ជាតិ
សង្គមជាតិ
ពលរដ្ឋជាង១០ម៉ឺននាក់ ជុំគ្នាចាប់ត្រីបែបបុរាណ នៅស្រុកមេមត់
18, Feb 2024 , 4:00 pm        
រូបភាព
ប្រជាពលរដ្ឋប្រមាណ១០ម៉ឺននាក់ បានជួបជុំគ្នាចាប់ត្រីបែបបុរាណ នៅក្នុងបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។  ពិធីចាប់ត្រីតាមបែបបុរាណដែលធ្វើឡើងនាថ្ងៃទី១៧កុម្ភៈនេះ ក៏មានការចូលរួមពីលោក ជាម ច័ន្ទសោភ័ណ អភិបាលត្បូងឃ្មុំ និងភរិយា រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត។

 
បើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ពិធីចាប់ត្រីនេះ ធ្វើឡើងកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីរំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណ។ ពិធី ធ្វើឡើងក៏ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយជួបជុំគ្នា ខណៈការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រក ជាដើម។ 



លោកបានបញ្ជាក់ថា ក្នុងកម្មវិធីខាងលើនេះ មានការចុះចាប់ត្រីយកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកម្សាន្ដ ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពី៥ម៉ឺនដល់៥០ម៉ឺនរៀលសម្រាប់អ្នកចាប់ត្រីបានច្រើនជាងគេ។  
 
សូមជម្រាបថា តំបន់បឹងក្រម មានផ្ទៃដីប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់ អាជ្ញាធរមិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រមនេះឡើយ។ ការហាមនេះ គឺដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រី។​


 
ដោយឡែក កាលពីថ្ងៃ១១កុម្ភៈ នៅភូមិបង្កោង  ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប ក៏បានធ្វើពិធីចាប់ត្រី ផងដែរ។ ពិធីចាប់ត្រីរបស់អ្នកភូមិបង្កោង ជាផ្នែកមួយនៃពិធីឡើងមាឃ​ឬឡើងអ្នកតា ដែលជាទំនៀមរបស់ពលរដ្ឋនៅតំបន់អង្គរ។ ពិធីនេះត្រូវបានអ្នកភូមិបង្កោង បន្តធ្វើពីដូនតាមក គឺរាល់ឆ្នាំនារដូវឡើងមាឃ អ្នកភូមិតែងកំណត់យកថ្ងៃមួយដើម្បីចុះចាប់ត្រីនៅក្នុងត្រពាំងបឹង៕
 
 


Tag:
 ចាប់ត្រី
  ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com