ជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថា វិទ្យុត្រូវតែបន្តរស់ក្នុងបរិបទថ្មី
18, Feb 2024 , 9:00 pm        
រូបភាព
ភ្នំពេញ៖ ក្នុងយុទ្ធនាការសប្ដាហ៍វិទ្យុ នៃទិវាវិទ្យុពិភពលោកឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា វិទ្យុនិងប្រព័ន្ធផ្សព្វផ្សាយ ប្រពៃណីផ្សេងៗទៀត ត្រូវតែបន្តរស់ក្នុងបរិបទថ្មី  តំណាលគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក ជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប។ ​

 
យុទ្ធនាការសប្ដាហ៍វិទ្យុ របស់ក្រសួងព័ត៌មាន ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះ មានថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងព័ត៌មាន ព្រមទាំងនិស្សិត​ មកពីសាកលវិទ្យាល័យ ផ្នែកសារព័ត៌មាន សរុបចំនួន២២១នាក់ ដើម្បីអបអរទិវាវិទ្យុពិភពលោក ឆ្នាំ២០២៤។ 
 
ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន យុទ្ធនាការសប្ដាហ៍វិទ្យុ ត្រូវ​បានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន នៅកម្ពុជា និងនៅលើពិភពលោក ឱ្យបានដឹងបន្ថែមទៀតនូវតួនាទី និងគុណតម្លៃដ៏សំខាន់របស់វិទ្យុ។ ជាពិសេសវិទ្យុជាតិកម្ពុជា ដែលជាប្រព័ន្ធផ្សព្វផ្សាយបុរាណមួយប្រភេទ មានអាយុជាង៤ទសវត្ស បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាង ថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពរីកចម្រើន និងសេរីភាពពេញលេញ។


 លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

លោក នេត្រ ភក្ត្រា បានអះអាងថា ៖«ក្រសួងព័ត៌មាន នឹងបន្តអភិរក្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ប្រពៃណីឱ្យមានភាពរីកចម្រើនឡើងទៅមុខថែមទៀត  តាមរយៈការបន្តធ្វើសមាហរណកម្ម និងកំណែទម្រង់កម្មវិធីផ្សាយ ឱ្យស្របតាមការវិវត្តរបស់សង្គម»។ 
 
ក្នុងយុទ្ធនាការសប្ដាហ៍វិទ្យុ លោក តន់ យ៉ាន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានប្រាប់ពីប្រវត្តិ នៃការកកើតវិទ្យុជាតិ គឺចាប់តាំងពីចុងសតវត្សរ៍ទី១៩ គ្រាដែលវិទ្យុផ្សាយសម្លេង បានចាប់បដិសន្ធិនៅកម្ពុជា ព្រមទាំងការវិវត្តិនានា ដោយសម្របខ្លួនទៅតាមរបប និងសម័យកាលផ្សេងៗ។ 
 
នាយុទ្ធនាការសប្ដាហ៍វិទ្យុ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ អំពីសារៈសំខាន់របស់វិទ្យុ ដែលតែងតែនៅក្បែរប្រជាជន និង​មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងការរស់នៅ ប្រចាំថ្ងៃរបស់មនុស្សគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ។ ក្នុងការផ្ដល់ដំណឹង ចំណេះដឹង ទស្សនៈ បំណិនជីវិត ការកម្សាន្ត ការអប់រំ និងព័ត៌មានដ៏សម្បូរបែប គ្រប់ទម្រង់ និងគ្រប់ទិសទី ដោយគ្មានដែនកំណត់។
 


ក្រសួងព័ត៌មាន និងប្រតិបត្តិករ ក្នុងវិស័យព័ត៌មាន តាមរយៈការប្រារព្ធទិវាវិទ្យុពិភពលោកឆ្នាំនេះ បានបង្ហាញការប្ដេជ្ញាចិត្តជាថ្មី​ម្ដងទៀត ក្នុងការលើកកម្ពស់តួនាទីរបស់វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយបុរាណទាំងអស់ ជាភ្នាក់ងារផ្ដល់ព័ត៌មាន ភ្ជាប់ការប្រាស្រ័យទាក់ទងនឹងការអប់រំ ចំណេះដឹងនិងការកំសាន្ត ដើម្បីរួមចំណែកក្នុងការ បណ្ដុះស្មារតី មនសិកា និងមោទនភាពជាតិ បណ្ដុះការស្រឡាញ់វប្បធម៌ និងប្រពៃណី ព្រមទាំងថែរក្សាការពារសន្តិភាព និងអត្ដសញ្ញាណជាតិ។
 
«យើងបាននឹងកំពុងបន្ត លើ​កកម្ពស់តួនាទី និងគុណតម្លៃវិទ្យុ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីទាំងអស់ ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយនេះ រក្សាបាននូវទំនាក់ទំនង ប្រកបដោយបរិយាបន្ន។ ព្រមទាំងភាពប្រកួតប្រជែង និងគុណភាពស្របទៅនឹងការវិវិត្តរបស់សង្គម បច្ចេកវិទ្យាថ្មីៗ និងបរិវត្តកម្មឌីជីថល សម្រាប់ប្រជាជនគ្រប់ស្រទាប់ទាំងអស់ ក្នុងសង្គម។ 
 
ដោយផ្ដោតលើការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការរៀបចំសណ្ដាប់ធ្នាប់សារព័ត៌មាន និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា។
 


ក្នុងគោលដៅបង្កើនបរិមាណប្រតិបត្តិករ វិស័យព័ត៌មាន លើគ្រប់តួនាទីបច្ចេកទេស ប្រកបដោយគុណភាព និងសមត្ថភាពជំនាញ ក្រសួងព័ត៌មានលើកទឹកចិត្ត និងផ្ដល់ឱកាសឱ្យនិស្សិន គ្រប់ជំនាញ ជាពិសេសនិស្សិតដែលកំពុងសិក្សាជំនាញ ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានផ្ទាល់ ដែលមានបំណង ចង់ហាត់ការនៅគ្រប់អគ្គនាយកដ្ឋាន បច្ចេកទេសនៃក្រសួងព័ត៌មាន ដើម្បីទទួលបានចំណេះដឹងថ្មីៗ ពីអ្នកជំនាញក្នុងវិស័យព័ត៌មាន។
 
ក្នុងក្របខណ្ឌនៃការអភិវឌ្ឍធនធានមនុស្ស និងការបង្កើតគុណភាព ប្រតិបត្តិករក្នុងវិស័យសារព័ត៌មាន ក្រសួងព័ត៌មាន បានដាក់ឱ្យដំណើរការឡើងវិញ នូវមណ្ឌលបណ្ដុះបណ្ដាល និងវិក្រឹតការវិជ្ជាជីវសារព័ត៌មាន ដែលជាជំហានដំបូង បានផ្ដល់ការបណ្ដុះបណ្ដាលជំនាញ សរសេរព័ត៌មានជូនមន្ត្រីវ័យក្មេង តាមអគ្គនាយកដ្ឋាន និងអង្គភាពបំណុះក្រសួង សរុបចំនួន១៦០រូប៕

Tag:
 ទិវា
  វិទ្យុ
  សង្គម
 
© រក្សាសិទ្ធិដោយ thmeythmey.com