ជាតិ
សង្គមជាតិ
ប្រធានមន្ទីរទេសចរណ៍ និងអនុប្រធានសសយកសៀមរាប ឡើងជាអភិបាលរងខេត្ត
13, Feb 2024 , 9:06 pm        
រូបភាព
(ឆ្វេង) លោក លី សារី (កណ្ដាល) លោក ង៉ូវ សេងកាក់ (ស្ដាំ) លោក សំកុល សុចិត្រា ក្នុងពិធីប្រកាសកាន់តួនាទីជាអភិបាលរងខេត្តសៀមរាប។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
(ឆ្វេង) លោក លី សារី (កណ្ដាល) លោក ង៉ូវ សេងកាក់ (ស្ដាំ) លោក សំកុល សុចិត្រា ក្នុងពិធីប្រកាសកាន់តួនាទីជាអភិបាលរងខេត្តសៀមរាប។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ និងលោក សំកុល សុចិត្រា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប។

 
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប មានឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៦ និងលោក សំកុល សុចិត្រា ដែលកន្លងមកគេដឹងថា ជាអនុប្រធានសសយកខេត្តសៀមរាប និងមានឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៤ ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាអភិបាលរងខេត្តសៀមរាបជាផ្លូវការ នៅរសៀលថ្ងៃទី១៣ កុម្ភៈ។ អ្នកទាំងពីរ ឡើងកាន់តំណែងជាអភិបាលរងជំនួសអភិបាលរងចាស់ រួមមានលោកស្រី យូ សុភា ចប់អាណតិ្ត និងត្រូវទៅធ្វើការនៅក្រសួងមហាផ្ទៃ និងលោក ឃឹម ហ្វីណង់ ដូរការងារទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅទីនោះ លោកមានតួនាទីជាអនុរដ្ឋលេខាធិការ។ 
 
ក្រៅពីនេះ លោក លី សារី ក៏បានផ្ទេរការងារពីអភិបាលរងខេត្តបន្ទាយមានជ័យ មកកាន់តួនាទីដូចគ្នានៅខេត្តសៀមរាបផងដែរ។ 
 
ថ្លែងនាឱកាសនោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បានកោតសរសើរចំពោះ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបន្តសហការគ្នា លើការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានជំរុញការអភិវឌ្ឍខេត្តសៀមរាប ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ លោកក៏រំពឹងថា អភិបាលរងថ្មីទាំងបីរូប នឹងប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅជួយឱ្យខេត្តសៀមរាបមានការរីកចម្រើនលូតលាស់បន្ថែមទៀត៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com