ជាតិ
ថ្ងៃ ៧ ធ្នូ ជា“ទិវាជាតិអ្នកនិពន្ធ” នៅកម្ពុជា
13, Feb 2024 , 5:59 pm        
រូបភាព
សិស្ស និស្សិត យុវជន និងពលរដ្ឋចាស់ក្មេង ដើរមើល និងទិញសៀវភៅនៅក្នុងពិព័រណ៍សៀវភៅកន្លងមក
សិស្ស និស្សិត យុវជន និងពលរដ្ឋចាស់ក្មេង ដើរមើល និងទិញសៀវភៅនៅក្នុងពិព័រណ៍សៀវភៅកន្លងមក
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា “ទិវាជាតិអ្នកនិពន្ធ” ។ ការកំណត់នេះ ធ្វើឡើងក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ វប្បធម៌ និងសាសនា ។



លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានប្រាប់សារព័ត៌មាន​ថ្មីៗថា នៅកម្ពុជា មានទិវាច្រើនហើយ ប៉ុន្តែ “ទិវាជាតិអ្នកនិពន្ធ” មានលក្ខណៈប្លែកជាងគេ។ បើតាមលោក ប្រណីត ទិវានេះ មិនសំដៅតែលើអ្នកនិពន្ធប្រលោមលោកឡើយ ប៉ុន្តែសម្រាប់អ្នកនិពន្ធគ្រប់ផ្នែក ទាំងប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ និងសិល្បៈផ្សេងៗ។
 
«ទិវានេះ ដូចជាថ្ងៃបុណ្យភ្ជុំរបស់អ្នកនិពន្ធអ៊ីចឹង គឺសម្រាប់ជួបជុំអ្នកនិពន្ធ។ តទៅយើងនឹងរួមគ្នា ដើម្បីគិតធ្វើអ្វីខ្វះ សម្រាប់ថ្ងៃនេះ»។ នេះជាការបញ្ជាក់របស់លោក ព្រឿង ប្រណី។
 
ទោះជាយ៉ាងណា លោក ប្រណីត ពុំទាន់អាចប្រាប់ជាក់លាក់ឡើយ ថាទិវានេះ នឹងមានកម្មវិធីអ្វីខ្លះ សម្រាប់អ្នកនិពន្ធ។ 
 
សូមបញ្ជាក់ថា គំនិតផ្ដួចផ្ដើម ក្នុងការបង្កើត “ទិវាជាតិអ្នកនិពន្ធ” នេះ បានធ្វើឡើង កាលពីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជំនួបរវាង សមាគមអ្នកនិពន្ធខ្មែរ ជាមួយអតីតនាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន សែន ដោយកាលនោះ សម្ដេចបានគាំទ្រឱ្យមានការបង្កើតទិវានេះ៕
 

Tag:
 អក្សរសិល្ប៍
  អក្សរសាស្ត្រ
  និពន្ធ
  ទិវាជាតិ
 
© រក្សាសិទ្ធិដោយ thmeythmey.com