ជាតិ
នាយគ្រឿន ប្រកាសឈប់ផ្សាយស្រា និងល្បែងមួយជីវិត ក្រោយរងការរិះគន់
13, Feb 2024 , 12:01 pm        
រូបភាព
រូបពីហ្វេសហ៊ុកផេក នាយគ្រឿន Neay Kroeun
រូបពីហ្វេសហ៊ុកផេក នាយគ្រឿន Neay Kroeun
ភ្នំពេញ៖ តារាកំប្លែងទឹកមុខស្ងួត លោក ចែម សារឿន ហៅ នាយគ្រឿន ដែលទទួលរងការរិះគន់ធ្ងន់ធ្ងរ ក្រោយលោកបានផ្សាយពីល្បែងតាមអនឡាញ តាមរយៈបទចម្រៀងនោះ បានសម្រេចចិត្តឈប់ផ្សាយល្បែងនិងស្រា អស់មួយជីវិត។ នាយ គ្រឿន សម្រេចបោះបង់ប្រាក់រាប់ម៉ឺនដុល្លារពីការផ្សាយល្បែងនេះ មិនមែនដោយសារតែពាក្យជេរប្រមាថ របស់សាធារណជនឡើយ ប៉ុន្តែដោយសារតែពាក្យអ្នកគាំទ្រមួយរូប។



នាយ គ្រឿន ថាក្នុងចំណោម អ្នកបញ្ចេញមតិយោបល់រាប់រយនាក់ ដែលបានជេរប្រមាថលោក គឺមានតែអ្នកបញ្ចេញមតិយោបល់ម្នាក់គត់ ដែលធ្វើឱ្យលោកយល់តម្លៃពិតរបស់ខ្លួនឯង ហើយប្ដេជ្ញាឈប់ផ្សាយល្បែង និងស្រាបៀ។
 
«មូលហេតុដែលខ្ញុំឈប់ផ្សាយទាំងស្រា ទាំងល្បែងនេះ ដោយសារតែមាន Comment (ការបញ្ចេញមតិយោបល់) របស់បងប្រុសតែម្នាក់គត់ ក្នុងចំណោមបងប្អូនដែល Comment ជេរខ្ញុំរាប់រយនាក់។ គាត់ថា គាត់ស្រឡាញ់ខ្ញុំ គាត់គាំទ្រខ្ញុំ ប៉ុន្តែគាត់មិនចង់ឱ្យខ្ញុំផ្សាយល្បែង។ គាត់និយាយតែប៉ុណ្ណឹង គឺខ្ញុំសម្រេចចិត្តថា ឈប់ធ្វើបណ្ដោយ»។ នេះជាការអះអាងរបស់នាយ គ្រឿន ក្នុងឃ្លីបវីដេអូ ជិត៧នាទី ដែលបានផ្សាយនៅថ្ងៃទី១៣ កុម្ភៈ។
 
លោក សារឿន ដែលជាអ្នកកំប្លែងមុខស្ងួតនោះ បានសុំបញ្ចប់កិច្ចសន្យាជាមួយ វេបសាយកម្សាន្តនៅពាក់កណ្ដាលទី ក្រោយមានការមិនពេញចិត្តពីមហាជន។ លោកក៏បានអរគុណវេបសាយកម្សាន្ត ដែលបានយោគយល់ និងមិនប្ដឹងលោក។
 
ទឹកប្រាក់ដែលបានពីការផ្សាយល្បែងនេះ លោកថា ខ្លួនទទួលបានខ្ទង់ម៉ឺនដុល្លារ ប៉ុន្តែលោកព្រមបោះបង់ចោល ដើម្បីឱ្យសាធារណជនសប្បាយចិត្ត។
 
មិនត្រឹមតែល្បែងឡើយ សូម្បីស្រាបៀ ដែលតារាកំប្លែងរូបនេះ នឹងទទួលបានប្រាក់ខ្ទង់ម៉ឺនដុល្លារដែរនោះ ក៏លោកប្រកាសឈប់ផ្សាយដែរ។ និយាយទាំងទឹកមុខស្រងូតស្រងាត់ នាយ គ្រឿន ដែលតែងតែនាំអារម្មណ៍មហាជនសប្បាយរីករាយនោះ បានអះអាងថា ខ្លួនគ្រាន់តែជាកម្ទេចនៃអ្នកសិល្បៈមួយរូប ប្រសិនសាធារណជនមិនពេញចិត្ត លោកក៏យល់ព្រមឈប់ធ្វើ។ ជាមួយការប្ដេជ្ញាចិត្តនេះ នាយ គ្រឿន បានពោលថា លុយ អាចប្រើលោកបាន ប៉ុន្តែមិនអាចទិញក្បាលលោកបានទេ។ 
 
«ខ្ញុំមិនមែនជាតារាគំរូអ្វីទេ គ្រាន់តែថាបើបងប្អូនមិនសប្បាយចិត្ត តើយើងនៅផ្សាយធ្វើអីទៀត? សុខចិត្តថា មានអ្វីស៊ីហ្នឹងទៅ។ ធ្វើអ្វីបានប៉ុណ្ណា យកប៉ុណ្ណឹងទៅ។ សំខាន់ពាក់ព័ន្ធជាមួយល្បែងនេះ១ និងស្រានេះ២ គឺខ្ញុំឈប់ផ្សាយមួយជីវិត»។ នេះជាសម្ដីរបស់តារាកំប្លែងមុខស្ងួត។ 
 
នាយគ្រឿន បានបន្តរៀបរាប់ថា កាលពី១០ឆ្នាំមុន នៅពេលចូលសិល្បៈដំបូងៗ លោកក៏ធ្លាប់ទទួលផ្សាយស្រាដែរ។ កាលនោះក៏មានសាធារណជនរិះគន់ លោកក៏ឈប់ផ្សាយ។ អស់រយៈពេល៧ទៅ៨ឆ្នាំហើយ ដែលលោកមិនផ្សាយស្រា តែដោយសារលោកបានឃើញតារាកំពូលល្បីៗ ដែលសាធារណជនពេញចិត្ត និងគាំទ្រ បាននាំគ្នាផ្សាយស្រាបៀនោះ ទើបលោកសម្រេចចិត្តផ្សាយស្រាឡើងវិញ នារយៈពេល២ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែពេលនេះ លោកបានប្ដេជ្ញាចិត្តដាច់ស្រឡះ ថានឹងឈប់ផ្សាយស្រារហូត។
 
លោក ចែម សារឿន បានសូមការអភ័យទោស ពីសាធារណជន ចំពោះកំហុសឆ្គង។ ឆ្លៀតក្នុងឱកាសនោះ លោកបានស្នើដល់សាធារណជន កុំជេរម្ដាយលោក ព្រោះគាត់មិនដឹងរឿងអ្វីទេ។

និយាយដល់ត្រង់នេះ ច្រមុះនាយគ្រឿនកាន់តែក្រហម ហាក់បង្ហាញអារម្មណ៍សោកសង្រេង ចំពោះកំហុសអចេតនារបស់ខ្លួន តែមិនគួរណាមានអ្នកនិយាយប៉ះពាល់ដល់អ្នកមានគុណខ្លួនឡើយ។ 
 
«ម៉ែខ្ញុំគាត់ប្រាប់ហើយ កូនឯងទៅណាក៏ដោយ ឱ្យបានសុខ ឱ្យមានគេស្រឡាញ់ចូលចិត្ត កុំមានជម្លោះ កុំឱ្យមានសត្រូវ យើងបានសុខ គេបានសុខ។ ហើយបើខ្ញុំបានសុខ បងប្អូនមិនបានសុខ ខ្ញុំមិនធ្វើទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់នាយ គ្រឿន។
 
បើទោះបីជាមានគេជេរប្រមាថលោក និងម្ដាយក្ដី ក៏នាយគ្រឿន មិនតបតវិញឡើយ។ សម្រាប់នាយគ្រឿន ការឈ្លោះគ្នា រវាងខ្មែរនិងខ្មែរ មិនមានប្រយោជន៍ឡើយ ពោលគឺមានការវិនាសជាតិឯងទៅវិញ។
 
ជាចុងក្រោយនាយ គ្រឿន ដាស់តឿនសាធារណជនបែបនេះ៖«ខ្ញុំផ្សាយខ្ញុំបានលុយ ប៉ុន្តែប្រយ័ត្នបងប្អូន បញ្ជាខ្លួនឯងមិនបានណា។ បងប្អូនខ្លះប្រមាថខ្ញុំ ជេរខ្ញុំ ថាខ្ញុំផ្សាយល្បែង ប៉ុន្តែសំខាន់បងប្អូន ប្រយ័ត្នហាមឃាត់ខួរក្បាលខ្លួនឯងមិនបាន ទៅលេងល្បែង ព្រោះចង់បានលុយគេ។ ប្រយ័ត្នវិនាសខ្លួនឯង ខ្ញុំអត់ដឹងទេ។ បើខ្ញុំឈប់ផ្សាយ ក៏មានគេផ្សាយច្រើនដែរ នៅទូទាំងប្រទេស គ្រប់ច្រកល្ហកដដែល»៕ 

Tag:
 សិល្បៈ
  ល្បែង
  ស្រា
 
© រក្សាសិទ្ធិដោយ thmeythmey.com