ជាតិ
ព័ត៍មានសុខភាព
សុខភាព
កុំ​ថា​មិន​អី​! ជាតិ​សរសៃ​ល្អ តែបើ​ញ៉ាំ​ច្រើន​ពេក​បង្ក​ផលវិបាក​ដល់​សុខភាព
18, Feb 2024 , 11:00 pm        
រូបភាព
ជាតិ​សរសៃ​សម្បូរ​នៅ​ក្នុង​បន្លែ គ្រាប់​ធញ្ញជាតិ សណ្តែក ផ្លែ​ឈើ និង​គ្រាប់​ផ្លែ​ឈើ​។ ការ​ញុំា​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​បន្ទោ​របង់ ព្រមទាំង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​ធាត់ ជំងឺ​ទឹកនោមផ្អែម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​លើស​សម្ពាធ​ឈាម​ជាដើម​។ យ៉ាងណាមិញ​បើ​មាន​អាកា​រៈ ៤ យ៉ាងដូច​ខាងក្រោម បញ្ជាក់​ថា​យើង​ញ៉ាំ​ជាតិ​សរសៃ​ច្រើន​ជ្រុល​ហើយ​។

១. ទល់លាមក

ប្រសិនបើ​យើង​ញុំា​អាហារ​ដែល​មាន​ជាតិ​សរសៃ​រលាយ​ក្នុង​ទឹក​ដូច​ជា អាហារ​ផ្សំ​ពី​ស្រូវ​សាលី​អូត សណ្តែក ផ្លែ​ប៉ោម ស្ត្រ​ប៊ើ​រី ឬ​ប្ល៊ូ​ប៊ើ​រី​ច្រើន និង​ញឹកញាប់ វា​នឹង​ធ្វើ​ឱ្យ​ពោះ​រៀន​ពិបាក​នឹង​បញ្ចេញ​លាមក​មក​ក្រៅ ព្រោះ​ជាតិ​សរសៃ​ទាំងនេះ​ស្រូប​យកជាតិ​ទឹក​នៅ​ក្នុង​ពោះវៀន​។ ជា​ពិសេស​នៅ​ពេល​រាង​កាយ​យើង​ខ្វះ​ជាតិ​ទឹក ​។
 
២. រាគ

ផ្ទុយ​ទៅ​វិញ​បើ​យើង​ញុំា​អាហារ​ដែល​មាន​ជាតិ​សរសៃ​មិន​រំលាយ​ក្នុង​ទឹក​ដូច​ជា ស្រូវ​សាលី បន្លែ​ស្លឹក ផ្កា​ខាត់ណា​បៃតង ប៉េងប៉ោះ​ជាដើម​ច្រើន ហើយ​ញឹកញាប់​ពេក វា​អាច​បណ្តាល​ឱ្យ​លាមក​រាវ និង​រាក​វិញ ព្រោះ​ជាតិ​សរសៃ​ទាំងនោះ​ធ្ល​ង​កាត់​ពោះវៀន​លឿន​ពេក​។
 
៣. ហើមពោះ

វា​ច្រើន​កើតឡើង ពេល​យើង​ញុំា​ជាតិ​សរសៃ​ច្រើន និង​ញឹកញាប់​ពេក ព្រោះ​ជាតិ​សរសៃ​ភាគច្រើន​មិន​អាច​រំលាយ ឬ​បំបែក​ក្នុង​ខណៈ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ​។ ជា​លទ្ធផល​បាក់តេរី​ដែល​នៅ​ក្នុង​ពោះវៀន​ស៊ី​ជាតិ​សរសៃ​ដែល​នៅ​សេសសល់ ហើយ​ធ្វើ​ឱ្យ​មាន​ខ្យល់​ក្នុង​ពោះ​។
 
៤. ចុកពោះ

នេះ​បណ្តាល​មក​ពី​ការ​ញុំា​ជាតិ​សរសៃ​ច្រើន​ពេក​ដែល​ធ្វើ​ឱ្យ​ការ​រំលាយ​អាហារ​យឺត ឬ​ឈប់​ដំណើរការ​។
 
ក្នុង​ករណី​យើង​មាន​បញ្ហា​សុខភាព​ដោយសារ​ការ​ញុំ​ា​ជាតិ​សរសៃ​ច្រើន យើង​ត្រូវ​៖

•​ ​ចៀសវាង​ការ​ទំពារ​ស្ករ​កៅស៊ូ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គា​ស ព្រោះ​អាហារ​ទាំងនេះ​ធ្វើ​ឱ្យ​មាន​ខ្យល់​ក្នុង​ពោះ
•​ ​ញុំា​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់
•​ ​ហាត់ប្រាណ
•​ ​ញុំា​បន្លែ​ឆ្អិន​ជា​ជាង​ញុំា​បន្លែ​ឆៅ ព្រោះ​បន្លែ​ឆ្អិន​ងាយ​រំលាយ​ជាង
•​ ​ប្រសិនបើ​ទល់លាមក ត្រូវ​ប្តូរ​មក​ញុំា​អាហារ​ដែល​មាន​ជាតិ​សរសៃ​មិន​រលាយ​ក្នុង​ទឹក តែបើ​រាក​ត្រូវ​ប្តូរ​មក​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​រលាយ​ក្នុង​ទឹក​។
•​ ​ញុាំ​អាហារ​ពី​គ្រប់​ក្រុម​អាហារ និង​ញុំា​អាហារ​ដែល​មាន​ទាំង​ជាតិ​សរសៃ​រលាយ និង​មិន​រលាយ​ក្នុង​ទឹក​ដើម្បី​ឱ្យ​មាន​តុល្យភាព​។
•​ ​កាត់​បន្ថយ​ការ​ញុំាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ
 
តើ​ក្នុង ១ ថ្ងៃ​រាង​កាយ​យើង​ត្រូវការ​ជាតិ​សរសៃ​ប៉ុន្មាន?
 
សមាគម​ន៍​បេះដូង​អា​មេ​រិ​ក​ណែនាំ​ឱ្យ​ញុំា​ជាតិ​សរសៃ​ចន្លោះ​ពី ២៥-៣០ ក្រាម​/​ថ្ងៃ​ពី​អាហារ​គ្រប់​ក្រុម មិនមែន​ពី​អាហារ​បំប៉ន​ជាតិ​សរសៃ​ទេ​។ ឯ​បណ្ឌិតសភា​អា​មេ​រិ​ក​ផ្នែក​អាហារ​រូប​ត្ថ​ម្ភ និង​របប​អាហារ​បាន​ណែនាំ​ឱ្យ​ញុំា​ជាតិ​សរសៃ ២៥ ក្រាម​សម្រាប់​ស្ត្រី និង ៣៨ ក្រាម​សម្រាប់​បុរស​។ ចំណែក​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់ពី ៥០ ឆ្នាំ​ឡើង​ទៅ​គឺ ២១ ក្រាម​សម្រាប់​ស្ត្រី និង ២៨ ក្រាម​សម្រាប់​បុរស​។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះ​កូន​គឺ ២៨ ក្រាម​/​ថ្ងៃ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com