ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ឥណ្ឌា កំពុងពន្លឿនការអនុវត្តគម្រោងទូទាត់ប្រាក់ឆ្លងដែនរវាងគ្នា
17, Feb 2024 , 7:40 pm        
រូបភាព
កម្ពុជា បានជួបពិភាក្សាជាមួយឥណ្ឌា ដើម្បីពន្លឿនសកម្មភាពអនុវត្តគម្រោងទូទាត់ឆ្លងដែនតាមប្រព័ន្ធឌីជីថល(ស្កេន ឃ្យូអរកូត) ឱ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងឆ្លុះបញ្ចាំងពីភាពរួចរាល់របស់ភាគីទាំងសងខាង។ ជំនួបនេះ ត្រូវបានធ្វើឡើងរវាងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ជាមួយស្ថាប័ន NPCI International Payments Limited (NIPL) នៅទីក្រុងមុំបៃ ប្រទេសឥណ្ឌា នាថ្ងៃ១៦កុម្ភៈ ឆ្នាំ២០២៤។

គោលបំណងពង្រឹងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ គឺដើម្បីលើកកម្ពស់ការធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនប្រកបដោយបរិយាបន្ន ជាពិសេសគឺលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ រវាងកម្ពុជា-ឥណ្ឌា។  ធនាគារជាតិ បានផ្ដួចផ្ដើមកិច្ចសហការទ្វេភាគីជាមួយបណ្តាធនាគារកណ្តាលក្នុងតំបន់ និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំ និងអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែនប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃ សមរម្យ។ នេះបើយោងតាមការចុះផ្សាយរបស់ធនាគារជាតិ។​
 
 
គួររំលឹកថា កាលពីថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និងស្ថាបន័ NIPL បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា។ កិច្ចសហការនេះ នឹងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងសម្រួលដល់ប្រតិបត្តិការទូទាត់ឆ្លងដែន កាន់តែងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានសក្តានុពលថែមទៀត។
 
ក្រៅពីឥណ្ឌា កម្ពុជា​ក៏កំពុងពង្រីកកិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែនតាមប្រព័ន្ធឌីជីថលនេះ ជាមួយចិន ជប៉ុន សិង្ហបុរី ប្រទេសហ្វីជី  កោះសូឡូនម៉ុន និងប្រទេសរវ៉ាន់ដា ផងដែរ ខណៈបច្ចុប្បន្ន កម្ពុជា​កំពុងអនុវត្តកិច្ចសហប្រតិបត្តិការលើការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនផ្លូវការ ជាមួយប្រទេសថៃ ​ឡាវ វៀតណាម ​​និងក្រុមហ៊ុនUnionPay International៕ 

Tag:
 (ជាតិ
  សេដ្ឋកិច្ច)
© រក្សាសិទ្ធិដោយ thmeythmey.com