ជាតិ
គុណភាពខ្យល់នៅកម្ពុជាល្អប្រសើរ ​​តែនៅសៀមរាប បន្ទាយមានជ័យ ព្រះវិហារ ស្ថិត​ក្នុង​កម្រិតមធ្យម
16, Feb 2024 , 8:59 pm        
រូបភាព
ភ្នំពេញ៖ គុណភាពខ្យល់នៅរាជធានី-ខេត្តនានានៅកម្ពុជា មានកម្រិតល្អ និងល្អណាស់ លើកលែងតែខេត្តបន្ទាយមានជ័យ ព្រះវិហារ និងសៀមរាបប៉ុណ្ណោះ ដែលកម្រិតគុណភាព ស្ថិតក្នុងកម្រិតមធ្យម។ នេះបើតាមលទ្ធផលនៃការពិនិត្យគុណភាពខ្យល់ ដែលផ្សព្វផ្សាយ ដោយក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែកុម្ភៈនេះ។

 
តាមរយៈទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យ​ ឱ្យដឹងថា​ក្រសួង​ប្រើឧបករណ៍ និងស្ថានីយ​ត្រួត​ពិនិត្យគុណភាពខ្យល់ ចំនួន៥១ទីតាំងនៅទូទាំងប្រទេស។  គិតក្នុងថ្ងៃទី១៥កុម្ភៈ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ គឺកម្រិតភាគ ល្អិតនិចល PM២.៥ ស្ថិតនៅ២៨,៨៦ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០µg/m3 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង»។ នេះជាលទ្ធផលដែលបង្ហាញដោយក្រសួង បរិស្ថាន  


រូបស្ថានភាពគុណភាពខ្យល់នៅកម្ពុជា​
 
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យ​ ពន្យល់បន្ថែមដូច្នេះ៖ កម្ពុជាមានស្ថានភាពខ្យល់ល្អប្រសើរ ដោយសារក្រសួងតែងតែពង្រឹងលើផែនការយុទ្ធសាស្រ្តគាំទ្រកិច្ចគាំពារគុណភាពខ្យល់ ដូច ជាការគ្រប់គ្រងការបំពុលខ្យល់, វិធានការបង្ការ ទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ សាធារណៈ និងផែនការខ្យល់ស្អាត២០២៣-២០២៨ជាដើម»។  
 
ទន្ទឹមនឹងនេះ កម្ពុជាស្ថិតក្នុងលក្ខខណ្ឌអំណោយផល ដោយទំហំ​និងបរិមាណ​ប្រភព​បំពុល​នៅមានកម្រិតតិចតួច និងចរន្តបណ្តូរខ្យល់​នៅតាមទីក្រុង​និងទីប្រជុំជនមានភាព ល្អប្រសើរ ។ អ្នកនាំពាក្យក្រសួងបរិស្ថានបន្ថែមដូច្នេះ រួចបន្តទៀតថា មន្ត្រីជំនាញកម្ពុជាតែងតែតាម​ដាន​គុណភាពខ្យល់ ចុះត្រួតពិនិត្យ និងអធិការកិច្ចប្រភពបំពុលខ្យល់ ជាទៀតទាត់ តាមស្ថានភាពចាំបាច់។
 
​ទោះជាយ៉ាងនវក្តី ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ ជាយថាហេតុ​ ក្នុងរដូវ​ប្រាំងនេះ  ក្រសួងបរិស្ថាន បានណែនាំអភិបាលរាជធានីខេត្ត​ ឱ្យជំរុញការអនុវត្តវិធានការ ទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់តាមសាធារណៈ ដូចជា​ណែនាំប្រជាពលរដ្ឋ​កុំឱ្យ​ដុតរានព្រៃ និងសំរាមជាដើម។ 
 
កន្លងមក ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំពី​​ការចាត់វិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ ដល់គ្រប់ស្ថាប័នមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ្ធ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ ទាំងអស់ឱ្យបានយល់ច្បាស់ពីករណីកិច្ចក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃផងដែរ។ 
 
ពាក់ព័ន្ធនឹងគុណភាពខ្យល់នេះ នៅថៃ កំពុងរងការវាយប្រហារពីកម្រិតខ្យល់ពុលខ្លាំង បង្កឱ្យមានអ័ព្ទនៅទីក្រុងបាងកក។ ហេតុនេះ នៅថ្ងៃទី១៥កុម្ភៈ អាជ្ញាធរថៃ​បានប្រកាសឱ្យ មន្ត្រីរបស់ពួកគេ ងាកទៅបំពេញការងារពីផ្ទះវិញ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com