ជាតិ
១៤កុម្ភៈ! លោក តុង សុប្រាជ្ញ សិក្សាឃើញថា ទង្វើ​ភ្លើតភ្លើន​ថយ​ចុះ ដោយយុវជនបែរនាំគ្នាទៅមើលកុន ដើរផ្សារទំនើប
14, Feb 2024 , 4:59 pm        
រូបភាព
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤នេះ យុវជនមានការចាប់អារម្មណ៍លើបុណ្យនៃក្ដីស្រលាញ់តិចជាងមុនពាក់កណ្ដាល ដែលនាំឱ្យយុវវ័យដែលអាចនឹងរួមភេទនៅថ្ងៃនៃក្តីស្រឡាញ់ មានការធ្លាក់ចុះ៥ដង បើ​ប្រៀបធៀប​ទៅនឹង​ការសិក្ស។ ប៉ុន្តែទោះយ៉ាងណាក៏ដោយចំនួនយុវជនដែលបង្ខំមិត្តស្រីរួមភេទ មិនថយចុះនោះឡើយ។ នេះបើតាមការស្រាវជ្រាវបែបបរិមាណវិស័យរបស់លោក តុង សុប្រាជ្ញអនុបណ្ឌិតផ្នែកសុខភាពសាធារណៈ និងអនុបណ្ឌិតផ្នែកធុរកិច្ចអន្តរជាតិ។ 


 
លោក តុង សុប្រាជ្ញបានសិក្សាស្រាវជ្រាវតាមដានបែបបរិមាណវិស័យទៅលើយុវជនចំនួន ១៤៦៩នាក់ នៅទីក្រុងភ្នំពេញក្នុងនោះមានប្រុសចំនួន ៦៦៤នាក់ និងស្រី ចំនួន៨០៥នាក់។ ក្នុងរបាយការណ៍របស់ លោក តុងសុប្រាជ្ញ បានបង្ហាញថា យុវវវ័យមានការចាប់អារម្មណ៍ចំពោះថ្ងៃនៃក្តីស្រឡាញ់ថាជាថ្ងៃពិសេសជាមួយសង្សារ មានចំនួនតិចជាងមុនជិតពាក់កណ្តាល។ 
 
ជាមួយគ្នានេះ យុវជនមានផែនការចេញក្រៅដើរលេងនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ធម្មតា តែភាគច្រើនទៅលេងផ្សារទំនើបនិងរោងកុន(៣៨,៧%) នៃយុវវ័យផ្តល់សម្ភាសន៍សរុប
ខណៈពីមុនកន្លែងដែលពេញនិយមសម្រាប់យុវជននៅថ្ងៃនោះ គឺខារ៉ាអូខេ បាក់ខែង កៀនស្វាយកោះដាច់ និងចូលផ្ទះសំណាក់ ឬក៏សណ្ឋាគារ។ 
 
 



បើតាមរបាយការណ៍ដដែល   ការទិញវត្ថុអនុវស្សវរីយ៍កាដូ និងផ្កាសម្រាប់យុវវ័យមានគូសង្សារ ក៏មានការធ្លាក់ចុះជាងពាក់កណ្តាលដែរ។ ប៉ុន្តែមានការកើនឡើងនូវការទិញវត្ថុជាកាដូរថ្លៃៗដូចជាខោអាវ តុក្កតា និងគ្រឿអលង្ការឱ្យមិត្តស្រី និងមិត្តប្រុសទៅវិញ។ «វាមានការថយចុះគួរឱ្យកត់សម្គាល់ចំពោះយុវវ័យដែលធ្វើសកម្មភាពរ៉ូមែនទិក ដូចជាញ៉ាំបាយថ្ងៃត្រង់ និងពេលល្ងាច និងទៅក្លឹបកម្សាន្តនានា នៅថ្ងៃនៃក្តីស្រឡាញ់ប្រៀបធៀបទៅនឹងការសិក្សាស្រាវជ្រាវលើកមុនៗ»។
 
ចំណែកឯ ទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យដែលអាចនឹងរួមភេទនៅថ្ងៃនៃក្តីស្រឡាញ់ ក៏មានការធ្លាក់ចុះ៥ដងបើប្រៀបធៀបជាមួយនឹងការសិក្សាកាលពី១៥ឆ្នាំមុន (២០០៩: ១២,៤% ទល់នឹង២០២៤: ២,២%)។ ប៉ុន្តែចំនួនយុវជនដែលមានបំណងបង្ខំមិត្តស្រីឱ្យរួមភេទជាមួយមិនថយចុះនោះទេ បើគិតពីឆ្នាំ២០០៩ (១៧ករណីក្នុងឆ្នាំ២០០៩, n=២៥ ប្រៀបធៀបនឹងឆ្នាំ២០២៤  មាន១៦ករណីដែរ,n=២៥) ។ 
 
«យ៉ាងហោចណាស់ ២៤ ភាគរយនៃយុវជនមានបំណងរួមភេទ(n=២៥) ដែលរំពឹងថានឹងមានការរួមភេទនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់មានបំណងទិញកាដូថ្លៃៗដើម្បីដាក់សម្ពាធលើមិត្តស្រីឬដៃគូរបស់ពួកគេហើយសមាមាត្រស្រដៀងគ្នានេះគ្រោងនឹងនាំ   ដៃគូរបស់ពួកគេចេញពីទីក្រុងដើម្បីគេងជាមួយ។
 
ផ្ទុយទៅវិញ មួយភាគបី(៣២.០%)នៃយុវជនបានបង្ហាញថាពួកគេនឹងរួមភេទតែមិនរួមភេទបើមិនមានការយល់ព្រមពីដៃគូរបស់គាត់ដោយបញ្ជាក់ថា៖«ទេ!ខ្ញុំនឹងមិនអើពើនឹងការរួមភេទ ហើយគ្រាន់តែ ដើរលេងជាមួយគ្នាដើម្បីសប្បាយ»។ 
 
ដោយឡែកចំពោះ  ឪពុកម្តាយដែលមានការយល់ដឹងចំពោះបំណងរបស់កូនៗនៅថ្ងៃនៃក្តីស្រឡាញ់នេះគឺមានប្រែប្រួលតិចតួចប៉ុណ្ណោះ ក្នុងរយៈពេលជាង១៥ឆ្នាំចុងក្រោយនេះ។
 
បើតាមរបាយការណ៍ដដែលដើម្បីទប់ស្ដាត់លើបញ្ហាដែលកើតមាននៅថ្ងៃបុណ្យនៃក្ដីស្រលាញ់ គួរតែផ្តោតលើការលើកកម្ពស់វប្បធម៌ខ្មែរសិទ្ធិក្នុងការរួមភេទ ការយល់ព្រមផ្លូវភេទ និងការអប់រំការប្រើប្រាស់ស្រោមអនាម័យទៅតាមពេលវេលាមិនផ្តោតការយកចិត្តទុកដាក់តែថ្ងៃនៃក្តីស្រឡាញ់ប៉ុណ្ណោះទេ៕ 

Tag:
 បុណ្យនៃក្ដីស្រឡាញ់
© រក្សាសិទ្ធិដោយ thmeythmey.com