ជាតិ
ជាង៤០ឆ្នាំហើយ លោកយាយ ឡាំងមួយ លក់នំជើងជ្រូកចន្លោះ១០០ ទៅ៣០០នំក្នុងមួយថ្ងៃ
18, Feb 2024 , 3:20 pm        
រូបភាព
កំពត៖ លោកយាយ អ៊ឹង ឡាំងមួយ ជាអ្នកលក់នំជើងជ្រូក នៅក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត ជាង៤០ឆ្នាំមកហើយ។ នំជើងជ្រូកនេះ មានរសជាតិឆ្ងាញ់ និងប្លែកពីគេ ដោយសារមានសណ្តែកបណ្តុះ បង្គា និងទឹកជ្រក់ ពិសេសមានបន្លែផ្ទាប់ផងដែរ។

 

ក្នុង១ថ្ងៃ លោកយាយ អាចលក់នំនេះបានជាង១០០នំ ដោយនំ១ មានតម្លៃ១ពាន់រៀល។ ក្រៅពីនំជើងជ្រូក លោកយាយវ័យ៧៧ ឆ្នាំរូបនេះ ក៏មានលក់លតឆា គុយទាវឆា និងបាញ់ឆែវជាដើម។ អតិថិជនភាគច្រើន ជាអ្នកក្រុងកំពត។ ឯអ្នកខ្លះទៀតស្កាត់មកពីខេត្តឆ្ងាយដើម្បីមកភ្លក្សនំ ក៏មាន។ 


«ទឹកត្រី យើងធ្វើឆ្ងាញ់ គឺនំឆ្ងាញ់ហើយ។ (ខ្ញុំ) គ្មានរូបមន្តអ្វីទេ។ ស្នូលនំ មានសណ្ដែក បង្គាស្រស់។» លោកយាយថ្លែងដូច្នេះ។ លោកយាយនឹងឲ្យកូនលក់បន្ត ប៉ុន្តែមិនឲ្យលក់នៅកន្លែងផ្សេងឡើយ ពោលគឺលក់នៅទីតាំងដើម។ 



របរលក់នំនេះ មិនស្រណុកស្រួលនោះឡើយ ពោលគឺលោកយាយមកដល់ទីតាំងលក់តាំងពីម៉ោង ៥ព្រឹក និងដល់គេហដ្ឋានវិញ នាម៉ោងប្រមាណ ៦ល្ងាច។ ហត់ តែមានចំណូលប្រចាំថ្ងៃ ដែលជាហេតុនាំឱ្យលោកយាយ បន្តរបរនេះទៅកូនៗជំនាន់ក្រោយ។ 
 


នំជើងជ្រូកនេះ ល្បីដល់អ្នកភ្នំពេញ និងរាជធានីខេត្តនានា។ « គេ តែងនិយាយថា គុយទាវឆា ឆ្ងាញ់ លតឆា ឆ្ងាញ់ ទើបគេមករកទិញពិសារ។» លោកយាយបញ្ជាក់ដូចេ្នះ។ កន្លងមក អតិថិជន តែងតែទិញផ្ញើអ្នកនៅគេហដ្ឋាន ដែលពួកគេបានធ្វើដំណើរមកពីខេត្តឆ្ងាយៗ៕ 



Tag:
 (នំជើងជ្រូក
  លតឆា
  កំពត)
© រក្សាសិទ្ធិដោយ thmeythmey.com