ជាតិ
សង្គមជាតិ
ខេត្តសៀមរាបមានឡានក្រុងសាធារណៈដំបូង និងប្រើប្រាស់មិនគិតថ្លៃ
15, Feb 2024 , 10:59 pm        
រូបភាព
ចំណតឡានក្រុងសាធារណៈ ក្នុងក្រុងសៀមរាប។ រូបភាព ស៊ុល រ៉វី៕
ចំណតឡានក្រុងសាធារណៈ ក្នុងក្រុងសៀមរាប។ រូបភាព ស៊ុល រ៉វី៕
សៀមរាប៖ ខេត្តសៀមរាប ចាប់ផ្ដើមសាកល្បងដាក់ឱ្យប្រើប្រាស់ឡានក្រុងសាធារណៈ ទៅវិញទៅមករវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដើម្បីសម្រួលការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។ បើតាមលោក អ៊ឹង សុភ័ណ នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ចំណតឡាននេះមានចំនួន១២ចំណត ដោយចាប់ពីផ្សារក្រុងរុនតាឯក, ឆ្លងកាត់ពាក់កណ្ដាលវង់តូចរមណីយដ្ឋានអង្គរ, ភូមិព្រះដាក់,...រហូតដល់ចំណតក្នុងក្រុងសៀមរាប ស្ថិតនៅសួនហាត់ប្រាណ ខាងកើតសួនព្រះរាជដំណាក់។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងអ្នកសារព័ត៌មាន ជាមួយលោក អ៊ឹង សុភ័ណ នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ដូចតទៅ៖ 

 
ចំណតឡានក្រុងសាកល្បងនៅក្រុងសៀមរាប ស្ថិតនៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប ដោយមានម៉ោងចេញដំណើរ ចំនួន៩ជើង ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច។ ចំណែកចំណតឡាននៅក្រុងរុនតាឯកវិញ ស្ថិតនៅផ្សារតំបន់អភិវឌ្ឍន៍រុនតាឯក នឹងចេញដំណើរ១០ជើងក្នុងមួយថ្ងៃ ចាប់ពីម៉ោង៥កន្លះព្រឹក ដល់ម៉ោង៦នាទីល្ងាច។ 
 
ដោយឡែកម៉ោង ៩ព្រឹក, ម៉ោង ១១ព្រឹក និងចាប់ពីម៉ោង១រសៀល ដល់ម៉ោង៣រសៀល មិនមានម៉ោង (រថយន្តមិនចេញដំណើរ) សម្រាប់ពលរដ្ឋធ្វើដំណើរទៅមក ក្រុងរុនតាឯកតេជោសែន ទៅក្រុងសៀមរាប ឡើយ។
 
 គួរជម្រាបថា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចបង្កើត «ក្រុងរុនតាឯកតេជោសែន»ឡើង នៅថ្ងៃទី១១មករា ឆ្នាំ២០២៤។ ក្រុងនេះ មានសង្កាត់ចំនួន២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង ពោលគឺកាត់ឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង ពីស្រុកប្រាសាទបាគង៕
 
លោក អ៊ឹង សុភ័ណ នាយករងរដ្ឋបាលសាលាខេត្តសៀមរាប កំពុងផ្ដល់បទសម្ភាសអ្នកសារព័ត៌មាន នៅចំណតរថយន្តក្រុងដឹកជញ្ជូនសាធារណៈ សួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប។ 

Tag:
 ThmeyThmey
  ឡានក្រុងសាធារណៈសៀមរាប
  រុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com