ជាតិ
រទេះធ្វើពីឈើ និងឡានធ្វើពីដែក តែលោក លី ធ្វើឡានពីឈើគ្រញូងប្រើប្រាស់ប្រចាំថ្ងៃ
17, Feb 2024 , 5:20 pm        
រូបភាព
ភ្នំពេញ ៖ លោក មុយ លី បានធ្វើរថយន្ដមួយគ្រឿងទៀតហើយអំពីឈើ។ ឆ្នាំ២០២៣កន្លងមក លោកបានប្រើរយៈពេល៧ខែ កែច្នៃឡានបុរាណ១គ្រឿង គឺរថយន្ដម៉ាក MITSUBISHI JEEP ប្រភេទ J ម៉ូឌែល 27 ផលិតក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ លោកបានគូរប្លង់ ហើយជួលជាងឡានបិទឈើលើរថយន្ដ។

 

លោក លី បានទិញឈើប្រណីត ដូចជាគ្រញូង នាងនួន និងនាងម៉ៅ ៧០០គីឡូក្រាម។ ឡានសម្រាប់យោធាវិញ លោកបានទិញវា នៅបន្ទាយក្រុងតាខ្មៅ ខេត្តកណ្ដាល។ មិនមែនជារថយន្ដកែច្នៃ ដោយផ្គុំគ្រឿងពីប្រភពផ្សេងៗទេ។ សរុបទាំងអស់ ឡានឈើនេះមានតម្លៃថ្លៃដូចរថយន្ដថ្មីតែម្ដង ! វាមានទម្ងន់ ២តោន ដែលធ្វើឱ្យស៊ីប្រេងសាំងច្រើន។
 

លោក លី អះអាង​ថា ៖ « ឥឡូវ​នេះ បើ​មាន​គេទិញ ៥​ខែ ខ្ញុំ​អាច​ធ្វើ​បាន។» វា​ប្រសើរ​ជាង​រថយន្ដ​ឈើ​ដំបូង ដែល​គាត់​បាន​ធ្វើ​២០​ឆ្នាំ​មុន។ កាលនោះ លោក លី ​បាន​ប្រើ​រយៈ​ពេល​៣​ឆ្នាំដើម្បីធ្វើរថយន្តឈើមួយគ្រឿង។
 
រថយន្ដ​បុរាណ​យោធា M151 ម៉ូឌែល A2 ពី​ឆ្នាំ​១៩៦៨ លោក​បាន​​ជំនួស​ទាំង​ទ្រង់ទ្រាយ ទាំង​កៅអី ទាំង​ឧបករណ៍ ទាំង​ដែក​កាង ដោយ​ឈើ​គ្រញូង​វិញ។ គ្រឿង​បង្គុំ ដែល​ដូច​រថយន្ត M151 A2 ដើម មាន​ពី​ប៉ែល និង​សោ ដល់់​ធុង​សាំង​បន្ថែម។ 
 
លើស​ពី​គ្រាន់​តែ​ដាក់​ឈើ​ធម្មតា លោក លី បាន​ឆ្លាក់​ឈើ​តែ​ម្ដង ពីព្រោះ​កាល​ពី​ពេល​កំពុង​ច្នៃ​ប្រឌិត តាំង​ពី​ឆ្នាំ​២០០៣ រហូត​ដល់់​ឆ្នាំ​២០០៨ នាយក​ក្រុមហ៊ុន​ថ្ម​ដា​នេះ ចង់​ធ្វើ​ឡាន​នេះ​ឱ្យ​បាន​ដូច​ក្ដី​ស្រមៃ​របស់​គាត់ ដោយ​គិត​គ្រប់​ផ្នែក​ទាំង​អស់​យ៉ាង​លម្អិត។ នៅ​វ័យ​៥២​ឆ្នាំ លោក លី ប្រើ​ឡាន​ដ៏​ប្លែក​របស់​គាត់​នេះ ជា​ប្រចាំ។
 


សូម​រំលឹក​ថា កាល​ពី​ដើម​ប្រវត្តិ​ឧស្សាហកម្ម​រថយន្ដ គេ​ធ្វើ​ឡាន​ពី​ឈើ ពីព្រោះ​សម័យ​នោះ គេ​គ្រាន់​តែ​យក​គំរូ​ពី​រទេះ​សេះ។ ដើម​សតវត្សរ៍​ទី​២០ គ្រប់​ក្រុមហ៊ុន​រថយន្ដ ផ្តើម​​ប្រើ​លោហៈធាតុ​ច្រើន​ទៅៗ និង​មក​ដល់​ទសវត្សរ៍​១៩៧០ គេ​ប្រើ​ជ័រ​ច្រើន​វិញ។ 
 
​មនុស្ស​មិន​ច្រើន​ទេ ដែល​ស្រឡាញ់ និង​ពេញ​ចិត្ត​របស់​ចាស់ៗ។ យានយន្ដ​បុរាណ​មួយ​ចំនួន​ធំ ដែល​មាន​វត្តមាន​នៅ​កម្ពុជា ត្រូវ​បាន​កែច្នៃ​តាម​ភាព​ទាន់​សម័យ។ ឡាន​ពី​ដើម​នេះ​ស្រដៀង JEEP CJ ពីព្រោះ​ក្រុមហ៊ុន MITSUBISHI បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អាម៉េរិកាំង JEEP ដើម្បី​ប្រឌិត​រថយន្ដ​ប្រភេទ J ។ MITSUBISHI បាន​ផលិត​វា​ពី​ឆ្នាំ​១៩៥៣ រហូត​ដល់​ឆ្នាំ​១៩៨៣។ ក្រៅ​ពី​ម៉ូឌែល​ទ្វារ​៣  និង​ទ្វារ​៥ MITSUBISHI ក៏​មាន​ម៉ូឌែល​ដំបូល​ក្រណាត់ និង​ដំបូល​ដែក។ ឆ្នាំ​១៩៨៣ MITSUBISHI មក​ផលិត​ប្រភេទ Pajero ជំនួស​ប្រភេទ J វិញ។ MITSUBISHI ត្រូវ​បាន​បង្កើត​ឡើង​ឆ្នាំ​១៨៧០ នៅ​ប្រទេស​ជប៉ុន។ វា​ចាប់​ផ្ដើម​ផលិត​រថយន្ដ​នា​ឆ្នាំ១៩១៧៕

Tag:
 (នាយយ៉ានតាមដងផ្លូវ
  ឡានឈើ)
© រក្សាសិទ្ធិដោយ thmeythmey.com