កីឡាជាតិ
ជាតិ
ដកខ្សែក្រវ៉ាត់ ធន អៀងឡៃ វិញ ហើយដាក់ពិន័យចៅក្រម ដើម្បីបញ្ចប់ពាក្យបណ្ដឹងរបស់ រិន ដេវីត
13, Feb 2024 , 5:29 pm        
រូបភាព
កីឡាករ រិន ដេវីត បង្គោលក្រហម រូបពី ផុន សំណាង
កីឡាករ រិន ដេវីត បង្គោលក្រហម រូបពី ផុន សំណាង
កីឡាករ រិន ដេវីត បានដាក់ពាក្យបណ្ដឹង ក្រោយចៅក្រម សម្រេចឲ្យរូបគេ ចាញ់ ធន អៀងឡៃ ក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ទម្ងន់៦០គីឡូក្រាម កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសង្វៀនទូរទស្សន៍ថោន។ ក្រោយពិនិត្យលើអង្គហេតុឡើងវិញ សហព័ន្ធប្រដាល់គុនខ្មែរ បានសម្រេចដកខ្សែក្រវ៉ាត់មកវិញ ហើយឲ្យកីឡាករទាំង២ ប្រកួតដណ្ដើមខ្សែក្រវ៉ាត់ម្ដងទៀត។ សហព័ន្ធ ក៏តម្រូវឲ្យ ធន់ អៀងឡៃ ចែកប្រាក់រង្វាន់ពាក់កណ្ដាលទៅ រិន ដេវីត ខណៈចៅក្រម ៣រូប នឹងត្រូវទទួលពិន័យ ដោយព្យួរការងារមួយរយៈ។



កីឡាករ រិន ដេវីត បានដាក់ពាក្យបណ្ដឹងភ្លាមៗ ក្រោយមិនព្រមទទួលយកការដាក់ពិន្ទុរបស់ចៅក្រម ដែលសម្រេចឲ្យខ្លួនចាញ់ ធន់ អៀងឡៃ ក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ទម្ងន់ ៦០គីឡូក្រាមនេះ។
 
លោក ខូវ ឆាយ បាននិយាយថា​ ការដាក់បណ្ដឹងនេះ គឺមិនខុសពីនីតិវីធី ដែលបានចងក្រងឡើយ ព្រោះ រិន ដេវីត បានប្រតិកម្ម និងដាក់ពាក្យបណ្ដឹងភ្លាមៗ ក្រោមរយៈពេល ៣០នាទី ក្រោយការប្រកាសលទ្ធផល។ ថ្នាក់ដឹកនាំសហព័ន្ធរូបនេះ បានបន្ថែមថា គណៈកម្មាធិការ និងមន្ដ្រីសហព័ន្ធ បានសិក្សាពីអង្គហេតុ ហើយពិនិត្យមើលវីដេអូឡើងវិញ ទើបត្រូវការចំណាយពេល ៤ថ្ងៃ ដើម្បីបញ្ចប់ករណីនេះ កាលពីថ្ងៃទី១២ កុម្ភៈ។
  
អនុប្រធានសហព័ន្ធរូបនេះ បានពន្យល់បន្ថែមថា ការប្រកាសលទ្ធផលលើសង្វៀន គឺមិនអាចកែប្រែបានទេ ព្រោះជាច្បាប់សកល នៃកីឡា ប៉ុន្ដែចំពោះយុត្តិធម៌ ត្រូវតែរកជូនកីឡាករ  ដើម្បីទទួលបានទំនុកចិត្តពីអ្នកគាំទ្រប្រដាល់ទាំងអស់។
 
ឡុង សំណាង គ្រូជំនួយរបស់ រិន ដេវីត បង្ហាញកាយវិការមិនពេញចិត្ត ចំពោះលទ្ធផល រូបពី ផុន សំណាង
 
«នៅក្នុងកីឡា ច្បាប់សកល មិនមានការកែប្រែលទ្ធផលទេ។ ទោះបាល់ទាត់ឧទាហរណ៍ថា បាល់ប៉េណាលទីខុស ទោះរកឃើញថា អាជ្ញាកណ្ដាលខុស យើងតវ៉ាបន្ទាប់ពីការប្រកួតទៅ គេនឹងយកវីដេអូមកមើលឡើងវិញ។ បើគេមើលឃើញថា បាល់នោះកាត់សេចក្ដីខុសមែន ប៉ុន្ដែបើបាល់ប៉េណាល់ទីចូលហើយ គេមិនដែលលុបលទ្ធផលនោះទេ។ ជាច្បាប់សកលរបស់កីឡា។

យើងមានការស្នើពីមហាជន ហើយដើម្បីឲ្យមានតម្លាភាព ដល់កីឡាករ។ យើង សុខចិត្តដកខ្សែក្រវ៉ាត់មកវិញ ហើយឲ្យវាយម្ដងទៀត។»។ លោក ខូវ ឆាយ បាននិយាយដូច្នេះ។
 
ដោយឡែក ចៅក្រុមចំនួន៣នាក់ក្នុងចំណោម ៥រូប ដែលសហព័ន្ធប្រដាល់គុនខ្មែរ រកឃើញភាពមិនប្រក្រតីក្នុងការដាក់ពិន្ទុ នឹងត្រូវដាក់ពិន័យ។ ចំពោះចៅក្រមរងការដាក់ពិន័យនោះ លោក ខូវ ឆាយ សូមមិនបញ្ចេញឈ្មោះឡើយ ដោយគ្រាន់តែប្រាប់ថា ពួកគេទាំង៣រូប អាចឈានដល់ការព្យួរការងារមួយរយៈ។ រីឯការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ រិន ដេវីត និង ធន់ អៀងឡៃ  ដែលត្រូវរៀបចំឡើងវិញនោះ ក៏មិនទាន់បានកំណត់ពេលវេលានៅឡើយដែរ៕
 

Tag:
 ខូវ ឆាយ
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com