កីឡាជាតិ
ជាតិ
ពិការកាយ តែឆន្ទៈខ្ពស់!​ ឈឿង ស្រីម៉ាច ក្លាយជាម្ចាស់មេដាយប៉ារ៉ាហ្គេម និងម្ចាស់សិប្បកម្មជនពិការ
18, Feb 2024 , 7:00 pm        
រូបភាព
កញ្ញា ឈឿង ស្រីម៉ាច
កញ្ញា ឈឿង ស្រីម៉ាច
ឈឿង ស្រីម៉ាច ម្ចាស់មេដាយសំរិទ្ធចំនួន២ នៅអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា លើវិញ្ញាសាចោលស្ន និងចោលដុំដែក ។ ម្ចាស់មេដាយសំរិទ្ធរូបនេះ ក៏ជាម្ចាស់សិប្បកម្មជនពិការទៀតផង។

ស្រីម៉ាច ពិការជើងស្ដាំជាង២០ឆ្នាំហើយ ដោយសារជាន់មីន ក្នុងដំណើរកម្សាន្តនៅភ្នំមួយ ក្នុងខេត្តកំពង់ស្ពឺ នាអំឡុងឆ្នាំ២០០២ ។ ស្រីម៉ាច តែងតែអនុវត្តទម្លាប់ល្អរបស់ខ្លួន ទាំងក្នុងវិស័យកីឡា ទាំងមុខរបររកស៊ី។ អត្តពលិកប៉ារ៉ាហ្គេមរូបនេះ បានរៀបចំកាលវិភាគប្រចាំថ្ងៃ បានយ៉ាងល្អ។
 
ស្របពេលមនុស្សគ្រប់គ្នា កំពុងលង់លក់ក្នុងដំណេកនោះ ជាពេលដែលស្ដ្រីវ័យ ៤៣ឆ្នាំរូបនេះ រៀបចំខ្លួន ចេញពីផ្ទះជួល នៅម្ដុំវត្តសន្សំកុសល នាព្រលឹមស្រាងៗ ដើម្បីមកហាត់ប្រាណ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ មានពេលខ្លះ ស្រីម៉ាច ត្រូវរត់ និងដើរតែឯង ប្រសិនជាមិនមានអត្ដពលិកផ្សេងទៀត ហាត់ជាមួយ។ 


កញ្ញា ឈឿង ស្រីម៉ាច
 
កីឡាការិនីរូបនេះ ហាត់ប្រាណដល់ម៉ោង៧ព្រឹក ជារៀងរាល់ថ្ងៃ  ទើបត្រឡប់ទៅវិញ ដើម្បីរៀបចំដេរសម្ភារមួយចំនួន ដូចជាកាបូបស្ពាយ កាបូបដាក់លុយ ស្រោមទូរសព័្ទ ស្រោម Ipad និងខ្សែចងសក់ ជាដើម។
 
ពិការភាព ដូចជាមិនមែនជាឧបសគ្គចំពោះ ស្រីម៉ាច ក្នុងការច្នៃខ្លួន ជាមនុស្សម្នាក់មានតម្លៃសម្រាប់សង្គមឡើយ។ «យើងពិការកាយសម្បទា ប៉ុន្ដែមិនពិការចិត្តគំនិតទេ យើងអាចជួយសង្គម បានដូចគេដូចឯងដែរ។»។ អត្តពលិកប៉ារ៉ាឡាំពិកកីឡាចោលស្ន និងដុំដែក បានប្រាប់ដូច្នេះ អំឡុងពេលសន្ទនាជាមួយអ្នកសារព័ត៌មានថ្មីៗ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
 
ពិការភាពធ្វើឱ្យបាត់បង់ការងារ តែក៏ជាកម្លាំងចិត្តរឹងមាំជំរុញឲ្យ ស្រីម៉ាច បើកសិប្បកម្មផ្ទាល់ខ្លួន
ស្នាក់នៅផ្ទះជួល ដែលមានកម្ពស់២ជាន់ មានទទឹងមុខផ្ទះ៥ម៉ែត្រ និងបណ្ដោយប្រហែលជាង១០ម៉ែត្រ ម្ចាស់មេដាយសំរិទ្ធរូបនេះ បានដាក់តាំងម៉ូតកាបូប ដែលជាគំរូសម្រាប់ភ្ញៀវដែលចង់ទិញ ឬកម្ម៉ង់ទុកជាច្រើន។ 
 
ដើមឡើយកញ្ញា ឈឿង ស្រីម៉ាច គឺជាកម្មការិនី នៅក្នុងរោងចក្រមួយកន្លែង នាស្រុកគងមាស ខេត្តកំពង់ចាម ប៉ុន្តែស្ត្រីរូបនេះ ត្រូវបានបាត់បង់ការងារនេះ ដោយសារតែពិការភាពរបស់ខ្លួន។
  

កាបូបដាក់លុយ
 
ស្ត្រីពិការជើងស្ដាំរូបនេះ ក៏ត្រូវបានរោងចក្រមិនផ្ដល់ឱកាសឲ្យបម្រើការ ក្រោមហេតុផលថា ពេលមានអាសន្នក្នុងរោងចក្រ ជនពិការមិនអាចការពារ និងរត់យករួចខ្លួនបាន។  ហើយនេះ ក៏ជាដើមចមធ្វើឲ្យ កម្មការិនី ដែលមកពីស្រុកគងមាស ខេត្តកំពង់ចាម ប្ដេជ្ញាឈប់ធ្វើការរោងចក្របន្ដទៀត។
 
«រោងចក្រខ្ញុំធ្លាប់ធ្វើការ គេបាននិយាយថា ពេលដែលខ្ញុំព្យាបាលរួចរាល់ គេអនុញ្ញាតឲ្យខ្ញុំចូលធ្វើការដូចដើម។ ខ្ញុំទៅសុំចូល គេអត់ទទួល ព្រោះគេដូរដ្ឋបាលថ្មី។ រដ្ឋបាលរោងចក្រពេលនោះ គេរើសអើងជនពិការ ដោយសារគេខ្លាចអង្គការ និងសង្គមកិច្ច ចុះទៅខាងរោងចក្រគេផាកពិន័យ ដោយសាររោងចក្រ ទទួលជនពិការមកធ្វើការ ហើយគេ បានប្រើពាក្យថា ក្រែងមានអាសន្ន ខ្ញុំរត់មិនទាន់គេទេ។ ខ្ញុំ តូចចិត្តដែរ ពេលទៅសុំការងារ គេមិនឲ្យធ្វើ។ ពេលនោះខ្ញុំតាំងចិត្តថា ឈប់ធ្វើការរោងចក្រ។»។ នេះបើតាមស្ដ្រីវ័យ ៤៣ឆ្នាំ ដែលអះអាងថា ធ្លាប់មានកូនចិត្តអវិជ្ជមានមួយដែល នៅអំឡុងឆ្នាំ២០០៣ ដោយសារតែមិនអាចទទួលយកបាននូវពិការភាពរបស់ខ្លួន។ 
 
អង្គុយនៅមុខផ្ទះ ពាក់អាវក្រៅពណ៌ក្រហមដៃវែង និងខោយឺតជើងវែង ដែលគេអាចសម្គាល់ថា ជាឯកសណ្ឋាននៃអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ស្រីម៉ាច បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ បន្ថែមថា ក្រោយត្រូវបានគេរើសអើងក្នុងការបម្រើការងារនោះ ខ្លួនក៏បានចូលរៀនដេរការបូបជាមួយអង្គការសន្ដិភាព (Peace) ដែលមានទីតាំងនៅទួលទំពូង កាលពីអំឡុង ឆ្នាំ២០០៤។ 
អំឡុងជាសិក្ខាកាមរៀនពីជំនាញដេរកាបូប ស្រីម៉ាច ក៏បានស៊ីឈ្នួលអង្គការនោះ ដោយធ្វើជាអ្នកដេររបស់របរបន្ដិចបន្ដួច ដើម្បីបានថវិកាខ្លះ អស់រយៈពេល៦ខែ។  ក្រោយមានជំនាញច្បាស់លាស់ហើយ ស្ត្រីរូបនេះ ក៏ក្លាយជាគ្រូបង្រៀនផ្នែកដេរកាបូបតែម្ដង ដោយបម្រើការងារនេះ រយៈពេល ៨ឆ្នាំ។
 
ស្រីម៉ាច យល់ថា បង្រៀនសិស្សតែមួយមុខសម្រាប់អង្គការ គឺមិនអាចរកចំណូលគ្រប់គ្រាន់សម្រាប់ជីវភាពទៅថ្ងៃក្រោយឡើយ ។ ម្យ៉ាងវិញទៀត ការពឹងផ្អែកលើអង្គការ ក៏មិនអាចបានយូរដែរ ព្រោះពេលចប់គម្រោង អង្គការ នឹងត្រូវបិទ ឬក៏ផ្លាស់កន្លែងថ្មី។ ដូច្នេះហើយ អំឡុងឆ្នាំ២០០៩ ពេលធ្វើជាគ្រូបង្រៀនដេរ អ្នកខេត្តកំពង់ចាមរូបនេះ បានបើកអាជីវកម្មតូចដោយខ្លួន​ឯង ដោយនាំយកឥវ៉ាន់ខ្លះៗ ពីរោងចក្រ យកមកធ្វើនៅផ្ទះ។ 
 
អាជីវកម្មដេរកាបូបខ្នាតតូចនេះ បានចាប់ផ្ដើមដោយមានគ្នា ៣នាក់ រួមទាំងកញ្ញា ស្រីម៉ាច ។ ចំណែកអីវ៉ាន់នាំមកពីរោងចក្រនោះ គឺអាចយកបាននៅពេល ដែលរោងចក្រ មានរបស់នៅសល់ និងបន្ទាន់ការងារប៉ុណ្ណោះ ប្រសិនជាមិនមានសល់ អាជីវកម្មរបស់កញ្ញា ក៏មិនមានអ្វីធ្វើដែរ។
  

ការបូបដៃ

ដោយឡែកអង្គការមួយកន្លែង ដែលកញ្ញា ស្រីម៉ាច បម្រើការងារនោះ បានបិទដូចជាអ្វី ដែលខ្លួនធ្លាប់គិត ហើយក៏ជាពេលដែលស្រីម៉ាច កាន់តែជួបការលំបាកក្នុងជីវភាពរស់នៅ ព្រោះអាជីវកម្មខ្នាតតូច មិនទាន់ដំណើរការបានរលូន ។
 
«ខ្ញុំ ជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅ ក្នុងឆ្នាំ២០១១ ដោយសារការងារនៅខាងអង្គការបានបិទ ហើយខ្ញុំ អត់ការងារធ្វើ និងបាត់ចំណូលមួយចំនួន។ ដូច្នេះ ខ្ញុំ បានព្យាយាមយកឥវ៉ាន់ ពីរោងចក្រមកធ្វើ ហើយខាងគេអនុញ្ញាតឲ្យយកឥវ៉ាន់មកធ្វើ លុះត្រាតែការងារ គេប្រញ៉ាប់ទើបគេទម្លាក់ការងារឲ្យយើងអ្នកនៅតាមផ្ទះ។»។ កញ្ញា ឈឿង ស្រីម៉ាច បាននិយាយដូច្នេះ។
 
បើទោះជាត្រដាបត្រដួសយ៉ាងណា ក៏កញ្ញា ស្រីម៉ាច នៅតែបន្ដក្ដីស្រមៃ បង្កើតអាជីវកម្ម រហូតអាចមានចំណូលរកបានគ្រប់គ្រាន់។ «ខ្ញុំ ស៊ីអត់ ស៊ីឃ្លាន ២-៣ឆ្នាំដែរ ប៉ុន្ដែមិនមែនមានន័យយើងអត់តែម្ដងទេ គឺយើងរិះថាំ ធ្វើយ៉ាងណា ឲ្យសិប្បកម្មយើងដើរ។ វាពិបាកដែរ យើងធ្វើការធ្ងន់អត់កើត ព្រោះយើង ដាក់ជើងសិប្បនិម្មិតមួយចំហៀង ណាមួយខ្លាចគេរើសអើងទៀត។»។ ម្ចាស់សិប្បកម្មជនពិការរូបនេះ បាននិយាយដូច្នេះ។
 
ក្នុងឆ្នាំ២០១៥ សិប្បកម្មរបស់ស្រីម៉ាច បានដើរទៅមុខបន្ដិចម្ដងៗ រហូតមានឈ្មួញកណ្ដាល យកអីវ៉ាន់ទៅលក់បន្ដ។ ម្ចាស់សិប្បកម្មរូបនេះ បញ្ជាក់ថា ការធ្វើជំនួញជាមួយឈ្មួញកណ្ដាលគ្រានោះ ក៏មានការពិបាកដែរ ដោយសារខ្វះដើមទុន ដើម្បីធ្វើម៉ូតឲ្យភ្ញៀវ តាមតម្រូវការ។
 
«យើង មានឈ្មួញកណ្ដាល គេឲ្យយើងធ្វើម៉ូតឲ្យគេ ប៉ុន្ដែ វាមានសម្ពាធសម្រាប់យើង ព្រោះយើងគ្មានដើមទុន បើយើងហ៊ានធ្វើឲ្យគេច្រើន គឺយើងកប់ដើមទុន។ ឈ្មួញខ្លះចេញថ្លៃវត្ថុដើមយើងចំណាយ ហើយកម្លាំងពលកម្ម ពេលខ្លះយើងអត់បានផង ឬក៏បានតិច។ លុះត្រាតែគាត់យកឥវ៉ាន់របស់យើង យកទៅបង្ហោះ ពេលមានភ្ញៀវកុម្មង់ គេបោះឲ្យយើងធ្វើ ប៉ុន្ដែ មិនសូវបានច្រើនទេ។ ពេលខ្លះ សូម្បីតែការកុម្មង់តែ ៣-៤ក៏ខ្ញុំធ្វើដែរ ព្រោះត្រូវតែធ្វើ បើមិនធ្វើ ក៏មិនមានចំណូលសោះ។»។ កញ្ញា ស្រីម៉ាច បានរៀបរាប់ដូច្នេះ។
 
ពីដំបូង សិប្បកម្មមួយនេះ បានយកសូត្រមកដេរ ធ្វើជាកាបូប និងសម្ភារៈប្រើប្រាស់ ដូចជា បូ និងស្រោមទូរស័ព្ទ ។ ក្រោយមកទៀត គឺចាប់ពីឆ្នាំ២០១៧ កញ្ញា ស្រីម៉ាច បានប្រើប្រាស់ក្រមា ធ្វើជាសម្ភារទាំងនោះវិញម្ដង។ បុគ្គលិករបស់ស្រីម៉ាច ត្រូវដេរសម្ភារៈទាំងនោះពីផ្ទះរៀងៗខ្លួន ហើយស្រីម៉ាច ជាអ្នកដើរប្រមូលផ្ទាល់ និងយកទៅឱ្យឈ្មួញ ឬរៀបចំទៅតាមកម្មវិធីផ្សេងៗ តាមការកម្ម៉ង់។ រាល់ពេលមានកម្មវិធីតាំងពិពណ៌ ឬដាក់ស្ដង់លក់អីវ៉ាន់នានា ស្រីម៉ាចតែងសុំ គេទៅដាក់លក់ផលិតផលរបស់ខ្លួនដែរ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗទាំងញញឹម និងសប្បាយរីករាយ ព្រោះជាលើកទី១ ដែលបានប្រាប់ពីប្រវត្តិពិតរបស់ខ្លួន ស្រីម៉ាច ថា ជំនួញមួយនេះ ជួបឧបសគ្គធំ គឺអំឡុងខែវស្សា ព្រោះមិនមានកម្មវិធី សម្រាប់ដាក់តាំងរបស់លក់ ហើយបុគ្គលិករបស់ស្រីម៉ាច ក៏ត្រូវងាកទៅធ្វើការឲ្យគេផ្សេងសិន ដើម្បីដោះស្រាយជីវភាព។
 
ម្ចាស់សិប្បកម្មជនពិការបាននិយាយដូច្នេះថា៖ «ចំណូលរបស់ខ្ញុំ មិនច្រើនទេ ប៉ុន្ដែ គ្រាន់តែអាចដោះស្រាយជីវភាពប្រចាំថ្ងៃ និងប្រចាំខែប៉ុណ្ណោះ។ ជំនួយរបស់ខ្ញុំ ជួបឧបសគ្គធំ គឺអំឡុងខែភ្លៀង ព្រោះយើង មិនបានចេញទៅលក់ និងមិនសូវមានកម្មវិធី ដែលយើងអាចយកទៅលក់បាន។ ចំណូលរបស់ពួកខ្ញុំ កើតពីការលក់ មានការលក់ទើបមានចំណូល មកប្រើការ និងទិញរបស់មកធ្វើបន្ថែម។ ពេលខ្លះ ខ្ញុំ ក៏មិនបានផ្ដល់ការងារឲ្យគាត់ដែរ ហើយបុគ្គលិកខ្ញុំ គាត់ត្រូវយកការងារពីគេមកធ្វើសិន។»។
 
ដោយឡែក អីវ៉ាន់ទាំងនេះ មានពេលខ្លះ ត្រូវជនជាតិខ្មែរ ដែលរស់នៅបរទេស កម្ម៉ងយកទៅលក់នៅក្រៅស្រុក ហើយតម្លៃជាទូទៅគឺ មានតម្លៃចាប់ពី ២ពាន់រៀល ដល់៦ម៉ឺនរៀល ទៅតាមមុខទំនិញ មានដូចជាកាបូបស្ពាយ កាបូបដាក់លុយ ស្រោមទូរសព័្ទ និងស្រោម Ipad។
 
មានឱកាសជាប់ជម្រើសជាតិ ប៉ារ៉ាហ្គេមកម្ពុជា ហើយឈ្នះមេដាយសំរិទ្ធ ២
«ពិការកាយសម្បទា កុំឲ្យតែពិការចិត្ត»។ នេះជាពាក្យលើកទឹកចិត្តខ្លួន របស់ ស្រីម៉ាច ដែលតែងតែមានសង្ឃឹមនៅក្នុងជីវិតជានិច្ច។ ពាក្យមួយឃ្លានេះ ហើយធ្វើឱ្យស្ដ្រីវ័យ ៤៣ឆ្នាំរូបនេះ មានឱកាសបានបង្ហាញសមត្ថភាព ក្នុងវិស័យកីឡាទៀតផង។
 
ផ្ដើមចេញពីការហាត់ប្រាណឲ្យសុខភាពល្អ នៅពហុកីឡដ្ឋានជាតិអូឡាំពិកជារៀងរាល់ព្រឹក និងការលើកទឹកចិត្តខ្លួនឯងនេះ ស្រីម៉ាច ត្រូវបានគេហៅឲ្យធ្វើតេស្ដជាប់ជាអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា នៅឆ្នាំ២០១៧។
 
ស្រីម៉ាច ស្ទើតែមិននឹកស្មានថា ខ្លួនមានឱកាសបានចូលជាជម្រើសជាតិ និងក្លាយជាកីឡាការិនីម្នាក់ ប្រកួតឈ្នះមេដាយសំរិទ្ធ ដល់ទៅ២ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា លើវិញ្ញាសាចោលស្ន និងចោលដុំដែក។ 
 
«ខ្ញុំ មិនធ្លាប់គិតថា ខ្លួនមានឱកាសបានបញ្ចេញកម្លាំងជួយលើកមុខមាត់ជាតិ ព្រោះខ្ញុំហាត់បានតិចពេក។»។ កីឡាការិនីរូបនេះ បាននិយាយដូច្នេះ។
 
ឈឿង ស្រីម៉ាច ក៏បានលើកទឹកចិត្តដល់ជនមានពិការភាព កុំអស់សង្ឃឹមក្នុងជីវិត ហើយតស៊ូ និងដើរតាមក្តីស្រមៃរបស់ខ្លួន ។ អត្តពលិកប៉ារ៉ាហ្គេមរូបនេះ ក៏លើកទឹកចិត្តជនពិការទាំងអស់ ត្រូវច្នៃខ្លួន ឲ្យមានតម្លៃ និងមានប្រយោជន៍ដល់សង្គម តាមលទ្ធភាពដែលអាចធ្វើបាន។
 
«ខ្ញុំ ផ្ដាំបងប្អូនជនមានពិការភាព កុំអស់សង្ឃឹមក្នុងជីវិត តស៊ូសម្រេចក្ដីស្រម៉ៃរបស់យើង មិនថាក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងអាជីពជាអ្នកកីឡា។ យើងត្រូវមានស្មារតីតស៊ូ កុំគិតថាខ្លួនពិការហើយ នៅសម្ងំតែមួយកន្លែង ព្រោះសង្គមឥឡូវមិនដូចពីមុនទេ ព្រោះគេទទួលស្គាល់ពីសមត្ថភាពរបស់ជនពិការ អ្នកមានជំនាញ អាចចិញ្ចឹមជីវិតបាន។»។ នេះជាការលើកឡើងរបស់ម្ចាស់មេដាយសំរិទ្ធ ដែលពិការជើងស្ដាំ ដោយសារជាន់មីន កាលពីឆ្នាំ២០០២៕

Tag:
 (ឈឿង ស្រីម៉ាច
  អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា)
© រក្សាសិទ្ធិដោយ thmeythmey.com