ជាតិ
សុខភាព
កម្ពុជា រកឃើញបុរសម្នាក់ទៀតកើតជំងឺអុតស្វា ដែលជាករណីទី១០
× ភ្នំពេញ៖ បុរសម្នាក់ ដែលមានទីលំនៅនៅខណ្ឌដង្កោ រាជធានីភ្នំពេញ កើតជំងឺអុតស្វា (Mpox) ដែលជាករណីទី១០ នៅកម្ពុជា។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បញ្ជាក់ពីករណីនេះ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ ខែកុម្ភៈ ដែលបានបន្តថាបុរសខាងលើ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។
«និន្នាការនៃការចម្លងជំងឺអ៊ីមផកនៅកម្ពុជា មានការកើនឡើង ស្របគ្នានឹងនិន្នាការនៅលើសកលលោក»។ ក្រសួងសុខាភិបាលបញ្ជាក់ដូច្នេះ មុននឹងបង្ហាញទិន្នន័យយោងពីអង្គការសុខភាពពិភពលោក ដែលថានៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអ៊ឹមផកបាន និងកំពុងផ្ទុះរាលដាលក្នុងប្រទេស ចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអ៊ឹមផកសរុប ៩៣,០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦នាក់នៅលើពិភពលោក។
ក្រសួងសុខាភិបាលអំពាវនាវ ឱ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងថែរក្សា សុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ដើម្បីបង្ការការរីករាលដាលជំងឺអុតស្វាជាចង្កោម ឬទ្រង់ទ្រាយធំ ដោយត្រូវអនុវត្តនូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់។
វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមការរួមភេទគ្រប់ទម្រង់ជាមួយអ្នកជំងឺ អឹមផក និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាបាន កែវទឹក។ល។ វីរុសនេះ ឆ្លងពីម្ដាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអ៊ឹមផក៕
© រក្សាសិទ្ធិដោយ thmeythmey.com