ជាតិ
សង្គមជាតិ
អ្នកតាមដានសង្គម ថា អ្នកសិល្បៈ និងបុគ្គលល្បី ជាកញ្ចក់សង្គម មិនគួរណាផ្សព្វផ្សាយល្បែងឡើយ
12, Feb 2024 , 8:59 pm        
រូបភាព
(ឆ្វេង) លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងលោក ប៉ា ច័ន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ។
(ឆ្វេង) លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងលោក ប៉ា ច័ន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ។
ភ្នំពេញ៖ លោក រស់ ភិរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម(គ.ល.ក) អះអាងថា រាល់សកម្មភាពផ្សាយពាណិជ្ជកម្មពីល្បែង គឺសុទ្ធសឹងតែជាអំពើខុសច្បាប់។ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នឹងចាត់វិធានច្បាប់លើក្រុមហ៊ុនណាដែលផ្សាយ។

 
នាពេលថ្មីៗ មានបុគ្គលមានទាំងតារាសម្ដែង តារាកំប្លែង និងបុគ្គលមានប្រជាប្រិយភាព បានចូលរួមផ្សព្វផ្សាយពីល្បែងអនឡាញ ឱ្យក្រុមហ៊ុន តាមរយៈផលិតវីដេអូបទចម្រៀង ឬវីដេអូខ្លីៗ ជាបន្តបន្ទាប់។ វីដេអូនោះ ត្រូវបានមហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក ចែកចាយបន្តគ្នា ហើយរិះគន់ក្រុមតារា និងបុគ្គលមានប្រជាប្រិយភាព ដែលសម្ដែងវីដេអូទាំងនោះថា «ផ្សាយល្បែងឱ្យក្មេងជំនាន់ក្រោយស្គាល់ និងចេះលេង» , «ឱ្យតែល្បីបន្តិច ផ្សាយស្រា!  ឱ្យតែល្បីបន្តិចផ្សាយល្បែង!» , «គ្មានមនសិការអាណិតដល់ជនរងគ្រោះ ដោយសារភាពល្បីរបស់អ្នកបន្តិចសោះ»។ 
 
ពាក់ព័ន្ធនឹងបុគ្គលមានប្រជាប្រិយភាព ឬ សិល្បករ និងសិល្បការិនី ដែលចូលរួមផ្សាយពាណិជ្ជកម្មល្បែងនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ក៏បានរិះគន់វីដេអូនេះថា សិល្បៈជាកញ្ចក់សង្គម សម្រាប់ដាស់សតិអារ្មណ៍ដល់អ្នករាល់គ្នា តែបែរជាសម្ដែងឱ្យគេប្រព្រឹត្តអបាយមុខទៅវិញ។ 
 
លោកចោទជាសំនួរទៀតថា «តើសង្គមយើងមានទម្រង់ដូចអ្នកសិល្បៈក្រុមនេះសម្តែងឬ? 
តើការផ្សាយពាណិជ្ជកម្មលើកទឹកចិត្តឱ្យប្រជាជនលេងល្បែងជាអំពើខុសច្បាប់ដែរឬទេ? បើមិនខុសច្បាប់, តើវាខុសខាងផ្នែកសីលធម៌ដែរឬទេ?»។ 
 
ដូចគ្នាដែរ លោក ប៉ា ច័ន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​បានលើកឡើងថា តារាសម្ដែង ជាអ្នកបំភ្លឺសង្គម តាមរយៈទេពកោសល្យនិងស្នាដៃរបស់ខ្លួន។ អ្នកតាមដានសង្គមរូបនេះ បានស្នើចំៗយ៉ាងដូច្នេះ៖ «ហេតុនេះតារាដទៃទៀតគួរយកចិត្តទុកដាក់រឿងក្រមសីលធម៌នៃសិល្បៈ…»។ 
 
លោក ច័ន្ទរឿន អំពាវនាវឱ្យតារា សិល្បៈករ បុគ្គលមានប្រជាបិ្រយ ជៀសវាងសកម្មភាព ដែលជំរុញនិង ដឹកនាំមនុស្សក្នុងសង្គមឱ្យធ្លាក់ក្នុងទង្វើអបាយមុខ ដូចជាល្បែងអនឡាញដែលនាំឱ្យអន្តរាយ។ លើសពីនេះ លោកស្នើឱ្យក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធ ក៏គួរពិនិត្យមើលសកម្មភាព នៃការផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួន ដែលខ្វះសីលធម៌និងជំរុញសង្គមឱ្យធ្លាក់ក្នុងទង្វើអបាយមុខដែរ។
 
ចំពោះការផ្សាយពាណិជ្ជកម្មល្បែងនេះ កន្លងមក គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម(គ.ល.ក) ធ្លាប់បានណែនាំហាមសកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ជាពិសេសការសម្ដែងរបស់សាធារណជន, បុគ្គលមានប្រជាប្រិយភាព (Influencers) ក្នុងវីដេអូខ្លីៗ រួមទាំងមាតិកាកម្សាន្តផ្សេងៗ តាមបណ្ដាញសង្គមនានា ដែលមានខ្លឹមសារអូសទាញឱ្យពលរដ្ឋចូលលេងល្បែង ដែលបង្កឱ្យមានផលប៉ះពាល់សង្គមយ៉ាងធ្ងន់ធ្ងរ។ 
 
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានណែនាំឱ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពផ្សាយពាណិជ្ជកម្មល្បែងគ្រប់ប្រភេទ និងគ្រប់មធ្យោបាយ រហូតដល់មានការជូនដំណឹងថ្មី។ 
 
អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានបន្ថែមថា៖ «រាល់សកម្មភាពពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយ ឬចែកចាយវីដេអូដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់រូបភាព ជាសកម្មភាពខុសច្បាប់»។ 
 
វីដេអូរាំច្រៀងជាង៣នាទី ដែលរងការរិះគន់ជាបន្តបន្ទាប់ពីការផ្សព្វផ្សាយល្បែងនាពេលថ្មីៗនេះ គឺមានប្រភពដើមពីទំព័រហ្វេសប៊ុកលែងអនឡាញមួយ។ តើក្រុមហ៊ុនល្បែងនេះ មានអាជ្ញាប័ណ្ណឬទេ? ហើយការផ្សាយទាំងនេះ ស្របច្បាប់ឬទេ? 
 
អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម លោក រស់ ភារុណ បានឆ្លើយមកកាន់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១២ កុម្ភៈ ថា គ.ល.ក មិនបានអនុញ្ញាតឱ្យក្រុមហ៊ុនណាមួយ ធ្វើសកម្មភាពផ្សាយពាណិជ្ជកម្មពីល្បែងនោះទេ។ លោកអះអាងថា រាល់ការផ្សាយទាំងនោះ ជាអំពើខុសច្បាប់។ 
 
«គ.ល.ក និងក្រសួងប្រៃសណីយ៍ សហការស្រាវជ្រាវ និងចាត់វិធានការបិទវេបសាយ និងចាត់វិធានការច្បាប់ជាបន្តបន្ទាប់»។ លោក រស់ ភិរុណ សង្កត់ធ្ងន់បែបនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com