែនជាជនអាក្រក់ ឧក្រិដ្ឋជន ជនឆបោក ​និងជនចាប់ជំរិត...ជាដើម។ 
 
ជាមួយគ្នានេះ លោក គិន ភា បានចាត់ទុក «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» ជាឱកាសដ៏ល្អនៃការបង្កើនទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ។ លោកបាននិយាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ « បើឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន នេះ ទទួលបានជោគជ័យ នោះប្រទេសទាំងពីរអាចទទួលបានផលចំណេញច្រើនពីគ្នាទៅវិញទៅមក។  ពិសេស គឺផលចំណេញក្រោមរូបភាពនយោបាយ ដែលធ្វើឱ្យទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតគ្នា  កាន់តែយល់ពីគ្នា។   នៅពេលប្រជាជនប្រទេសទាំងពីរយល់ពីគ្នា យល់ទាំងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ហើយកាន់តែខិតជិតគ្នា នោះធ្វើឱ្យទំនាក់ទំនងរវាងគ្នាកាន់តែស៊ីជម្រៅ»។ 
 
ក្រៅពីនេះ ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ ក៏ជួយជំរុញដល់កំណើនភ្ញៀវទេសចរចិននៅកម្ពុជា ផងដែរ។  បើតាមលោក គិន ភា នៅក្នុងឆ្នាំ២០២៤នេះ បើកម្ពុជាអាចទទួលបានទេសចរ៥ទៅ៦លាននាក់ នោះសេដ្ឋកិច្ចកម្ពុជានឹងរស់រានឡើងវិញខ្លាំង ។ 
 
«កំណើនភ្ញៀវទេសចរចិន ជាក្តីរំពឹងរបស់យើង ដែលធ្វើឱ្យយើងរស់ឡើងវិញនូវសេវាកម្មម្ហូបអាហារ សេវាកម្មស្នាក់នៅ ដើម្បីឱ្យប្រជាជនយើងមានការងារ មានប្រាក់ចំណូលឡើងវិញ។ ហើយប្រជាជនខ្មែរយើង អាចមានឱកាសទៅលេងស្រុកចិនវិញ តាមរយៈឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន។ ខ្ញុំមានសុទិដ្ឋិនិយមបែបនេះ»។ អ្នកជំនាញទំនាក់ទំនងអន្តរជាតិបន្ថែម៕   

Tag:
 ចិន-កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com