ជាតិ
មួយឆ្នាំមានម្តង អ្នកភូមិបង្កោងមកចាប់ត្រីរួមគ្នា នៅត្រពាំងបឹងអភិរក្សយ៉ាងសប្បាយរីករាយ
13, Feb 2024 , 7:39 pm        
រូបភាព
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ រៀងរាល់ឆ្នាំ អ្នកភូមិបង្កោងតែងប្រារព្ធពិធីចាប់ត្រីរួមគ្នា នៅក្នុងត្រពាំងបឹងអភិរក្ស  ដោយមានពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ស្ទើរតែអស់ពីភូមិ។ ពេលចាប់ត្រីបាន ពួកគេនាំគ្នាដុត ឬអាំងត្រីហូបជុំគ្នាក្បែរមាត់បឹង។ ម្នាក់ៗបង្ហាញអារម្មណ៍សប្បាយរីករាយ​ឥតឧបមា។

 
ដោយមានសំណាញ់កាន់ជាប់នឹងដៃ លោក វ៉ុន មេង អ្នកភូមិបង្កោង តែងតែចូលរួមចាប់ត្រីជុំគ្នា នៅត្រពាំងបឹងអភិរក្សនេះ ជារៀងរាល់ឆ្នាំ។ ឆ្នាំមុនៗ លោកអាចចាប់ត្រីច្រើនគួរសម ។ លោក មេង មានអារម្មណ៍រីករាយជាខ្លាំង ដែលបានមកបង់ត្រីជុំគ្នា​បែបនេះ។ 
 
សូមទស្សនាវីដេអូខាងក្រោមនេះ៖

 
ដោយឡែក យុវជនម្នាក់ហាក់មិនសូវសប្បាយចិត្ត ព្រោះមានពលរដ្ឋភូមិផ្សេងចូលរួមច្រើនពេក ដែលធ្វើឱ្យខ្លួន មិនអាចបង់ត្រីបានច្រើនដូចមុន។ យុវជន ណាន់ ឌីណា បង់សំណាញបានត្រីផ្ទក់ និងត្រីអណ្តែងតូចៗ តែពីរ-បីគីឡូក្រាមប៉ុណ្ណោះ។
 
កំពុងអាំងត្រី ខណៈពេលដែលប្ដីរបស់ខ្លួនចុះទៅបង់ត្រី អ្នកស្រី ឆាយ ម៉ុន មើលឃើញថា ឆ្នាំនេះ មានពលរដ្ឋចូលរួមពិធីបង់ត្រីច្រើនជាងឆ្នាំមុន ដូច្នេះបើអ្នកណាពូកែបង់នោះ ទើបអាចរកត្រីបានច្រើន។
 
គួររំលឹកថា ក្រោយចប់ពិធីបង់ត្រីរួមគ្នានេះ អ្នកភូមិនាំគ្នាយកសម្រាស់ឈើ​ទៅស្រាស់​ជុំវិញត្រពាំងបឹង ដើម្បីបង្កើនពូជត្រីឡើងវិញ។ បន្ទាប់មកអ្នកភូមិយកត្រីមួយចំនួន ដែលបង់បាន ធ្វើទឹកនំបញ្ចុក ដើម្បីចូលរួមពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ ទៅតាមប្រពៃណី​តាំងពីបុរាណ​របស់អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង៕
 










© រក្សាសិទ្ធិដោយ thmeythmey.com