ជាតិ
តើខេត្តកំពតមានកំណប់ទេសចរណ៍អ្វីខ្លះ?
13, Feb 2024 , 10:29 am        
រូបភាព
កំពត ជាខេត្តទេសចរណ៍ជាប់សមុទ្រដ៏ល្បីល្បាញមួយ ក្នុងចំណោមខេត្តមានសក្ដានុពលទេសចរណ៍ជាច្រើនក្នុងប្រទេសកម្ពុជា។ នោះក៏ព្រោះខេត្តកំពត មានកំណប់ទេសចរណ៍ដ៏សម្បូរបែប ដូចជាសំណង់អាគារបុរាណ ដែលបន្សល់ទុកមកជាច្រើនទសតវត្សរ៍, រូងភ្នំដែលជាទីសក្ការៈរបស់មនុស្សនាសម័យបុរាណ,ទស្សនីយភាពផ្កាថ្មក្រោមសមុទ្រដ៏ទាក់ទាញ។ ជាពិសេសទៀតនោះ គឺម្រេចកំពតដែលមានកេរ្តិ៍ឈ្មោះល្បីសុសសាយ ហើយត្រូវបានទទួលស្គាល់គុណភាពលើពិភពលោក។ ផលិតផលទេសចរណ៍ និងទីតាំងល្បីៗជាច្រើនផ្សេងទៀត ក៏មានវត្តមានក្នុងខេត្តកំពតផងដែរ។


ចាប់ពីថ្ងៃទី១៥-១៨ ខែកុម្ភៈ សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey.com) និង Cambodianess នឹងធ្វើដំណើរទៅខេត្តកំពត ដើម្បីផលិតព័ត៌មានដ៏សម្បូរបែប ពាក់ព័ន្ធនឹងទេសចរណ៍ កសិកម្ម ជំនួញខ្នាតតូច-មធ្យម ហេដ្ឋារចនាសម្ព័ន្ធបុរាណនានា វីដេអូ​ឯកសារ​ និងភាពយន្តខ្លីផងដែរ។ បេសកកម្មនេះជាកិច្ចសហការរវាងថ្មីៗ និងរដ្ឋបាលខេត្តកំពត ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីផ្សព្វផ្សាយពីទីតាំងទេសចរណ៍ដែលមានសក្ដានុពលនានា និងផលិតផលអត្តសញ្ញាណប្រចាំតំបន់ដល់ទេសចរក្នុងស្រុក និងបរទេសឱ្យស្គាល់កំពតកាន់តែច្រើនថែមទៀត។
 
ក្នុងបេសកកម្មនេះ គោលដៅដំបូងយើងនឹងចុះទៅផលិតព័ត៌មានដ៏សម្បូរបែបនៅជុំវិញក្រុងកំពត ដែលមានដូចជាទីតាំងស្រះឈូក ឬស្រះបុរាណប្រចាំក្រុងកំពត មានរូបសំណាកបុរាណជាច្រើន,សំណង់បេតិកភណ្ឌសេសសល់តាំងពីសម័យអាណាព្យាបាលបារាំង,ផ្សាររាត្រីកំពត និងតំបន់ទេសចរណ៍ផ្សារក្រណាត់។ ក្រៅពីនេះ យើងក៏ទៅផលិតព័ត៌មានពីវត្តត្រើយកោះ ដែលជាទីតាំងមានវត្ថុបុរាណជាច្រើន និងទេសភាពដ៏ត្រកាល រួមទាំងសេវាកម្មទេសចរណ៍ជាច្រើនទៀតក្នុងក្រុងកំពតផងដែរ។ 
 
បញ្ចប់បេសកកម្មក្នុងក្រុងកំពតរយៈពេល២ថ្ងៃ យើងនឹងបន្តទៅផលិតព័ត៌មាននៅស្រុកទឹកឈូ មានដូចជា ភ្នំឈ្ងោក ទំនប់ប្រទ័ក្សក្រឡា ភ្នំនាងសេដាឱន កសិទេសចរណ៍ចម្ការម្រេច ឋានសួគ៌ភ្នំវល្លិ៍ សហគមន៍ទេសចរណ៍ត្រពាំងសង្កែ និងកំពង់សាមគ្គី និងស្រែអំបិលជាដើម។ ទីតាំងទាំងអស់នេះ ភ្ញៀវទេសចរអាចធ្វើសកម្មភាពនានាដូចជា ផ្សងព្រេងក្នុងព្រៃ ឡើងភ្នំ ទស្សនាប្រាសាទក្នុងរូងភ្នំ ជិះទូកមើលសត្វស្លាបលើអាងទឹកដ៏ធំ ជិះរថភ្លើងកែច្នៃតាមចង្កេះភ្នំ កម្សាន្តទឹកជ្រោះចម្ការក្នុងចម្ការដំណាំ និងទស្សនាព្រៃកោងកាងផងដែរ។
 
លោក-អ្នកនាងអាចរង់ចាំទស្សនាវីដេអូព័ត៌មានដ៏សម្បូរបែប រូបភាពស្រស់ស្អាតពីតំបន់ទេសចរណ៍នានាក្នុងខេត្តកំពត នៅលើផេកហ្វេសប៊ុកសារព័ត៌មានឌីជីថលថ្មីៗ និងផ្សាយជាភាសាអង់គ្លេសលើ Cambodianess៕​

Tag:
 ទេសចរណ៍
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com